បន្ទាប់ពីស្ថាប័នព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបោះឆ្នោតជ្រើសតាំងរួចមក លោកចៅក្រម លាង សួគ៌ ប្រធានសាលាដំបូងខេត្តកំពង់ធំ ត្រូវបានព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាទ្រង់ត្រាស់បង្គាប់តែងតាំងជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម សម្រាប់ថិរវេលាដែលនៅសល់ក្នុងអាណត្តិជំនួសឯកឧត្តម អ៊ុំ សារិទ្ធ សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមដែលបានទទួលមរណភាព ដោយព្រះរាជក្រឹត្យលេខនស/រកត/០៥២២/៤៦៦ ចុះថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ ។
អនុលោមតាមច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម គឺក្រោយពេលចូលកាន់មុខតំណែងជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមហើយ ឯកឧត្តម លាង សួគ៌ នឹងត្រូវដាក់ឲ្យផ្តាច់ចេញពីមុខងារចៅក្រមនៅក្នុងស្ថាប័នតុលាការ ។
លោកចៅក្រម លាង សួគ៌ អាយុ៥៣ឆ្នាំ អតីតប្រធានសាលាដំបូងខេត្តប៉ៃលិន ត្រូវបានផ្ទេរមុខតំណែងឲ្យមកបម្រើការងារជាប្រធានសាលាដំបូងខេត្តកំពង់ធំ ដោយព្រះរាជក្រឹត្យលេខនស/រកត/១០១៨/១១៤០ ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ ។
ក្រោយមក ឯកឧត្តម លាង សួគ៌ ក៏ទទួលបានការដំឡើងឋានន្តរស័ក្តិពីវរៈចៅក្រមថ្នាក់លេខ១ មកជាឧត្តមចៅក្រមថ្នាក់លេខ៦ ដោយព្រះរាជក្រឹត្យលេខនស/រកត/០២២០/២១៣ ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ៕