បន្ទាប់ពីទទួលបានដំបូន្មាន និងសន្យាគោរពប្រតិបត្តិនូវដំបូន្មានដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីជាង២ឆ្នាំមុននោះ លោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាទ្រង់ត្រាស់បង្គាប់ផ្តល់គោរមងារជា «ឧកញ៉ា» ដោយព្រះរាជក្រឹត្យលេខនស/រកត/០៤២២/៤៤៤ ចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
លោក ហេង ឡុង អាយុ៤៤ឆ្នាំ ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមដែលទទួលបានមូលនិធិពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងត្រូវបានគេស្គាល់ថាជាស្វាមីរបស់លោកស្រី ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរដែលនោះ ធ្លាប់បានធ្វើលិខិតចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ សុំការអភ័យទោសពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងកំហុសឆ្គងចែករំលែកព័ត៌មានមិនពិតទាក់ទងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ (COVID-19) ក្រោយទទួលរងការស្តីបន្ទោសដោយផ្ទាល់តាមទូរសព្ទពីនាយករដ្ឋមន្ត្រី ។
អនុលោមតាមស្មារតីអនុក្រឹត្យលេខ៤៣អនក្រ.បក ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ ស្តីពីការកែសម្រួលចំណុចទី១ មាត្រា២ នៃអនុក្រឹត្យលេខ១៥អនក្រ ចុះថ្ងៃទី០៥ ខែមេសា ឆ្នាំ១៩៩៤ គឺសប្បុរសជនដែលបានធ្វើអំណោយជូនរដ្ឋជាថវិកា ឬសម្ភារៈដែលមានតម្លៃលើសពី ៥០០ ០០០ (ហាសិបម៉ឺន) ដុល្លារអាមេរិកឡើងទៅ ត្រូវបានរាជរដ្ឋាភិបាលស្នើសុំព្រះរាជយោបល់ដ៏ខ្ពង់ខ្ពស់នៃព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ដើម្បីទ្រង់ព្រះរាជទានគោរមងារជា «ឧកញ៉ា» ។ ដូច្នេះ មិនបានដឹងប្រាកដថា តើលោក ហេង ឡុង បានទទួលគោរមងារជា «ឧកញ៉ា» តាមរយៈការធ្វើអំណោយជូនរដ្ឋជាថវិកា ឬសម្ភារៈដែលមានតម្លៃលើសពី ៥០០ ០០០ (ហាសិបម៉ឺន) ដុល្លារអាមេរិកឡើងទៅ ឬយ៉ាងណានោះទេ ៕