យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានោះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាទ្រង់បានត្រាស់បង្គាប់ផ្តល់គោរមងារលោក ព្រាប សុវត្ថិ ជាឧកញ៉ា ដោយព្រះរាជក្រឹត្យលេខនស/រកត/០៤២២/៤៤៣ ចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ ។
លោក ព្រាប សុវត្ថិ អាយុ៤៧ឆ្នាំ ត្រូវបានគេស្គាល់ថា ជាអ្នកចម្រៀងដ៏ល្បីឈ្មោះនៅប្រទេសកម្ពុជា និងក៏មានក្របខ័ណ្ឌជានាយទាហានជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទក្រសួងការពារជាតិ អត្តលេខ០៤៨៦៩៤ ឋានន្តរស័ក្តិថ្នាក់វរសេនីយ៍ឯក (ស័ក្តិ៥) ម្នាក់ផងដែរ ។
ក្រៅពីជាអ្នកចម្រៀង និងជានាយទាហាននៃកងយោធពលខេមរភូមិន្ទ គឺលោក ព្រាប សុវត្ថិ ក៏ជាសមាជិកគណបក្សប្រជាជនកម្ពុជា (CPP) ដែលតែងតែជួយឃោសនារកសំឡេងឆ្នោតជូនគណបក្សប្រជាជនកម្ពុជាយ៉ាសកម្មនៅរៀងរាល់ពេលយុទ្ធនាការឃោសនាបោះឆ្នោតម្តងៗ ។
កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០កន្លងទៅ លោកវរសេនីយ៍ឯក ព្រាប សុវត្ថិ ជានាយរងការិយាល័យទី៥ នៃបញ្ជាការដ្ឋានកងទ័ពជើងគោក ធ្លាប់បានស្ម័គ្រចិត្តបរិច្ចាគប្រាក់បៀវត្សរ៍ផ្ទាល់ខ្លួនចំនួន ៤០០ ០០០ (សែសិបម៉ឺន)រៀល ចំនួន០៦ (ប្រាំមួយ) ខែ គិតចាប់ពីខែឧសភា ដល់ខែតុលា ឆ្នាំ២០២០ ជូនទៅគណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ (COVID-19)។
អនុលោមតាមស្មារតីអនុក្រឹត្យលេខ៤៣អនក្រ.បក ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ ស្តីពីការកែសម្រួលចំណុចទី១ មាត្រា២ នៃអនុក្រឹត្យលេខ១៥អនក្រ ចុះថ្ងៃទី០៥ ខែមេសា ឆ្នាំ១៩៩៤ គឺសប្បុរសជនដែលបានធ្វើអំណោយជូនរដ្ឋជាថវិកា ឬសម្ភារៈដែលមានតម្លៃលើសពី ៥០០ ០០០ (ហាសិបម៉ឺន) ដុល្លារអាមេរិកឡើងទៅ ត្រូវបានរាជរដ្ឋាភិបាលស្នើសុំព្រះរាជយោបល់ដ៏ខ្ពង់ខ្ពស់នៃព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ដើម្បីទ្រង់ព្រះរាជទានគោរមងារជា «ឧកញ៉ា» ។ ដូច្នេះ មិនបានដឹងប្រាកដថា តើលោក ព្រាប សុវត្ថិ បានទទួលគោរមងារជា «ឧកញ៉ា» តាមរយៈការធ្វើអំណោយជូនរដ្ឋជាថវិកា ឬសម្ភារៈដែលមានតម្លៃលើសពី ៥០០ ០០០ (ហាសិបម៉ឺន) ដុល្លារអាមេរិកឡើងទៅ ឬយ៉ាងណានោះទេ ។
លើសពីនេះ នាពេលកន្លងមកមាននាយទាហាននៃកងយោធពលខេមរភូមិន្ទក្រសួងការពារជាតិ និងនាយនគរបាលជាតិកម្ពុជានៃក្រសួងមហាផ្ទៃយ៉ាងហោចណាស់ចំនួន១២៣នាក់ហើយ ត្រូវបានបញ្ចប់គោរមងារ «ឧកញ៉ា» ដោយរក្សាក្របខ័ណ្ឌជានាយទាហាន ឬនាយនគរបាលជាតិ និងក៏មាននាយទាហានថ្នាក់ឧត្តមសេនីយ៍នៃកងយោធពលខេមរភូមិន្ទក្រសួងការពារជាតិចំនួន០៧នាក់ ធ្លាប់បានលាលែងចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទវិញផងដែរ ដោយរក្សាទុកគោរមងារជា «ឧកញ៉ា» ។ ដូច្នេះ តើលោក ព្រាប សុវត្ថិ ត្រូវសម្រេចចិត្តរើសយកមួយណាដែរ ដោយម្ខាងងារជា «ឧកញ៉ា» និងម្ខាងជាក្របខ័ណ្ឌនាយទាហាននៃកងយោធពលខេមរភូមិន្ទ ឬក៏មាន «ករណីពិសេស» អាចរើសយកបានទាំងពីរ ? ៕