ថ្ងៃ ចន្ទ ទី ០៤ ខែ កក្កដា ឆ្នាំ ២០២២

​រើសយក​មួយណា ម្ខាង​ងារ​ឧកញ៉ា និង​ម្ខាង​ជា​នាយទាហាន ? អ្នកចម្រៀង​ល្បីឈ្មោះ និង​ជា​នាយទាហាន​ស័ក្តិ​៥ ព្រាប សុវត្ថិ ទទួលបាន​ការផ្តល់​គោរមងារ​ជា «​ឧកញ៉ា​»

យោងតាម​សេចក្តីក្រាបបង្គំទូលថ្វាយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នោះ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជា​ទ្រង់​បាន​ត្រាស់បង្គាប់​ផ្តល់​គោរមងារ​លោក ព្រាប សុវត្ថិ ជា​ឧកញ៉ា ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៤២២/៤៤៣ ចុះ​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២២​កន្លងទៅ​ថ្មីៗ​នេះ ។

​លោក ព្រាប សុវត្ថិ អាយុ​៤៧​ឆ្នាំ ត្រូវបាន​គេ​ស្គាល់​ថា ជា​អ្នកចម្រៀង​ដ៏​ល្បីឈ្មោះ​នៅ​ប្រទេស​កម្ពុជា និង​ក៏មាន​ក្របខ័ណ្ឌ​ជា​នាយទាហានជាន់ខ្ពស់​នៃ​កងយោធពល​ខេមរភូមិន្ទ​ក្រសួងការពារជាតិ អត្តលេខ​០៤៨៦៩៤ ឋានន្តរស័ក្តិ​ថ្នាក់​វរសេនីយ៍ឯក (​ស័ក្តិ​៥) ម្នាក់​ផងដែរ ។​

​ក្រៅពី​ជា​អ្នកចម្រៀង និង​ជា​នាយទាហាន​នៃ​កងយោធពល​ខេមរភូមិន្ទ គឺ​លោក ព្រាប សុវត្ថិ ក៏​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា (CPP) ដែល​តែងតែ​ជួយ​ឃោសនា​រក​សំឡេងឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​យ៉ា​សកម្ម​នៅ​រៀងរាល់​ពេល​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ម្តងៗ ។

​កាលពី​ថ្ងៃទី​០៦ ខែមេសា ឆ្នាំ​២០២០​កន្លងទៅ លោក​វរសេនីយ៍ឯក ព្រាប សុវត្ថិ ជា​នាយរង​ការិយាល័យ​ទី​៥ នៃ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក ធ្លាប់បាន​ស្ម័គ្រចិត្ត​បរិច្ចាគ​ប្រាក់បៀវត្សរ៍​ផ្ទាល់ខ្លួន​ចំនួន ៤០០ ០០០ (​សែសិប​ម៉ឺន​)​រៀល ចំនួន​០៦ (​ប្រាំមួយ​) ខែ គិត​ចាប់ពី​ខែឧសភា ដល់​ខែតុលា ឆ្នាំ​២០២០ ជូនទៅ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ (COVID-19)​។

​អនុលោម​តាម​ស្មារតី​អនុក្រឹត្យ​លេខ​៤៣​អនក្រ​.​បក ចុះ​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៧ ស្តីពី​ការកែសម្រួល​ចំណុច​ទី​១ មាត្រា​២ នៃ​អនុក្រឹត្យ​លេខ​១៥​អនក្រ ចុះ​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​១៩៩៤ គឺ​សប្បុរសជន​ដែល​បានធ្វើ​អំណោយ​ជូន​រដ្ឋ​ជា​ថវិកា ឬ​សម្ភារៈ​ដែលមាន​តម្លៃលើស​ពី ៥០០ ០០០ (​ហាសិប​ម៉ឺន​) ដុល្លារ​អាមេរិក​ឡើងទៅ ត្រូវបាន​រាជរដ្ឋាភិបាល​ស្នើសុំ​ព្រះរាជ​យោបល់​ដ៏​ខ្ពង់ខ្ពស់​នៃ​ព្រះករុណា​ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង ដើម្បី​ទ្រង់​ព្រះរាជទាន​គោរមងារ​ជា «​ឧកញ៉ា​» ។ ដូច្នេះ មិន​បានដឹង​ប្រាកដថា តើ​លោក ព្រាប សុវត្ថិ បានទទួល​គោរមងារ​ជា «​ឧកញ៉ា​» តាមរយៈ​ការធ្វើ​អំណោយ​ជូន​រដ្ឋ​ជា​ថវិកា ឬ​សម្ភារៈ​ដែលមាន​តម្លៃលើស​ពី ៥០០ ០០០ (​ហាសិប​ម៉ឺន​) ដុល្លារ​អាមេរិក​ឡើងទៅ ឬ​យ៉ាងណា​នោះទេ ។

​លើសពីនេះ នាពេល​កន្លងមក​មាន​នាយទាហាន​នៃ​កងយោធពល​ខេមរភូមិន្ទ​ក្រសួងការពារជាតិ និង​នាយ​នគរបាលជាតិ​កម្ពុជា​នៃ​ក្រសួងមហាផ្ទៃ​យ៉ាងហោចណាស់​ចំនួន​១២៣​នាក់​ហើយ ត្រូវបាន​បញ្ចប់​គោរមងារ «​ឧកញ៉ា​» ដោយ​រក្សា​ក្របខ័ណ្ឌ​ជា​នាយទាហាន ឬ​នាយ​នគរបាលជាតិ និង​ក៏មាន​នាយទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​នៃ​កងយោធពល​ខេមរភូមិន្ទ​ក្រសួងការពារជាតិ​ចំនួន​០៧​នាក់ ធ្លាប់បាន​លាលែង​ចេញពី​ក្របខ័ណ្ឌ​កងយោធពល​ខេមរភូមិន្ទ​វិញ​ផងដែរ ដោយ​រក្សាទុក​គោរមងារ​ជា «​ឧកញ៉ា​» ។ ដូច្នេះ តើ​លោក ព្រាប សុវត្ថិ ត្រូវ​សម្រេចចិត្ត​រើសយក​មួយណា​ដែរ ដោយ​ម្ខាង​ងារ​ជា «​ឧកញ៉ា​» និង​ម្ខាង​ជា​ក្របខ័ណ្ឌ​នាយទាហាន​នៃ​កងយោធពល​ខេមរភូមិន្ទ ឬក៏​មាន «​ករណី​ពិសេស​» អាច​រើស​យកបាន​ទាំងពីរ ? ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.