នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីប្រកាសព័ត៌មានលទ្ធផលផ្លូវការនៃការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ (២០២២-២០២៧) ដោយបានបង្ហាញឲ្យដឹងថា មានគណបក្សនយោបាយចំនួន១៧ បានចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ដែលក្នុងនោះមានគណបក្សនយោបាយនាំមុខគេចំនួន២ គឺគណបក្សប្រជាជនកម្ពុជា មានបេក្ខជនសរុបចំនួន ២៨ ០០៨នាក់ (ស្រី ៧ ២៥៩នាក់) សម្រាប់ឃុំ សង្កាត់ចំនួន ១ ៦៥២ ទូទាំង២៥រាជធានី-ខេត្ត និងគណបក្សភ្លើងទៀន មានបេក្ខជនសរុបចំនួន ២៣ ៩៣៩នាក់ (ស្រី ៥ ៥៦៤នាក់) សម្រាប់ឃុំ សង្កាត់ចំនួន ១ ៦២៣ ទូទាំង២៥រាជធានី-ខេត្ត ។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ (២០២២-២០២៧) នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២ ខណៈដំណើរការឃោសនា បោះឆ្នោតនឹងចាប់ផ្តើមនៅថ្ងៃទី២១ ខែឧសភា រហូតដល់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ ។
គួរបញ្ជាក់ជូនដែរថា គិតត្រឹមដំណាច់ខែមករា ឆ្នាំ២០២២ មានគណបក្សនយោបាយចំនួន៤៥បានចុះបញ្ជីឈ្មោះមានសុពលភាពនៅក្រសួងមហាផ្ទៃ ប៉ុន្តែមានតែគណបក្សនយោបាយចំនួន១៧ប៉ុណ្ណោះដែលបានចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ខាងមុខនេះ ៕