ប្រិយមិត្តពិតជាធ្លាប់បានស្តាប់ចម្រៀងមួយបទមានចំណងជើងថា «ស្តាយឈ្មោះនិស្សិត» ប៉ុន្តែនៅទីនេះ គេហទំព័រសារព័ត៌មានដើមត្នោត សូមលើកយកអត្ថបទរឿង «ស្តាយងារឧកញ៉ា» មកអត្ថាធិប្បាយដូចតទៅ ៖
យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់ បានឡាយព្រះហស្តលេខា និងចុះហត្ថលេខានៅលើព្រះរាជក្រឹត្យបញ្ចប់គោរមងារ «ឧកញ៉ា» ពីនាយទាហាននៃកងយោធពលខេមរភូមិន្ទក្រសួងការពារជាតិ និងនាយនគរបាលជាតិកម្ពុជានៃក្រសួងមហាផ្ទៃយ៉ាងហោចណាស់ចំនួន១២៣នាក់ហើយ គិតត្រឹមថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅ ។
ក្នុងចំណោមនាយទាហាន និងនាយនគរបាលជាតិដែលមានងារជា «ឧកញ៉ា» ហើយត្រូវបានបញ្ចប់គោរមងារវិញចំនួន១២៣នាក់ ដោយរក្សាក្របខ័ណ្ឌជានាយនគរបាលជាតិ ឬនាយទាហាននោះ គឺមានអ្នកខ្លះមិនទាន់ទាំងដាក់តាំងព្រះរាជក្រឹត្យតែងតាំងងារ «ឧកញ៉ា» ស្រួលបួល ពោលទទួលបានងារជាឧកញ៉ា មិនទាន់ដល់រយៈពេលមួយឆ្នាំផង តួយ៉ាង ៖
១-លោកវរសេនីយ៍ឯក ឯល សិទ្ធិគ្រីយ៉ា នាយនគរបាលជាតិជាតិជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ អត្តលេខ៥៨៧២៣ និងដែលគេស្គាល់ថា ជាអគ្គនាយកក្រុមហ៊ុន N&Y Real Estate (ទទួលបានការតែងតាំងគោរមងារជាឧកញ៉ា ដោយព្រះរាជក្រឹត្យលេខនស/រកត/០៦១៩/៧៨១ ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ ប៉ុន្តែត្រូវបញ្ចប់គោរមងារវិញ ដោយព្រះរាជក្រឹត្យលេខនស/រកត/០២២០/២២១ ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមសន្ធឹកអ្នកអបអរសាទរជូនពរពេលទទួលបានងារជាឧកញ៉ា មិនទាន់បាត់រលត់សូរសំឡេងផង) ។
២-ឯកឧត្តមឧត្តមសេនីយ៍ត្រី យក់ សុផល នាយទាហានថ្នាក់ឧត្តមសេនីយ៍នៃកងយោធពលខេមរភូមិន្ទក្រសួងការពារជាតិ អត្តលេខ០៧៩៨១៣ ជានាយទាហានការពារផ្ទាល់នៃបញ្ជាការដ្ឋានអង្គរក្ស (ទទួលបានការតែងតាំងគោរមងារជាឧកញ៉ា ដោយព្រះរាជក្រឹត្យលេខនស/រកត/០២១៩/២៣៩ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ ប៉ុន្តែត្រូវបញ្ចប់គោរមងារវិញ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៩១៩/១៤៨០ ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩) ។
៣-លោកវរសេនីយ៍ឯក លី កញ្ញារិទ្ធ នាយទាហានជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទក្រសួងការពារជាតិ អត្តលេខ១៩២៣០១ ជានាយករងនាយកដ្ឋានការពារគីមីសាស្ត្រនៃអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសក្រសួងការពារជាតិ (ទទួលបានការតែងតាំងគោរមងារជាឧកញ៉ា ដោយព្រះរាជក្រឹត្យលេខនស/រកត/០១១៩/០៦៤ ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ ប៉ុន្តែត្រូវបញ្ចប់គោរមងារវិញ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៩១៩/១៤៨០ ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩) …។ល។
ជាមួយគ្នានេះ ក៏មាននាយទាហានថ្នាក់ឧត្តមសេនីយ៍នៃកងយោធពលខេមរភូមិន្ទក្រសួងការពារជាតិចំនួន០៧នាក់ ត្រូវបានលាលែងចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទវិញដោយសូមរក្សាទុកគោរមងារជា «ឧកញ៉ា» ផងដែរ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៩១៩/១៤៥៣ ចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ និងព្រះរាជក្រឹត្យលេខនស/រកត/០៩១៩/១៧៥២ ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ។
អនុលោមតាមស្មារតីអនុក្រឹត្យលេខ៤៣អនក្រ.បក ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ ស្តីពីការកែសម្រួលចំណុចទី១ មាត្រា២ នៃអនុក្រឹត្យលេខ១៥អនក្រ ចុះថ្ងៃទី០៥ ខែមេសា ឆ្នាំ១៩៩៤ គឺសប្បុរសជនដែលបានធ្វើអំណោយជូនរដ្ឋជាថវិកា ឬសម្ភារៈដែលមានតម្លៃលើសពី ៥០០ ០០០ (ហាសិបម៉ឺន) ដុល្លារអាមេរិកឡើងទៅ ត្រូវបានរាជរដ្ឋាភិបាលស្នើសុំព្រះរាជយោបល់ដ៏ខ្ពង់ខ្ពស់នៃព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ដើម្បីទ្រង់ព្រះរាជទានគោរមងារជា «ឧកញ៉ា» ។
មជ្ឈដ្ឋានអ្នកវិភាគកិច្ចការសង្គមនៅកម្ពុជាបានបញ្ចេញទស្សនៈថា ចំពោះមន្ត្រីរាជការ (ស៊ីវិល ឬប្រដាប់អាវុធ) ទោះបីទទួលបានគោរមងារជាឧកញ៉ាក្តី គឺមិនប៉ះពាល់ដល់កិច្ចដំណើរការបំពេញការងាររបស់ខ្លួនក្នុងរាជការទេ លើកលែងតែមន្ត្រីរាជការដែលមានងារជា «ឧកញ៉ា» ទាំងនោះប្រព្រឹត្តខុសឆ្គង ដូចជាមានវិសមិតភាពការងារ ឬរំលោភបំពានលើមុខងារ តួនាទីរបស់ខ្លួនក្នុងការងាររាជការ ដែលខ្លួនបាន និងកំពុងបំពេញ ។ ដូច្នេះ ប្រសិនបើមិនមានការប្រព្រឹត្តនូវកំហុសឆ្គងក្នុងតួនាទី មុខងារទេ គោរមងារជា «ឧកញ៉ា» មិនចាំបាច់ជំរុញឲ្យមានការ «បញ្ចប់គោរមងារ» នោះឡើយ ៕