ប្រិយមិត្តពិតជាធ្លាប់បានស្តាប់ចម្រៀងមួយបទមានចំណងជើងថា « ស្តាយឈ្មោះនិស្សិត » ប៉ុន្តែនៅទីនេះ គេហទំព័រសារព័ត៌មាន ដើមត្នោត សូមលើកយកអត្ថបទរឿង « ស្តាយងារឧកញ៉ា » មកអត្ថាធិប្បាយដូចតទៅ ៖
យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់ បានឡាយព្រះហស្តលេខា និងចុះហត្ថលេខានៅលើព្រះរាជក្រឹត្យបញ្ចប់គោរមងារ « ឧកញ៉ា » ពីនាយទាហាន នៃកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ និងនាយនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃយ៉ាងហោចណាស់ចំនួន ១២៣នាក់ហើយ គិតត្រឹមថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅ ។
ក្នុងចំណោមនាយទាហាន និងនាយនគរបាលជាតិ ដែលមានងារជា « ឧកញ៉ា » ហើយត្រូវបានបញ្ចប់គោរមងារវិញចំនួន ១២៣នាក់ ដោយរក្សាក្របខ័ណ្ឌ ជានាយនគរបាលជាតិ ឬនាយទាហាននោះ គឺមានអ្នកខ្លះមិនទាន់ទាំងដាក់តាំងព្រះរាជក្រឹត្យតែងតាំងងារ « ឧកញ៉ា » ស្រួលបួល ពោលទទួលបានងារជា ឧកញ៉ា មិនទាន់ដល់រយៈពេលមួយឆ្នាំផង តួយ៉ាង ៖
១-លោកវរសេនីយ៍ឯក ឯល សិទ្ធិគ្រីយ៉ា នាយនគរបាលជាតិជាតិជាន់ខ្ពស់ នៃក្រសួងមហាផ្ទៃ អត្តលេខ ៥៨៧២៣ និងដែលគេស្គាល់ថា ជាអគ្គនាយកក្រុមហ៊ុន N&Y Real Estate ( ទទួលបានការតែងតាំងគោរមងារជា ឧកញ៉ា ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៦១៩/៧៨១ ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ ប៉ុន្តែត្រូវបញ្ចប់គោរមងារវិញ ដោយព្រះរាជក្រឹត្យលេខ នស/រកត/០២២០/២២១ ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមសន្ធឹកអ្នកអបអរសាទរជូនពរពេលទទួលបានងារជា ឧកញ៉ា មិនទាន់បាត់រលត់សូរសំឡេងផង) ។
២-ឯកឧត្តមឧត្តមសេនីយ៍ត្រី យក់ សុផល នាយទាហានថ្នាក់ឧត្តមសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ អត្តលេខ ០៧៩៨១៣ ជានាយទាហានការពារផ្ទាល់ នៃបញ្ជាការដ្ឋានអង្គរក្ស ( ទទួលបានការតែងតាំងគោរមងារជា ឧកញ៉ា ដោយព្រះរាជក្រឹត្យលេខ នស/រកត/០២១៩/២៣៩ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ ប៉ុន្តែត្រូវបញ្ចប់គោរមងារវិញ ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៩១៩/១៤៨០ ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩) ។
៣-លោកវរសេនីយ៍ឯក លី កញ្ញារិទ្ធ នាយទាហានជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ អត្តលេខ ១៩២៣០១ ជានាយករងនាយកដ្ឋានការពារគីមីសាស្ត្រ នៃអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសក្រសួងការពារជាតិ ( ទទួលបានការតែងតាំងគោរមងារជា ឧកញ៉ា ដោយព្រះរាជក្រឹត្យលេខ នស/រកត/០១១៩/០៦៤ ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ ប៉ុន្តែត្រូវបញ្ចប់គោរមងារវិញ ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៩១៩/១៤៨០ ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩) …។ល។
ជាមួយគ្នានេះ ក៏មាននាយទាហានថ្នាក់ឧត្តមសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិចំនួន ០៧នាក់ ត្រូវបានលាលែងចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ វិញ ដោយសូមរក្សាទុកគោរមងារជា « ឧកញ៉ា » ផងដែរ ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៩១៩/១៤៥៣ ចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ និងព្រះរាជក្រឹត្យលេខ នស/រកត/០៩១៩/១៧៥២ ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ។
អនុលោមតាមស្មារតីអនុក្រឹត្យលេខ ៤៣អនក្រ.បក ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ ស្តីពីការកែសម្រួលចំណុចទី១ មាត្រា២ នៃអនុក្រឹត្យលេខ ១៥អនក្រ ចុះថ្ងៃទី០៥ ខែមេសា ឆ្នាំ១៩៩៤ គឺសប្បុរសជន ដែលបានធ្វើអំណោយជូនរដ្ឋជាថវិកា ឬសម្ភារៈ ដែលមានតម្លៃលើសពី ៥០០ ០០០ ( ហាសិបម៉ឺន ) ដុល្លារអាមេរិកឡើងទៅ ត្រូវបានរាជរដ្ឋាភិបាលស្នើសុំព្រះរាជយោបល់ដ៏ខ្ពង់ខ្ពស់ នៃព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ដើម្បីទ្រង់ព្រះរាជទានគោរមងារជា « ឧកញ៉ា » ។
មជ្ឈដ្ឋានអ្នកវិភាគកិច្ចការសង្គមនៅកម្ពុជា បានបញ្ចេញទស្សនៈថា ចំពោះមន្ត្រីរាជការ ( ស៊ីវិល ឬប្រដាប់អាវុធ ) ទោះបីទទួលបានគោរមងារជា ឧកញ៉ា ក្តី គឺមិនប៉ះពាល់ដល់កិច្ចដំណើរការបំពេញការងាររបស់ខ្លួន ក្នុងរាជការទេ លើកលែងតែមន្ត្រីរាជការ ដែលមានងារជា « ឧកញ៉ា » ទាំងនោះប្រព្រឹត្តខុសឆ្គង ដូចជាមានវិសមិតភាពការងារ ឬរំលោភបំពានលើមុខងារ តួនាទីរបស់ខ្លួនក្នុងការងាររាជការ ដែលខ្លួនបាន និងកំពុងបំពេញ ។ ដូច្នេះ ប្រសិនបើមិនមានការប្រព្រឹត្តនូវកំហុសឆ្គងក្នុងតួនាទី មុខងារទេ គោរមងារជា « ឧកញ៉ា » មិនចាំបាច់ជំរុញឲ្យមានការ « បញ្ចប់គោរមងារ » នោះឡើយ ៕