ក្រុមហ៊ុន King Technologies Co.,Ltd. ហៅថា Opennet ដែលមានលោក Dinh Quang Tuan ជនជាតិវៀតណាម ជាថៅកែធំ (ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិក្រុមហ៊ុន) ទទួលបានអាជ្ញាបណ្ណប្រតិបត្តិការផ្តល់សេវា Internet ប្រភេទ VoIP និង ISP នៅប្រទេសកម្ពុជា ពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០០៦ ។
សម្រាប់ការិយបរិច្ឆេទឆ្នាំ២០១៧ ដល់ឆ្នាំ២០១៩ ក្រសួង MPTC បានធ្វើអធិការកិច្ចរកឃើញថា ក្រុមហ៊ុន Opennet បានជំពាក់បំណុលរដ្ឋចំនួន ១១ ៥០៤ ៧៧២ ដុល្លារអាមេរិក ។ លុះដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ក្រុមហ៊ុន Opennet បានសងបំណុលរដ្ឋចំនួន ១ ៣០០ ០០០ ដុល្លារអាមេរិក ដែលការសងបំណុលរដ្ឋរបស់ក្រុមហ៊ុន Opennet នេះបានកើតមានឡើងបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាចេញលិខិតទារលុយបំណុលចំនួន ៧ ៩១០ ៩៣១ដុល្លារអាមេរិក តាមរស្មារតីលិខិតលេខ៣១០សជណ.ហធ ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១របស់ទីស្តីការគណៈរដ្ឋមន្ត្រីរួចមក ។ ដូច្នេះ គិតត្រឹមពាក់កណ្តាលឆ្នាំ២០២១ ក្រុមហ៊ុន Opennet នៅជំពាក់បំណុលរដ្ឋចំនួន ៦ ៦១០ ៩៣១ ដុល្លារអាមេរិកទៀត (មិនទាន់គិតបញ្ចូលនូវទឹកប្រាក់ពិន័យចំនួន ៣ ៥៩៣ ៨៤១ ដុល្លារអាមេរិក) ។
ក្រសួង MPTC បានអះអាងឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០២១នោះមក ក្រុមហ៊ុន Opennet មិនបានបំពេញកាតព្វកិច្ចសងបំណុលរដ្ឋបន្តទៀតទេ ទើបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) និងក្រសួង MPTC បានចេញសេចក្តីជូនដំណឹងមួយលេខ០០២សហវ ចុះថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ ជម្រាបជូនសាធារណជនឲ្យបានជ្រាបថា ក្រុមហ៊ុន Opennet មិនទាន់បានអនុវត្តកាតព្វកិច្ចទូទាត់បំណុលជូនរដ្ឋនៅឡើយ ជាពិសេសបំណុលនៃចំណូលបែងចែក (Revenue Share) ។
ដោយសារក្រុមហ៊ុន Opennet នៅតែបន្តមិនទូទាត់បំណុលជូនរដ្ឋនោះហើយ ទើបនិយ័តករទូរគមនាគមន៍កម្ពុជា បានចេញសេចក្តីសម្រេចលេខ១០៥២ន.ទ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ ព្យួរអាជ្ញាបណ្ណរបស់ក្រុមហ៊ុនតែម្តង ។
លើសពីនេះ ទីបំផុតនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ក្រសួង MPTC ក៏បានសម្រេចដាក់ពាក្យបណ្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ ដោយប្តឹងសុំបើកសំណុំរឿងក្ស័យធនទល់នឹងក្រុមហ៊ុន Opennet ហើយក៏ត្រូវបានសាលាដំបូងរាជធានីភ្នំពេញវិនិច្ឆ័យសេចក្តីសម្រេចបើកសំណុំរឿងក្ស័យធនទល់នឹងក្រុមហ៊ុន Opennet និងតែងតាំងលោក អ៊ុក រី ជាអភិបាលបណ្តោះអាសន្ន នៅក្នុងសំណុំរឿងក្ស័យធនទល់នឹងក្រុមហ៊ុន Opennet នេះ ដោយដីកាសម្រេចលេខ៥១«ធ»រ.វ និងលេខ៥២«ធ»រ.វ ចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ។
មជ្ឈដ្ឋានអ្នកវិភាគកិច្ចការសង្គមនៅកម្ពុជាបានបញ្ចេញទស្សនៈថា ការណ៍ដែលរដ្ឋទុកឱកាសឲ្យក្រុមហ៊ុន Opennet ជំពាក់បំណុលរដ្ឋរហូតដល់ចំនួន ១០ ២០៤ ៧៧២ ដុល្លារអាមេរិក (គិតរួមបញ្ចូលទាំងប្រាក់ពិន័យចំនួន ៣ ៥៩៣ ៨៤១ដុល្លារអាមេរិក) ទើបបើកសំណុំរឿងក្ស័យធនទល់នឹងក្រុមហ៊ុនបែបនេះ គឺប្រាកដជាលើសពីកម្រិតទឹកប្រាក់តម្កល់ និងដើមទុនចុះបញ្ជីរបស់ក្រុមហ៊ុន Opennet លើសលប់បាត់ទៅហើយៗប្រសិនបើក្រុមហ៊ុនបម្រើសេវាកម្ម Internet មួយនេះគ្មានទ្រព្យសម្បត្តិជាក់លាក់សម្រាប់រឹបអូសទេនោះ រដ្ឋនឹងពិបាកទារលុយបំណុលពីក្រុមហ៊ុន Opennet ជាក់ជាមិនខានឡើយ ៕