ថ្ងៃ ពុធ ទី ២៥ ខែ ឧសភា ឆ្នាំ ២០២២

មែន ឬ​លេង​ពេល​ជិត​បោះឆ្នោត ? រាជរដ្ឋាភិបាល​បង្កើត​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នេសាទ​នៅ​បឹង​ទន្លេសាប​

យោងតាម​តម្រូវ​ការចាំបាច់ រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​បានសម្រេច​បង្កើត​គណៈកម្មកា​រ​អន្តរក្រសួង​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នេសាទ​នៅ​បឹង​ទន្លេសាប ដោយ​សេចក្តីសម្រេច​លេខ​២៨​សសរ ចុះ​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២២ ដែលមាន​ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ជា​ប្រធាន​, ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ជា​អនុប្រធាន​, ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​អនុប្រធាន​, ឯកឧត្តម ណៅ ធួ​ក រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ជា​អនុប្រធាន​, ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ជា​អនុប្រធាន និង​មាន​សមាជិក​ចំនួន​១២​នាក់​ទៀត (​ក្នុងនោះ​មាន​ឯកឧត្តម​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និង​ខេត្តកំពង់ធំ ដែលជា​បណ្តា​ខេត្ត​ជាប់​បឹង​ទន្លេសាប ជា​សមាជិក​) ។

​គណៈកម្មការ​អន្តរក្រសួង​នេះ​ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា​អះអាងថា មាន​ភារកិច្ច​រៀបចំ​ប្រតិបត្តិ​ការចុះ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នេសាទ​,​អង្កេត និង​ស្រាវជ្រាវ​រក​ជនល្មើស និង​អ្នកពាក់ព័ន្ធ​នឹង​បទល្មើស​នេសាទ​, ស្វែងរក និង​ចាប់ខ្លួន​ជនល្មើស រួម​នឹង​វត្ថុតាង​នៃ​បទល្មើស​នេសាទ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​តាម​នីតិវីធី​ច្បាប់​ជា​ធរមាន​, រៀបចំ​ផែនការ និង​ចាត់វិធានការ​សមស្រប​ក្នុង​ការបង្ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នេសាទ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​, ត្រួតពិនិត្យ​ការអនុវត្ត​លើ​ការទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នេសាទ​របស់​គណៈបញ្ជាការ​ឯកភាព​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប​… ។​ល​។

​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ភូមិសាស្ត្រ​ជាប់​បឹង​ទន្លេសាប​បាន​និយាយ​ពេញៗ​មាត់​ថា បទល្មើស​នេសាទ​បាន​កើតមានឡើង​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ដូចជា​ការ​ឆក់ ការដាក់​សម្រាស់ ការប្រើ​ឧបករណ៍​អួន ស្បៃ ម៉​ង​ក្រឡា​តូច​ល្អិតៗ​លាតសន្ធឹង​សឹង​ពេញ​ផ្ទៃ​ទន្លេ និង​ការកាប់​ទន្ទ្រានព្រៃ​លិច​ទឹក​ប៉ះពាល់​ដល់​ជម្រក​ត្រី​ពង ជាដើម ។​ល​។ ដោយឡែក សកម្មភាព​បង្ក្រាប​បទល្មើស​របស់​អា​ជ្ញា​ធរមាន​ត្រឹម​ចំពោះ​ករណី​ល្មើស​តូចតាច ឬ​ករណី​ល្មើស​ដែល​មិនបាន​បង់ប្រាក់​សមគួរ​ឲ្យ​សមត្ថកិច្ច​ដើម្បី​ថតរូប​បង្អួត​ថ្នាក់លើ​តែប៉ុណ្ណោះ ខណៈ​បទល្មើស​ធំៗ​ក្លាយជា «​ឆ្នាំងបាយ​» របស់​សមត្ថកិច្ច របៀប​ជា​ប្រពៃណី ឬ​វប្បធម៌​ទៅហើយ (Sic!) ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.