យោងតាមតម្រូវការចាំបាច់ រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខបានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួងដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប ដោយសេចក្តីសម្រេចលេខ២៨សសរ ចុះថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ ដែលមានឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាប្រធាន, ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជាអនុប្រធាន, ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាអនុប្រធាន, ឯកឧត្តម ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាអនុប្រធាន, ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាអនុប្រធាន និងមានសមាជិកចំនួន១២នាក់ទៀត (ក្នុងនោះមានឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តកំពង់ធំ ដែលជាបណ្តាខេត្តជាប់បឹងទន្លេសាប ជាសមាជិក) ។
គណៈកម្មការអន្តរក្រសួងនេះត្រូវបានរាជរដ្ឋាភិបាលកម្ពុជាអះអាងថា មានភារកិច្ចរៀបចំប្រតិបត្តិការចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ,អង្កេត និងស្រាវជ្រាវរកជនល្មើស និងអ្នកពាក់ព័ន្ធនឹងបទល្មើសនេសាទ, ស្វែងរក និងចាប់ខ្លួនជនល្មើស រួមនឹងវត្ថុតាងនៃបទល្មើសនេសាទ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវីធីច្បាប់ជាធរមាន, រៀបចំផែនការ និងចាត់វិធានការសមស្របក្នុងការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទឲ្យមានប្រសិទ្ធភាពខ្ពស់, ត្រួតពិនិត្យការអនុវត្តលើការទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទរបស់គណៈបញ្ជាការឯកភាពខេត្តជុំវិញបឹងទន្លេសាប… ។ល។
មជ្ឈដ្ឋានប្រជាពលរដ្ឋដែលរស់នៅភូមិសាស្ត្រជាប់បឹងទន្លេសាបបាននិយាយពេញៗមាត់ថា បទល្មើសនេសាទបានកើតមានឡើងអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដូចជាការឆក់ ការដាក់សម្រាស់ ការប្រើឧបករណ៍អួន ស្បៃ ម៉ងក្រឡាតូចល្អិតៗលាតសន្ធឹងសឹងពេញផ្ទៃទន្លេ និងការកាប់ទន្ទ្រានព្រៃលិចទឹកប៉ះពាល់ដល់ជម្រកត្រីពង ជាដើម ។ល។ ដោយឡែក សកម្មភាពបង្ក្រាបបទល្មើសរបស់អាជ្ញាធរមានត្រឹមចំពោះករណីល្មើសតូចតាច ឬករណីល្មើសដែលមិនបានបង់ប្រាក់សមគួរឲ្យសមត្ថកិច្ចដើម្បីថតរូបបង្អួតថ្នាក់លើតែប៉ុណ្ណោះ ខណៈបទល្មើសធំៗក្លាយជា «ឆ្នាំងបាយ» របស់សមត្ថកិច្ច របៀបជាប្រពៃណី ឬវប្បធម៌ទៅហើយ (Sic!) ៕