រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ បានសម្រេចតែងតាំងសមាសភាពគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ដោយសេចក្តីសម្រេចលេខ២៧សសរ ចុះថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ ដែលមានឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធាន, ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាអនុប្រធានអចិន្ត្រៃយ៍, លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាអនុប្រធាន, ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាអនុប្រធាន និងមានសមាជិកចំនួន៣១នាក់ទៀត ។
គណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ សរសេរកាត់ថា «គ.អ.ទ.ស» នេះត្រូវបានរាជរដ្ឋាភិបាលអះអាងថា បង្កើតឡើងដើម្បីដឹកនាំ សម្របសម្រួល និងត្រួតពិនិត្យការអភិវឌ្ឍគោលដៅទេសចរណ៍ខេត្តសៀមរាប ដោយអនុវត្តតាមផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ឲ្យមានប្រសិទ្ធភាពសំដៅបង្កើនភាពប្រកួតប្រជែង និងធានាបាននូវនិរន្តរភាព ។
គួរបញ្ជាក់ជូនដែរថា សក្តានុពលទាក់ទាញភ្ញៀវដើរកម្សាន្ត និងភ្ញៀវទេសចរអន្តរជាតិនៅខេត្តសៀមរាបក្នុងដំណាក់កាលប្រទេសជាតិមានសុខសន្តិភាពនិងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនោះ គឺប្រាង្គប្រាសាទអង្គរវត្តដ៏ល្បីល្បាញរបស់កម្ពុជា ។ ការគ្រប់គ្រងវិស័យទេសចរណ៍នៅសៀមរាប-អង្គរ នេះបាននាំឲ្យរដ្ឋអាចប្រមូលចំណូលពីការស្នាក់នៅ ការហូបចុក ការធ្វើដំណើរ និងជាពិសេសការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ (ចំណូលពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដែលគ្រប់គ្រងដោយគ្រឹះស្ថានអង្គរកាលពីឆ្នាំ២០១៩មានចំនួនជិត១០០លានដុល្លារអាមេរិក ពោលគឺមានការធ្លាក់ចុះប្រមាណជាង១៥%បើប្រៀបធៀបទៅនឹងឆ្នាំ២០១៨ ហើយបន្តធ្លាក់ចុះយ៉ាងខ្លាំងចាប់ពីឆ្នាំ២០២០តរៀងមកក្រោមការរាតត្បាតនៃជំងឺ COVID-19)…។ល៕