ថ្ងៃ ចន្ទ ទី ១៥ ខែ សីហា ឆ្នាំ ២០២២

លើកគ្នា​គ្រប់គ្រង ! រាជរដ្ឋាភិបាល​សម្រេច​តែងតាំង​សមាសភាព​គណៈកម្មការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​ទេសចរណ៍​សៀមរាប​-​អង្គរ​

រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ បានសម្រេច​តែងតាំង​សមាសភាព​គណៈកម្មការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​ទេសចរណ៍​សៀមរាប​-​អង្គរ ដោយ​សេចក្តីសម្រេច​លេខ​២៧​សសរ ចុះ​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២២ ដែលមាន​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជា​ប្រធាន​, ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ជា​អនុប្រធាន​អចិន្ត្រៃយ៍​, លោកជំទាវ​បណ្ឌិត​សភាចា​រ្យ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ជា​អនុប្រធាន​, ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ជា​អនុប្រធាន និង​មាន​សមាជិក​ចំនួន​៣១​នាក់​ទៀត ។

​គណៈកម្មការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​ទេសចរណ៍​សៀមរាប​-​អង្គរ សរសេរ​កាត់​ថា «​គ​.​អ​.​ទ​.​ស​» នេះ​ត្រូវបាន​រាជរដ្ឋាភិបាល​អះអាងថា បង្កើតឡើង​ដើម្បី​ដឹកនាំ សម្របសម្រួល និង​ត្រួតពិនិត្យ​ការអភិវឌ្ឍ​គោលដៅ​ទេសចរណ៍​ខេត្តសៀមរាប ដោយ​អនុវត្តតាម​ផែនការអភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប ឆ្នាំ​២០២១-២០៣៥ ឲ្យ​មាន​ប្រសិទ្ធភាព​សំដៅ​បង្កើន​ភាព​ប្រកួតប្រជែង និង​ធានាបាន​នូវ​និរន្តរភាព ។

​គួរបញ្ជាក់​ជូន​ដែរ​ថា សក្តានុពល​ទាក់ទាញ​ភ្ញៀវ​ដើរ​កម្សាន្ត និង​ភ្ញៀវទេសចរ​អន្តរជាតិ​នៅ​ខេត្តសៀមរាប​ក្នុងដំណាក់កាល​ប្រទេសជាតិ​មាន​សុខសន្តិភាព​និង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​នោះ គឺ​ប្រាង្គ​ប្រាសាទអង្គរវត្ត​ដ៏​ល្បីល្បាញ​របស់​កម្ពុជា ។ ការគ្រប់គ្រង​វិស័យ​ទេសចរណ៍​នៅ​សៀមរាប​-​អង្គរ នេះ​បាន​នាំ​ឲ្យ​រដ្ឋ​អាច​ប្រមូល​ចំណូល​ពី​ការ​ស្នាក់នៅ ការហូបចុក ការធ្វើដំណើរ និង​ជាពិសេស​ការលក់​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ (​ចំណូល​ពី​ការលក់​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ដែល​គ្រប់គ្រង​ដោយ​គ្រឹះស្ថាន​អង្គរ​កាលពី​ឆ្នាំ​២០១៩​មាន​ចំនួន​ជិត​១០០​លាន​ដុល្លារ​អាមេរិក ពោលគឺ​មានការ​ធ្លាក់ចុះ​ប្រមាណ​ជាង​១៥%​បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០១៨ ហើយ​បន្ត​ធ្លាក់ចុះ​យ៉ាងខ្លាំង​ចាប់ពី​ឆ្នាំ​២០២០​តរៀងមក​ក្រោម​ការ​រាតត្បាត​នៃ​ជំងឺ COVID-19)…​។​ល​៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.