ទីបំផុត សាលាដំបូងរាជធានីភ្នំពេញបានវិនិច្ឆ័យសេចក្តីសម្រេចបើកសំណុំរឿងក្ស័យធនទល់នឹងក្រុមហ៊ុនបម្រើសេវាកម្ម Internet មួយឈ្មោះ King Technologies Co.,Ltd. ឬហៅថា Opennet ជាភាគីកូនបំណុល តាមបណ្តឹងចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) ដែលជាភាគីម្ចាស់បំណុល ដោយដីកាសម្រេចលេខ៥១«ធ»រ.វ ចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ។ លើសពីនេះ សាលាដំបូងរាជធានីភ្នំពេញក៏បានសម្រេចតែងតាំងលោក អ៊ុក រី ជាអភិបាលបណ្តោះអាសន្នក្នុងសំណុំរឿងក្ស័យធនទល់នឹងក្រុមហ៊ុន Opennet ផងដែរ ដោយដីកាសម្រេចលេខ៥២«ធ»រ.វ ចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ។
ពាក្យបណ្តឹងរបស់ក្រសួង MPTC ស្នើសុំបើកសំណុំរឿងក្ស័យធនទល់នឹងក្រុមហ៊ុន Opennet នេះបានកើតមានឡើងបន្ទាប់ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) និងក្រសួង MPTC បានចេញសេចក្តីជូនដំណឹងមួយលេខ០០២សហវ ចុះថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ជម្រាបជូនសាធារណជនឲ្យបានជ្រាបថា ក្រុមហ៊ុន King Technologies Co.,Ltd. (Opennet) ដែលជាប្រតិបត្តិករផ្តល់សេវា Internet មិនទាន់បានអនុវត្តកាតព្វកិច្ចទូទាត់បំណុលជូនរដ្ឋនៅឡើយ ជាពិសេសបំណុលនៃចំណូលបែងចែក (Revenue Share) ។
យោងតាមការអះអាងនៅក្នុងពាក្យបណ្តឹងរបស់ក្រសួង MPTC បានឲ្យដឹងថា ចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០១៩កន្លងទៅ ក្រុមហ៊ុន Opennet បានជំពាក់បំណុលរដ្ឋចំនួន ១១ ៥០៤ ៧៧២ដុល្លារអាមេរិក (ក្នុងនោះបំណុលនៃចំណូលបែងចែកចំនួន ៦ ០៨២ ២៨៣ដុល្លារអាមេរិក) ។ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ក្រុមហ៊ុន Opennet បានសងបំណុលរដ្ឋចំនួន ១ ៣០០ ០០០ដុល្លារអាមេរិក (ក្នុងនោះបំណុលនៃចំណូលបែងចែកចំនួន ១ ០០០ ០០០ដុល្លារអាមេរិក) ។ មានន័យថា ក្រុមហ៊ុន Opennet នៅជំពាក់បំណុលរដ្ឋចំនួនច្រើនលានដុល្លារអាមេរិកទៀត ។
សូមបញ្ជាក់ជូនថា ក្រុមហ៊ុន King Technologies Co.,Ltd. (Opennet) ទទួលបានអាជ្ញាបណ្ណប្រតិបត្តិការផ្តល់សេវា VoIP និងសេវា ISP ពីក្រសួង MPTC ៕