ថ្ងៃ ពុធ ទី ២៥ ខែ ឧសភា ឆ្នាំ ២០២២

វគ្គ​ក្ស័យធន ? ទីបំផុត​តុលាការ​សម្រេច​បើក​សំណុំរឿង​ក្ស័យធន​ទល់នឹង​ក្រុមហ៊ុន​បម្រើសេវា Internet មួយ​ឈ្មោះ Opennet តាម​បណ្តឹង​របស់​ក្រសួង​MPTC

ទីបំផុត សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​វិនិច្ឆ័យ​សេចក្តីសម្រេច​បើក​សំណុំរឿង​ក្ស័យធន​ទល់នឹង​ក្រុមហ៊ុន​បម្រើសេវា​កម្ម Internet មួយ​ឈ្មោះ King Technologies Co.,Ltd. ឬ​ហៅថា Opennet ជា​ភាគី​កូនបំណុល តាម​បណ្តឹង​ចុះ​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២២​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ (MPTC) ដែលជា​ភាគី​ម្ចាស់បំណុល ដោយ​ដីកា​សម្រេច​លេខ​៥១«​ធ​»​រ​.​វ ចុះ​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០២២ ។ លើសពីនេះ សាលាដំបូង​រាជធានី​ភ្នំពេញ​ក៏បាន​សម្រេច​តែងតាំង​លោក អ៊ុក រី ជា​អភិបាល​បណ្តោះអាសន្ន​ក្នុង​សំណុំរឿង​ក្ស័យធន​ទល់នឹង​ក្រុមហ៊ុន Opennet ផងដែរ ដោយ​ដីកា​សម្រេច​លេខ​៥២«​ធ​»​រ​.​វ ចុះ​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០២២ ។

​ពាក្យបណ្តឹង​របស់​ក្រសួង MPTC ស្នើសុំ​បើក​សំណុំរឿង​ក្ស័យធន​ទល់នឹង​ក្រុមហ៊ុន Opennet នេះ​បាន​កើតមានឡើង​បន្ទាប់ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ (MEF) និង​ក្រសួង MPTC បានចេញ​សេចក្តីជូនដំណឹង​មួយ​លេខ​០០២​សហវ ចុះ​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២២​ជម្រាបជូន​សាធារណជន​ឲ្យ​បាន​ជ្រាបថា ក្រុមហ៊ុន King Technologies Co.,Ltd. (Opennet) ដែលជា​ប្រតិបត្តិ​ករ​ផ្តល់​សេវា Internet មិនទាន់បាន​អនុវត្ត​កាតព្វកិច្ច​ទូទាត់​បំណុល​ជូន​រដ្ឋ​នៅឡើយ ជាពិសេស​បំណុល​នៃ​ចំណូល​បែងចែក (Revenue Share) ។

​យោងតាម​ការអះអាង​នៅក្នុង​ពាក្យបណ្តឹង​របស់​ក្រសួង MPTC បាន​ឲ្យ​ដឹងថា ចាប់ពី​ឆ្នាំ​២០១៧ ដល់​ឆ្នាំ​២០១៩​កន្លងទៅ ក្រុមហ៊ុន Opennet បាន​ជំពាក់​បំណុល​រដ្ឋ​ចំនួន ១១ ៥០៤ ៧៧២​ដុល្លារ​អាមេរិក (​ក្នុងនោះ​បំណុល​នៃ​ចំណូល​បែងចែក​ចំនួន ៦ ០៨២ ២៨៣​ដុល្លារ​អាមេរិក​) ។ នៅ​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២១ ក្រុមហ៊ុន Opennet បាន​សងបំណុល​រដ្ឋ​ចំនួន ១ ៣០០ ០០០​ដុល្លារ​អាមេរិក (​ក្នុងនោះ​បំណុល​នៃ​ចំណូល​បែងចែក​ចំនួន ១ ០០០ ០០០​ដុល្លារ​អាមេរិក​) ។ មានន័យថា ក្រុមហ៊ុន Opennet នៅ​ជំពាក់​បំណុល​រដ្ឋ​ចំនួន​ច្រើន​លាន​ដុល្លារ​អាមេរិក​ទៀត ។

​សូមបញ្ជាក់​ជូន​ថា ក្រុមហ៊ុន King Technologies Co.,Ltd. (Opennet) ទទួលបាន​អាជ្ញា​បណ្ណ​ប្រតិបត្តិ​ការផ្តល់សេវា VoIP និង​សេវា ISP ពី​ក្រសួង MPTC ៕​

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.