ក្នុងចំណោមសមាសភាពឧបនាយករដ្ឋមន្ត្រីចំនួន១០នាក់នៃគណៈរដ្ឋមន្ត្រីសម្រាប់នីតិកាលទី៦នៃរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា គឺមានចំនួន០៣នាក់ ដែលធ្លាប់ទទួលបានការតែងតាំងជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅបរទេស គឺ ៖
១-ឯកឧត្តម ហោ ណាំ ហុង ឧបនាយករដ្ឋមន្ត្រី និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម (ធ្លាប់បំពេញការងារជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពជាប្រចាំសាធារណរដ្ឋបារាំង ចាប់ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៨) ។
២-ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (ធ្លាប់បំពេញការងារជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋបារាំង…ចាប់ពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០០២) ។ ឯកឧត្តម ប្រាក់ សុខុន មានក្របខ័ណ្ឌដើមជានាយទាហានថ្នាក់នាយឧត្តមសេនីយ៍នៃកងយោធពលខេមរភូមិន្ទក្រសួងការពារជាតិ អត្តលេខ០០០១៧៦ ផងដែរ និងក្រោយមកក៏ត្រូវបានផ្ទេរក្របខ័ណ្ឌដើមនេះមកក្នុងក្របខ័ណ្ឌរដ្ឋបាលស៊ីវិលនៃទីស្តីការគណៈរដ្ឋមន្ត្រី និងទទួលបានឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ១នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាលនៃទីស្តីការគណៈរដ្ឋមន្ត្រីវិញ ដោយព្រះរាជក្រឹត្យលេខនស/រកត/០២០៣/០៧៥ ចុះថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០០៣ និងព្រះរាជក្រឹត្យលេខនស/រកត/០២០៣/០៩៣ ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០០៣ ។
៣-ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ធ្លាប់បំពេញការងារជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅសហភាពមីយ៉ាន់ម៉ា ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០០៣) ។ ឯកឧត្តម ជា សុផារ៉ា អតីតប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអភិបាលរងទី១ រាជធានីភ្នំពេញ ធ្លាប់ទទួលបានការតែងតាំងជាអភិបាលរាជធានីភ្នំពេញ ដោយព្រះរាជក្រឹត្យលេខនស/រកត/១១៩៩/១៩១ ចុះថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ១៩៩៩ ៕