ចាប់តាំងពីបង្កើតព្រះរាជាណាចក្រកម្ពុជាទី២ និងរាជរដ្ឋាភិបាលកម្ពុជាចេញអនុក្រឹត្យលេខ១៥អនក្រ ចុះថ្ងៃទី០៥ ខែមេសា ឆ្នាំ១៩៩៤ ស្តីពីការបង្កើតមេដាយស្ថាបនាជាតិ និងប័ណ្ណស្ថាបនាជាតិ (ឧកញ៉ា) រួចមក «កាលណោះ ចំពោះសប្បុរសជនដែលបានធ្វើអំណោយជូនរដ្ឋជាថវិកា ឬសម្ភារៈដែលមានតម្លៃលើសពី១០០ ០០០ (ដប់ម៉ឺន) ដុល្លារអាមេរិកឡើងទៅ នឹងទទួលបានគោរមងារជា ឧកញ៉ា» គឺលោក ជ្រុន យូហាក់ ទទួលបានការផ្តល់គោរមងារជា «ឧកញ៉ាផល្លាសម្បត្តិ» ដំបូងគេបង្អស់ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៩៩៤/៧៦ ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ១៩៩៤ ។ បច្ចុប្បន្ន ឈ្មោះឧកញ៉ាផល្លាសម្បត្តិ ជ្រុន យូហាក់ ក៏ត្រូវបានរាជរដ្ឋាភិបាលដាក់ជាឈ្មោះវិថីមួយខ្សែនៅរាជធានីភ្នំពេញ គឺផ្លូវលេខ២៩៤ ។
ចំពោះអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភដែលទទួលបានគោរមងារជា «អ្នកឧកញ៉ា» ដំបូងគេបង្អស់ (លំដាប់ទី១) គឺលោក ហួត វ៉ាន់ថន ដែលគេស្គាល់ថាជាអគ្គនាយកក្រុមហ៊ុន ហួតត្រាកូ (ដោយព្រះរាជក្រឹត្យលេខនស/រកត/០១៩៥/០២ ចុះថ្ងៃទី២១ ខែមករា ឆ្នាំ១៩៩៥) ។ លំដាប់ទី២ គឺលោក ប៉ោ សំអឿន (ដោយព្រះរាជក្រឹត្យលេខនស/រកត/០៦៩៦/៣៩ ចុះថ្ងៃទី០៥ ខែមិថុនា ឆ្នាំ១៩៩៦) ។ លំដាប់ទី៣ គឺឯកឧត្តម ច័ន្ទ សារុន (ដោយព្រះរាជក្រឹត្យលេខនស/រកត/០៩៩៦/៦៧ ចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ១៩៩៦) ។ លំដាប់ទី៤ គឺលោក ហេង ខេងសេង (ដោយព្រះរាជក្រឹត្យលេខនស/រកត/០៥០០/០៨៣ ចុះថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០០០) និងលំដាប់ទី៥ គឺលោក ហ៊ុន តូ ដែលគេស្គាល់ថាជាក្មួយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា (ដោយព្រះរាជក្រឹត្យលេខនស/រកត/០៥០០/០៨៤ ចុះថ្ងៃទី០៦ ខែឧសភ ឆ្នាំ២០០០) ។
ដោយឡែក ចំពោះអ្នកទទួលបានការផ្តល់គោរមងារជា «លោកអ្នកឧកញ៉ា» គឺលោក យោគ រាជ (ដោយព្រះរាជក្រឹត្យលេខនស/រកត/១២៩៦/៨៦ ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ១៩៩៦) ។
ស្មារតីអនុក្រឹត្យលេខ១៥អនក្រ ចុះថ្ងៃទី០៥ ខែមេសា ឆ្នាំ១៩៩៤ ស្តីពីការបង្កើតមេដាយស្ថាបនាជាតិ និងបណ្ណស្ថាបនាជាតិ (ឧកញ៉ា) ត្រូវបានធ្វើការកែសម្រួលឡើងវិញហើយ ដោយអនុក្រឹត្យលេខ៤៣អនក្រ.បក ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ ស្តីពីការកែសម្រួលចំណុចទី១ មាត្រា២ នៃអនុក្រឹត្យលេខ១៥អនក្រ ចុះថ្ងៃទី០៥ ខែមេសា ឆ្នាំ១៩៩៤ ខណៈបច្ចុប្បន្ននេះអ្នកទទួលបានគោរមងារជា «ឧកញ៉ា» មានចំនួនដល់ខ្ទង់ពាន់នាក់ និងគោរមងារជា «អ្នកឧកញ៉ា» មានចំនួនដល់ជាង២០នាក់ ៕