ឆ្នាំ២០២១កន្លងទៅថ្មីៗនេះទោះបីព្រះរាជាណាចក្រកម្ពុជាក៏ដូចជាបណ្តាប្រទេសនានាលើពិភពលោកទទួលរងការរាតត្បាតនៃជំងឺកូវីដ-១៩ (COVID-19) ដែលបង្កឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការសេដ្ឋកិច្ច ពាណិជ្ជកម្ម អាជីវកម្មបន្តបន្ទាប់គ្នាពីឆ្នាំ២០២០យ៉ាងណាក៏ដោយ ក៏មានអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភយ៉ាងតិចចំនួន៦៦នាក់នៅប្រទេសកម្ពុជាត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ឬសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី ត្រាស់បង្គាប់ផ្តល់គោរមងារជាឧកញ៉ា (ចំនួន៥៦នាក់) និងអ្នកឧកញ៉ា (ចំនួន១០នាក់) តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
ក្នុងចំណោមអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភចំនួន១០នាក់ ដែលទទួលបានការផ្តល់គោរមងារជា «អ្នកឧកញ៉ា» នោះ គឺភាគច្រើនជាអ្នកមានគោរមងារជា «ឧកញ៉ា» ស្រាប់ និងភាគតិចទទួលបានការផ្តល់គោរមងារជា «អ្នកឧកញ៉ា» តែម្តង ដោយមិនឆ្លងកាត់ងារជា «ឧកញ៉ា» ជាមុនឡើយ តួយ៉ាងលោក លី សុខថៃ ជាដើម (ទទួលបានការផ្តល់គោរមងារជាអ្នកឧកញ៉ា ដោយព្រះរាជក្រឹត្យលេខនស/រកត/០៩២១/៦៣១ ចុះថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១) ។
ស្មារតីនៃអនុក្រឹត្យលេខ៤៣អនក្រ.បក ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ស្តីពីការកែសម្រួលចំណុចទី១ មាត្រា២ នៃអនុក្រឹត្យលេខ១៥អនក្រ ចុះថ្ងៃទី០៥ ខែមេសា ឆ្នាំ១៩៩៤ គឺបានចែងថា «សប្បុរសជនដែលបានធ្វើអំណោយជូនរដ្ឋជាថវិកា ឬសម្ភារៈដែលមានតម្លៃលើសពី១០០ ០០០ (ដប់ម៉ឺន) ដុល្លារអាមេរិកឡើងទៅ ត្រូវបានជូនមេដាយស្ថាបនាជាតិថ្នាក់លេខ១ ។ សប្បុរសជនដែលបានធ្វើអំណោយជូនរដ្ឋជាថវិកា ឬសម្ភារៈដែលមានតម្លៃលើសពី៥០០ ០០០ (ហាសិបម៉ឺន) ដុល្លារអាមេរិកឡើងទៅ ត្រូវបានរាជរដ្ឋាភិបាលស្នើសុំព្រះរាជយោបល់ដ៏ខ្ពង់ខ្ពស់នៃព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ដើម្បីទ្រង់ព្រះរាជទានគោរមងារជា (ឧកញ៉ា) ។» ។
ទោះយ៉ាងណា ស្មារតីអនុក្រឹត្យលេខ៤៣អនក្រ.បក ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ស្តីពីការកែសម្រួលចំណុចទី១ មាត្រា២ នៃអនុក្រឹត្យលេខ១៥អនក្រ ចុះថ្ងៃទី០៥ ខែមេសា ឆ្នាំ១៩៩៤ មិនបានបញ្ជាក់លម្អិតថា ដើម្បីទទួលបានគោរមងារជា «អ្នកឧកញ៉ា» ដោយឆ្លងកាត់មានងារជា «ឧកញ៉ា» ស្រាប់ក្តី ឬមិនមានងារជា «ឧកញ៉ា» ស្រាប់ក្តី តើសប្បុរសជនត្រូវធ្វើអំណោយជូនរដ្ឋជាថវិកា ឬសម្ភារៈមានតម្លៃប៉ុន្មានសែនដុល្លារអាមេរិកពិតប្រាកដនោះឡើយ ។
ដូច្នេះ អនុលោមតាមស្មារតីមាត្រាមួយ នៃអនុក្រឹត្យលេខ៤៣អនក្រ.បក ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ ស្តីពីការកែសម្រួលចំណុចទី១ មាត្រា២ នៃអនុក្រឹត្យលេខ១៥អនក្រ ចុះថ្ងៃទី០៥ ខែមេសា ឆ្នាំ១៩៩៤ គឺនៅឆ្នាំ២០២១កន្លងទៅថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជាអាចទទួលបានអំណោយជាថវិកា ឬសម្ភារៈមានតម្លៃជាទឹកប្រាក់យ៉ាងតិចបំផុតចំនួន៣៣លានដុល្លារអាមេរិកពីអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភដែលទទួលបានការផ្តល់គោរមងារជា «ឧកញ៉ា» ។
តាមការកត់សម្គាល់ជាក់ស្តែង គឺមានឧកញ៉ាសម្បូរទ្រព្យសម្បត្តិមួយចំនួនបានបរិច្ចាគថវិកាជូនរាជរដ្ឋាភិបាលកម្ពុជា ឬជូនកាកបាទក្រហមកម្ពុជារហូតដល់ខ្ទង់លានដុល្លារអាមេរិកក្នុងម្នាក់ៗ ក្នុងមួយលើកៗឯណោះ ដូចជា អ្នកឧកញ៉ា ឡេង ភត្រា (ហៅ ឡេង ណាវាត្រា) អ្នកឧកញ៉ា ហុង ពីវ, អ្នកឧកញ៉ា គិត ម៉េង និងអ្នកឧកញ៉ា ចេន ហ្ស៊ី …។ល។
គួររំលឹកជូនដែរថា កាលពីអំឡុងឆ្នាំ២០២០កន្លងទៅ អ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភនៅកម្ពុជាយ៉ាងតិចចំនួន៩១នាក់ ក្នុងនោះចំនួន៨១នាក់ទទួលបានការផ្តល់គោរមងារជា «ឧកញ៉ា» និងចំនួន១០នាក់ទទួលបានការផ្តល់គោរមងារជា «អ្នកឧកញ៉ា» ហើយរាជរដ្ឋាភិបាលកម្ពុជាអាចទទួលបានទឹកប្រាក់ពីការបរិច្ចាគយ៉ាងតិចចំនួនជាង៤៥លានដុល្លារអាមេរិក ៕