ថ្ងៃ ពុធ ទី ២៥ ខែ ឧសភា ឆ្នាំ ២០២២

លក់​ទៀតហើយ ! រាជរដ្ឋាភិបាល​សម្រេច​លក់​ដី​ទំហំ​១៣០​ហិកតា​ជា​កម្មសិទ្ធិ​របស់​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ទៅ​ឲ្យ​ក្រុមហ៊ុន​កូនប្រសា​ប្រុស​ឯកឧត្តម​ឧកញ៉ា លី យ៉ុង​ផាត់

ទីតាំង​ដីធ្លី​មួយកន្លែង​ជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​មាន​ទំហំ​១៣០​ហិកតា ស្ថិតនៅ​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដែលជា​កម្មសិទ្ធិ​របស់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ សម្រេច​ធ្វើ​អនុ​ប​យោគ​ទៅជា​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ​ដើម្បី​លក់​ជូន​ក្រុមហ៊ុន ដឹ ព្រេ​មៀរ លែ​ន សីហនុ ដោយ​អនុក្រឹត្យ​លេខ​១៣៦​អនក្រ​.​បក ចុះ​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២១ ។

 

​ក្រុមហ៊ុន ដឹ ព្រេ​មៀរ លែ​ន សីហនុ គឺជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន ដឹ ព្រេ​មៀរ លែ​ន ឯ​.​ក (The Premier Land Co.,Ltd.) មាន​ឧកញ៉ា សេង ញ៉​ក់ ត្រូវជា​កូនប្រសា​ប្រុស​របស់​ឯកឧត្តម​ឧកញ៉ា លី យ៉ុង​ផាត់ សមាជិក​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ប្រធាន​ក្រុមហ៊ុន ។

​មិនទាន់​បានដឹងថា តើ​រាជរដ្ឋាភិបាល​កម្ពុ​ជាស​ម្រេច​លក់​ដី​ទំហំ​១៣០​ហិកតា​ដែលជា​កម្មសិទ្ធិ​របស់​កំ​ពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ទៅ​ឲ្យ​ក្រុមហ៊ុន​ឧកញ៉ា សេង ញ៉​ក់ នោះ​ដោយ​ព្រមព្រៀងគ្នា​លក់​-​ទិញ​ក្នុងតម្លៃ​ប៉ុន្មាន​ពិតប្រាកដ​នៅឡើយ ។

​គួរ​រំលឹក​ជូន​ដែរ​ថា កាលពី​អំឡុង​ពាក់កណ្តាល​ឆ្នាំ​២០២០​កន្លងទៅ រាជរដ្ឋាភិបាល​កម្ពុជា​ធ្លាប់បាន​សម្រេច​កាត់​ឆ្វៀល​ផ្ទៃដី​ទំហំ​៦០០​ហិកតា ស្ថិតនៅ​ឃុំ​រាម និង​ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ចេញពី​ដែន​ព្រៃ​លិច​ទឹក និង​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ដែលជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​រួច​ធ្វើ​អនុ​ប​យោ​គជា​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ និង​ផ្តល់​សិទ្ធិ​ជា​កម្មសិទ្ធិ​ឲ្យ​ទៅ​ឧកញ៉ា សេង ញ៉​ក់ និង​ភរិយា​ឈ្មោះ លី អា​ផណ ជា​ប្រធាន​ក្រុមហ៊ុន The Premier Land Co.,Ltd. ដោយ​អនុក្រឹត្យ​លេខ​៨២​អនក្រ​.​បក ចុះ​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០២០ ។

​លោក សេង ញ៉​ក់ ប្រធាន​ក្រុមហ៊ុន The Premier Land Co.,Ltd. និង​ជានា​យក​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន LYP Group ត្រូវជា​កូនប្រសា​របស់​ឯកឧត្តម​ឧកញ៉ា លី យ៉ុង​ផាត់ ទទួលបាន​ការតែងតាំង​គោរមងារ​ជា​ឧកញ៉ា ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១២១៥/១១៧៦ ចុះ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៥ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.