កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១កន្លងទៅ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខានៅលើអនុក្រឹត្យលេខ២៧៩អនក្រ.បក ស្តីពីការកែសម្រួលផ្ទៃបឹងតាមោក (បឹងកប់ស្រូវ) ស្ថិតក្នុងរាជធានីភ្នំពេញ ដោយសម្រេចកាត់ផ្ទៃដីចំនួន០៧ទីតាំង មានទំហំ ២០៩ ៥៣៦ម៉ែត្រក្រឡា ស្ថិតនៅសង្កាត់ពញាពន់ និងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ចេញពីផ្ទៃបឹងតាមោក (បឹងកប់ស្រូវ) ដើម្បីធ្វើអនុបយោគទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ និងធ្វើប្រទានកម្មជាកម្មសិទ្ធិជូនលោកស្រី ហ៊ុន សេងនី និងលោក ឡាញ់ ភារ៉ា (ពន្ធ និងអាករផ្សេងៗជាបន្ទុករបស់រដ្ឋ) ។
មិនទាន់បានដឹងប្រាកដថា តើលោកស្រី ហ៊ុន សេងនី ដែលគេស្គាល់ថា ជាប្អូនស្រីបង្កើតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក ឡាញ់ ភារ៉ា ទទួលបានចំណែកផ្ទៃដីបឹងតាមោក (បឹងកប់ស្រូវ) ជាង២០ហិកតា ធ្វើជាកម្មសិទ្ធិដោយពន្ធ និងអាករផ្សេងៗជាបន្ទុករបស់រដ្ឋបែបនេះតាមរបៀបណា ឬមូលហេតុអ្វីនោះនៅឡើយទេ (ដោយសារទិញបន្តពីប្រជាពលរដ្ឋ ឬពីស្ថាប័នរដ្ឋណាមួយ ឬដោយសារការកាន់កាប់ជាក់ស្តែង ឬដោយសារការដោះដូរដីជាមួយរដ្ឋ…?) ។
គិតត្រឹមថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១កន្លងទៅនេះ ផ្ទៃដីបឹងតាមោក (បឹងកប់ស្រូវ ដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋស្ថិតនៅភូមិសាស្ត្ររាជធានីភ្នំពេញ យ៉ាងហោចណាស់មានទំហំប្រមាណ ១៨ ៦៧០ ៥០២,៥ម៉ែត្រក្រឡា (ជាង ១ ៨៦៧ហិកតា) ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាកាត់ចេញធ្វើអនុបយោគទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ និងប្រទានកម្មទៅឲ្យស្ថាប័នរដ្ឋ និងបុគ្គលឯកជន (ជាមន្ត្រីរបស់រដ្ឋ និងអ្នកជំនួញ…) ជាហូរហែធ្វើជាកម្មសិទ្ធិ ៕