ឧកញ៉ា ហុង ពីវ ដែលគេស្គាល់ថា ជាថៅកែក្រុមហ៊ុនអចលនទ្រព្យដ៏ល្បីល្បាញនៅកម្ពុជា គឺម្ចាស់ក្រុមហ៊ុនបុរីពិភពថ្មី និងជាម្ចាស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុពិភពថ្មី ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ផ្តល់គោរមងារថ្មីជា «អ្នកឧកញ៉ា» ដោយព្រះរាជក្រឹត្យលេខនស/រកត/១២២១/៨៧១ ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
លោក ហុង ពីវ ដែលជាឈ្មួញរកស៊ីដ៏សកម្មមួយរូបនៅកម្ពុជាធ្លាប់ទទួលបានការតែងតាំងគោរមងារជាឧកញ៉ា ដោយព្រះរាជក្រឹត្យលេខនស/រកត/១១០២/៣២៦ ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០០២ ។
ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ (COVID-19) នាចុងឆ្នាំ២០២១កន្លងមក ឧកញ៉ា ហុង ពីវ ធ្លាប់បានបរិច្ចាគថវិកាចំនួន៣លានដុល្លារអាមេរិក ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ (មុនពេលទទួលបានគោរមងារថ្មីជាអ្នកឧកញ៉ា) ។ លើសពីនេះទៀត ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៥៩នៃទីវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ០៨ ឧសភា ឆ្នាំ២០២២ខាងមុខនេះ អ្នកឧកញ៉ា ហុង ពីវ និងភរិយា ក៏បានបរិច្ចាគថវិកាចំនួន១,៣លានដុល្លារអាមេរិកផងដែរ ៕