ថ្ងៃ ពុធ ទី ២៥ ខែ ឧសភា ឆ្នាំ ២០២២

​វគ្គ​មេ​សរសើរ​កូនចៅ ! នាយករដ្ឋមន្ត្រី​កោតសរសើរ​មេ​ពន្ធដារ​ដែល​ប្រមូល​ចំណូល​ពន្ធ​ក្នុង​ឆ្នាំ​២០២១​បាន​លើស​ផែនការ​រហូតដល់​ជាង​៥៣៨​លាន​ដុល្លារ

កាលពី​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០២២​កន្លងទៅ​ថ្មីៗ​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានធ្វើ​លិខិត​មួយច្បាប់​ជម្រាបជូន​ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ដោយ​សម្តែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ជូន​ចំពោះ​ឯកឧត្តម គង់ វិបុល និង​ថ្នាក់ដឹកនាំ ព្រមទាំង​មន្ត្រីរាជការ​ទាំង​អស់នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​បាន​ខិតខំ​ប្រមូល​ចំណូល​ពន្ធដារ​ផ្ទៃក្នុង​ជូន​រដ្ឋ​បាន​លើស​ផែន​ការដែល​កំណត់ដោយ​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២១ រហូតដល់​២៤,០២​ភាគរយ ស្មើនឹង​២ ១៨២,៣៧​ប៊ី​លាន​រៀល ឬ​ប្រមាណ​ជា ៥៣៨,៨៥​លាន​ដុល្លារ​អាមេរិក ដែលជា «​កំណត់ត្រា​ប្រវត្តិសាស្ត្រ​នៃ​ការប្រមូល​ចំណូល​ពន្ធ​» ។​

​ឯកឧត្តម គង់ វិបុល ដែល​ធ្លាប់​កាន់តំណែង​ជា​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ (MEF) នោះ ទទួលបាន​ការតែងតាំង​មុខតំណែង​ថ្មី​ជា​ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ ដោយ​រក្សា​តួនាទី​ជា​អនុប្រធាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​ជាទី​ប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គម​ហ​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា តាំងពី​អំឡុង​ឆ្នាំ​២០១២​មកម្ល៉េះ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៨១២/៧៣៨ ចុះ​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១២ ។

​ឈានចូល​មកដល់​ដើមឆ្នាំ​២០២១ ឯកឧត្តម គង់ វិបុល ក៏​ទទួលបាន​ការតែងតាំង​មុខតំណែង​ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០១២១/០៦៦ ចុះ​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២១ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.