ប្រធានក្រុមប្រឹក្សាខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងជាជំនួយការសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើអនុរដ្ឋលេខាធិការម្នាក់ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាសម្រេចធ្វើប្រទានកម្មផ្ទៃដីទំហំ ២២ ០៩៧ម៉ែត្រក្រឡា ស្ថិតនៅក្នុងភូមិត្រពាំងពោធិ៍ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ជាកម្មសិទ្ធិ (ពន្ធ និងអាករផ្សេងៗជាបន្ទុករបស់រដ្ឋ) បន្ទាប់ពីកាត់ផ្ទៃដីនេះចេញពីផ្ទៃបឹងតាមោក (បឹងកប់ស្រូវ) និងធ្វើអនុបយោគពីទ្រព្យសម្បត្តិសាធារណៈរបស់ទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋរួចមក ដោយអនុក្រឹត្យលេខ២៥០អនក្រ.បក ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ។
មិនទាន់បានដឹងប្រាកដថា តើឯកឧត្តម ក្រូច ផាន ទទួលបានចំណែកផ្ទៃដីបឹងតាមោក (បឹងកប់ស្រូវ) ជាង២ហិកតា ធ្វើជាកម្មសិទ្ធិ ដោយពន្ធ និងអាករផ្សេងៗជាបន្ទុករបស់រដ្ឋបែបនេះ ព្រោះតែមូលហេតុអ្វីនោះនៅឡើយទេ (ដោយសារទិញបន្តពីប្រជាពលរដ្ឋ ឬពីស្ថាប័នរដ្ឋណាមួយ ឬដោយសារការកាន់កាប់ជាក់ស្តែង ឬដោយសារការដោះដូរដីជាមួយរដ្ឋ ?) ។
គិតត្រឹមថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១កន្លងទៅនេះ ផ្ទៃដីបឹងតាមោក (បឹងកប់ស្រូវ) ដែលទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ស្ថិតនៅភូមិសាស្ត្ររាជធានីភ្នំពេញ យ៉ាងហោចណាស់មានទំហំប្រមាណ ១៨ ៤០៤ ៩៦៦,៥ម៉ែត្រក្រឡា (ជាង ១ ៨៤០ហិកតា) ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាកាត់ចេញធ្វើអនុបយោគទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ និងប្រទានកម្មទៅឲ្យស្ថាប័នរដ្ឋ និងបុគ្គលឯកជន (ជាមន្ត្រីរបស់រដ្ឋ និងអ្នកជំនួញ…) ជាហូរហែធ្វើជាកម្មសិទ្ធ ។
លោក ក្រូច ផាន ជាប្រធានក្រុមប្រឹក្សាខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (អតីតធ្លាប់ធ្វើជាចៅហ្វាយខណ្ឌរាប់សិបឆ្នាំមកហើយ និងមានទ្រព្យសម្បត្តិមហាសាលដោយសារតែផលប្រយោជន៍ពីដីធ្លីដ៏ច្រើនសន្ធឹក) ទទួលបានការតែងតាំងជាជំនួយការសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើអនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន (មិនទទួលប្រាក់បៀវត្សរ៍) ដោយព្រះរាជក្រឹត្យលេខនស/រកត/០៧១៧/៥៥០ ចុះថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧ ទើបទទួលបានងារជា «ឯកឧត្តម» ទល់សព្វថ្ងៃ ៕