ថ្ងៃ ពុធ ទី ២៥ ខែ ឧសភា ឆ្នាំ ២០២២

៥៥​ឆ្នាំ​ក្នុង​ម៉ឺន​ឆ្នាំ ! រាជរដ្ឋាភិបាល​គ្រោង​បង្កើត​តែម​ប្រៃសណីយ៍​រចនា​ដោយ​ស្នាដៃ​ជនជាតិ​យួន​ដើម្បី​អបអរ​ខួប​លើក​ទី​៥៥​ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា​-​វៀតណាម​

​កាលពី​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២២​កន្លងទៅ​ថ្មីៗ​នេះ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ (​កប​ទ​.​ស​អ​) បានធ្វើ​លិខិតផ្លូវការ​មួយច្បាប់​លេខ​២១៨៥ កប​ទ​.​ស​អ​.​អប​១ គោរព​ជូន​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ក្នុង​កម្មវត្ថុ​សំណើ​បង្កើត​តែម​ប្រៃសណីយ៍​ដើម្បី​អបអរសាទរ​ខួប​លើក​ទី​៥៥​នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​កម្ពុជា​-​វៀតណាម ។

​លិខិតផ្លូវការ​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ដែល​បាន​គោរព​ជូន​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​មាន​ខ្លឹមសារ​ថា «​ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា​បានស្នើ​សុំ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​កម្ពុជា​ពិនិត្យ​លទ្ធភាព​ទទួលស្គាល់​ស្នាដៃ​លោក ង្វៀន ថា​ញ់​ចូ​វ (Nguyen Thanh Chau) អនុប្រធាន​សមាគម​ខ្មែរ​-​វៀតណាម ប្រចាំខេត្ត​កណ្តាល ដែល​បាន​បង្កើត​គំរូ​តែម​ប្រៃសណីយ៍​ចំនួន​៦​ច្បាប់ និង​ស្នើ​អនុម័ត​គំរូ​តែម​ទាំងនេះ​ឲ្យ​ប្រើប្រាស់​ផ្លូវការ​នៅ​កម្ពុជា ដើម្បី​អបអរសាទរ​ខួប​លើក​ទី​៥៥​នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​កម្ពុជា​-​វៀតណាម (២៤ មិថុនា ១៩៦៧ – ២៤ មិថុនា ២០២២) ។

​តាមរយៈ​លិខិតផ្លូវការ​របស់ខ្លួន ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​យល់ឃើញថា តែម​ប្រៃសណីយ៍​ជា​ផ្នែក​មួយ​ក្នុងការ​ចូលរួមចំណែក​ផ្សព្វផ្សាយ​ការយល់ដឹង​អំពី​ទំនាក់ទំនង​កម្ពុជា​-​វៀតណាម​ផងដែរ ដើម្បី​អបអរសាទរ​ខួប​លើក​ទី​៥៥ ក្នុង​ឆ្នាំ​២០២២​នេះ ដែល​ភាគី​ទាំងពីរ​បានកំណត់​យក​ជា​ឆ្នាំ «​មិត្តភាព​កម្ពុជា​-​វៀតណាម ២០២២» ។ ទន្ទឹមនេះដែរ កប​ទ​.​ស​អ សូម​ស្នើ​ក្រសួង​ប្រៃសណីយ៍​មេត្តា​ពិនិត្យ​ល្អិតល្អន់​នូវ​រូបភាព​ក្នុង​តែម​ប្រៃសណីយ៍​នីមួយៗ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​ឆ្លុះ​ប​ញ្ជាំ​ង​អំពី​ស្មារតី​មិត្តភាព​រវាង​ប្រទេស និង​ប្រជាជន​ទាំងពីរ ។

​គិត​ត្រឹម​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០២២​នេះ ការិយាល័យ​និពន្ធ​នៃ​គេហទំព័រ​សារព័ត៌មាន​ដើមត្នោត មិនទាន់​បានឃើញ​នូវ​រូបភាព​គំរូ​តែមប្រិ៍ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​គ្រោង​បង្កើតឡើង​ដើម្បី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៥៥​ឆ្នាំ​នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​កម្ពុជា​-​វៀតណាម​នោះ​នៅឡើយ​ទេ ។​

​គួរបញ្ជាក់​ជូន​ដែរ​ថា ក្រោយ​ថ្ងៃ​រំដោះ​ពីរ​បប​ប្រល័យពូជសាសន៍​ប៉ុលពត ០៧ មករា ១៩៧៩ រួចមក រដ្ឋាភិបាល​កម្ពុជា​ដែល​គ្រប់គ្រង ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា (CPP) បច្ចុប្បន្ន បានចាត់ទុក​ចំណងមិត្តភាព​កម្ពុជា​-​វៀតណាម គឺជា «​មិត្តភាព​ម៉ឺន​ឆ្នាំ​» ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.