ទីភ្នាក់ងារសារព័ត៌មាន Interfax បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២នេះឲ្យដឹងថា កងកម្លាំងយោធាប្រទេសរុស្ស៊ីជាង៣ពាន់នាក់បានចាប់ផ្តើមធ្វើសមយុទ្ធទ្រង់ទ្រាយធំមួយនៅតំបន់ប្រជុំកោះដែលកំពុងមានវិវាទជាមួយប្រទេសជប៉ុន បន្ទាប់ពីកិច្ចចរចាដើម្បីស្វែងរកសន្ធិសញ្ញាសន្តិភាពបញ្ចប់សង្គ្រាមលោកជាផ្លូវការរវាងប្រទេសទាំងពីរត្រូវបានផ្អាករួចមក ។
សមយុទ្ធយោធានេះបានកើតមានឡើងបន្ទាប់ពីក្រសួងការបរទេសរុស្ស៊ីប្រកាសផ្អាកកិច្ចចរចាសន្ធិសញ្ញាសន្តិភាពដើម្បីបញ្ចប់សង្គ្រាមលោកជាផ្លូវការជាមួយជប៉ុន ដោយសារការដាក់ទណ្ឌកម្មរបស់ទីក្រុងតូក្យូ (Tokyo) ប្រឆាំងនឹងទីក្រុងមូស្គូ (Moscow) ជុំវិញសង្គ្រាមឈ្លានពាននៅប្រទេសអ៊ុយក្រែន ។
តំបន់ទីប្រជុំកោះមានវិវាទរវាងប្រទេសរុស្ស៊ី និងប្រទេសជប៉ុននោះ ស្ថិតនៅចន្លោះកោះ Hokkaido នៃប្រទេសជប៉ុន និងឧបទ្វីប Kamchatka នៃប្រទេសរុស្ស៊ី ។ ជប៉ុនបានហៅតំបន់កំពុងមានជម្លោះនោះថា ដែនដីភាគខាងជើង និងរុស្ស៊ីហៅថា Kuril ។ ភាគីជប៉ុនបានអះអាងថា អតីតសហភាពសូវៀតបានដណ្តើមកាន់កាប់ដោយខុសច្បាប់លើប្រជុំកោះចំនួន៤នៅទីនោះភ្លាមៗបន្ទាប់ពីជប៉ុនប្រកាសចុះចាញ់សង្គ្រាមលោកលើកទី២ កាលពីខែសីហា ឆ្នាំ១៩៤៥ ខណៈភាគីរុស្ស៊ីប្រកែកថា អំពើរបស់ខ្លួន គឺស្របច្បាប់ ៕