ថ្ងៃ ពុធ ទី ២៥ ខែ ឧសភា ឆ្នាំ ២០២២

​ប្រឆាំង​អំពើពុករលួយ​ទាំង​ឪ ទាំង​កូន ! ឪពុក​ធ្វើជា​ប្រធាន មាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី និង​កូនប្រុស​ធ្វើជា​អនុប្រធាន ACU មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​

បន្ទាប់ពី​ទទួលបាន​ក្របខ័ណ្ឌ​មន្ត្រី​គ្រប់គ្រង​រដ្ឋបាល​ពេញលេញ​នៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែលមាន​ឯកឧត្តម​កិត្តិ​នីតិកោសល​បណ្ឌិត ឱម យ៉ិនទៀង ជា​ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​ជា​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) រួចមក ឯកឧត្តម យ៉ិនទៀង ពុទ្ធិ​រិ​ទ្ធ ដែលមាន​ក្របខ័ណ្ឌ​ដើម​ជា​នាយទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​នៃ​កងយោធពល​ខេមរភូមិន្ទ​ក្រសួងការពារជាតិ អត្តលេខ​២៣១៧០២ និង​ត្រូវជា​កូនប្រុស​ឯកឧត្តម​កិត្តិ​នីតិកោសល​បណ្ឌិត ឱម យ៉ិនទៀង នោះ ក៏​ទទួលបាន​ការតែងតាំង​ជា​អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០២១៩/៣១៣ ចុះ​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៩ ខណៈ​កូនប្រុស​ឯកឧត្តម​កិត្តិ​នីតិកោសល​បណ្ឌិត ឱម យ៉ិនទៀង ម្នាក់ទៀត គឺ​ឯកឧត្តម យ៉ិនទៀង ពុទ្ធិ​រ៉ា ដែលមាន​ក្របខ័ណ្ឌ​ដើម​ជា​នាយទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​នៃ​កងយោធពល​ខេមរភូមិន្ទ​ក្រសួងការពារជាតិ អត្តលេខ​២៣១៤៧៧ ដែរនោះ ទទួលបាន​ការតែងតាំង​ជា​ឧបការី​នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ ។

​មុនពេល​ទទួល​បានកា​រតែង​តាំង​មុខតំណែង​ជា​អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​នោះ ឯកឧត្តម យ៉ិនទៀង ពុទ្ធិ​រិ​ទ្ធ ធ្លាប់​ទទួលបាន​ការតែងតាំង​ជា​ឧបការី​នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ ខណៈ​ឯកឧត្តម យ៉ិនទៀង ពុទ្ធិ​រ៉ា ធ្លាប់​ទទួលបាន​ការតែងតាំង​ជា​ឧបការី​នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដូចគ្នា តែមាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៤១៦/៤១៧ ចុះ​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៦ ។​

​ក្រោយ​ទទួលបាន​ការតែងតាំង​ជា​អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​ប្រមាណ​រយៈពេល​០១​ឆ្នាំ​រួចមក ឯកឧត្តម យ៉ិនទៀង ពុទ្ធិ​រិ​ទ្ធ ក៏​ទទួលបាន​ការដំឡើងឋាន​ន្ត​រ​ស័ក្តិ​ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​គ្រប់គ្រង​រដ្ឋបាល​នៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ពី​ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​៣ មកជា​ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​២ ដូចគ្នា​នឹង​ការដំឡើង​ឋានន្តរស័ក្តិ​ជូន​ឯកឧត្តម យ៉ិនទៀង ពុទ្ធិ​រ៉ា ផងដែរ ។

​បច្ចុប្បន្ន ឯកឧត្តម យ៉ិនទៀង ពុទ្ធិ​រ៉ា ទទួលបាន​ការតែងតាំង​មុខតំណែង​ថ្មី​ជា​រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ (MPTC) ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១១២០/១២៤៥ ចុះ​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២០ ។​

​ដោយឡែក លោកជំទាវ យ៉ិនទៀង ពុទ្ធិ​រស្មី ត្រូវជា​កូនស្រី​ឯកឧត្តម​កិត្តិ​នីតិកោសល​បណ្ឌិត ឱម យ៉ិនទៀង ដែល​ធ្លាប់​ទទួលបាន​ការតាំង​ស៊ប់​ក្នុង​ក្របខ័ណ្ឌ​មន្ត្រីរាជការ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ទៅក្នុង​ឋានន្តរស័ក្តិ​មន្ត្រី​ក្រមការ​ថ្នាក់​លេខ​១៤ (​ចាប់ពី​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១២) តាំងពី​នៅមាន​អាយុ​២៦​ឆ្នាំ ដោយ​អនុក្រឹត្យ​លេខ​២៨​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៣ ផងដែរ​នោះ បច្ចុប្បន្ន​ក៏​ទទួលបាន​ការតែងតាំង​មុខតំណែង​ថ្មី​ជា​រដ្ឋលេខាធិការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០២២២/១៣៣ ចុះ​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០២២ ។​

​សរុបសេចក្តី​មក ក្នុងចំណោម​កូនប្រុស​-​ស្រី​របស់​ឯកឧត្តម​កិត្តិ​នីតិកោសល​បណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែល​ធ្លាប់​ទទួលបាន​ក្របខ័ណ្ឌ​នៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ «​ក្រោម​ក្លៀក​ឪពុក​» និង​ធ្លាប់​កាន់តំណែង​នៅក្នុង​លេខាធិការដ្ឋាន​គណៈកម្មាធិកា​រ​ជាតិ​ប្រឆាំង​អំពើ​ភេរវកម្ម គឺ​ម្នាក់​កាន់តំណែង​មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី (​ឯកឧត្តម យ៉ិនទៀង ពុទ្ធិ​រិ​ទ្ធ អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​) និង​ពីរ​នាក់​ទៀត​កាន់តំណែង​មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ (​ឯកឧត្តម យ៉ិនទៀង ពុទ្ធិ​រ៉ា រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​លោកជំទាវ យ៉ិនទៀង ពុទ្ធិ​រស្មី រដ្ឋលេខាធិការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ) ។

​មជ្ឈដ្ឋាន​អ្នកវិភាគ និង​តាមដាន​កិច្ចការ​សង្គម​នៅ​កម្ពុជា​មួយចំនួន​បាន​លាន់មាត់​របៀប​បែប​កំប្លែង​ក្នុងន័យ​បញ្ចេញ​ទស្សនៈ​ផ្ទាល់ខ្លួន​ថា ក្រុមគ្រួសារ​របស់​ឯក​ឧ​ត្ត​ម​កិត្តិ​នីតិកោសល​បណ្ឌិត ឱម យ៉ិនទៀង ទំនងជា «​ស្អប់ខ្ពើម​នឹង​អំពើពុករលួយ​ខ្លាំងណាស់​» ទើប​សម្រេចចិត្ត​រួមដៃគ្នា​ប្រឆាំង​អំពើពុករលួយ​ទាំង​ឪ ទាំង​កូន​តែម្តង ។ ដូច្នេះ តើ​អំពើពុករលួយ​នៅ​កម្ពុជា​អាច​ប្រព្រឹត្ត​ទៅរួច​តាម​ប្រឡោះ​ណា​កើត ប្រសិនបើ​ទាំង​ឪពុក ទាំង​កូន​ដែលជា​ប្រធាន និង​ជា​អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មួយ​នេះ​មាន​ឆន្ទៈ «​ប្រឆាំង​អំពើពុករលួយ​ពិតប្រាកដ​» មែន​នោះ ? (Sic!) ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.