ឯកឧត្តមបណ្ឌិត សុខ សុក្រឹត្យា ដែលគេស្គាល់ថា ជាកូនប្រុសឯកឧត្តម សុខ ឥសាន សមាជិកព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាអ្នកនាំពាក្យរបស់គណបក្សប្រជាជនកម្ពុជា (CPP)នោះ ត្រូវបានសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចុះហត្ថលេខានៅលើព្រះរាជក្រឹត្យលេខនស/រកត/០៣២២/២៨០ ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ត្រាស់បង្គាប់បញ្ចប់មុខតំណែងពីរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងពីទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើរដ្ឋមន្ត្រីវិញហើយ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
ការបញ្ចប់មុខតំណែងឯកឧត្តម សុខ សុក្រឹត្យា ពីរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងពីទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើរដ្ឋមន្ត្រី ទាំងតក់ក្រហល់នេះមិនត្រូវបានបញ្ជាក់អំពីមូលហេតុពិតប្រាកដណាមួយនៅឡើយទេ ។
ឯកឧត្តម សុខ សុក្រឹត្យា ធ្លាប់ទទួលបានការតែងតាំងមុខតំណែងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ ដោយព្រះរាជក្រឹត្យលេខនស/រកត/១២១៩/១៩០៣ ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ ។
មុនពេលទទួលបានការតែងតាំងមុខតំណែងជារដ្ឋលេខាធិការក្រសួងទេសចរណ៍នោះ គឺលោក សុខ សុក្រឹត្យា ធ្លាប់ទទួលបានការតែងតាំងជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើរដ្ឋមន្ត្រី ដោយព្រះរាជក្រឹត្យលេខនស/រកត/១១១៩/១៦៧៨ ចុះថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ៕