កូនស្រីម្នាក់របស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឳម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ទទួលបន្ទុកប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) គឺលោកស្រី យ៉ិនទៀង ពុទ្ធិរស្មី ទទួលបានការតែងតាំងមុខតំណែងថ្មីជារដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយព្រះរាជក្រឹត្យលេខនស/រកត/០២២២/១៣៣ ចុះថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ ដែលនឹងត្រូវមានងារជា «លោកជំទាវ» តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
លោកស្រី យ៉ិនទៀង ពុទ្ធិរស្មី ធ្លាប់ទទួលបានការតាំងស៊ប់ក្នុងក្របខ័ណ្ឌមន្ត្រីរាជការរបស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដែលមានឪពុក គឺឯកឧត្តម ឳម យ៉ិនទៀង ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកប្រធានអង្គភាពដ៏មានឥទ្ធិពលមួយនេះ ទៅក្នុងឋានន្តរស័ក្តិមន្ត្រីក្រមការថ្នាក់លេខ១៤ នៃក្របខ័ណ្ឌមន្ត្រីក្រមការ ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១២ (តាំងពីនៅមានអាយុ២៦ឆ្នាំ) ដោយអនុក្រឹត្យលេខ២៨អនក្រ.តត ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០១៣ ។ ក្រោយមក លោកស្រី យ៉ិនទៀង ពុទ្ធិរស្មីក៏ធ្លាប់ទទួលបានក្របខ័ណ្ឌមន្ត្រីរាជការនៃទីស្តីការគណៈរដ្ឋមន្ត្រី និងធ្លាប់ទទួលបានការតែងតាំងជាអនុប្រធាននាយកដ្ឋាននៃលេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម ដែលកូនប្រុស២នាក់ទៀតរបស់មេអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ក៏ធ្លាប់កាន់មុខតំណែងនៅក្នុងលេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្មនេះដែរ គឺឯកឧត្តម យ៉ិនទៀង ពុទ្ធីរិទ្ធ និងឯកឧត្តម យ៉ិនទៀង ពុទ្ធិរ៉ា (បច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍-MPTC) ៕