កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ម្សិលមិញនេះ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបានចុះហត្ថលេខានៅលើលិខិតផ្លូវការមួយច្បាប់លេខ៥០២០អពដ ជម្រាបជូនឧកញ៉ា កុយ សុវណ្ណ នាយកក្រុមហ៊ុន បេស ខម (Best Com Co.,Ltd.) ឲ្យមកដោះស្រាយទូទាត់បំណុលពន្ធរដ្ឋ ។
លិខិតផ្លូវការលេខ៥០២០អពដ ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២របស់អគ្គនាយកដ្ឋានពន្ធដារ ដែលបានជម្រាបជូនឧកញ៉ា កុយ សុវណ្ណ នាយកក្រុមហ៊ុន Best Com Co.,Ltd. នោះបានបញ្ជាក់ឲ្យដឹងថា «កន្លងមកអគ្គនាយកដ្ឋានពន្ធដារបានអញ្ជើញឧកញ៉ានាយកក្រុមហ៊ុនមកដើម្បីដោះស្រាយបំណុលពន្ធរបស់ក្រុមហ៊ុន តាមរយៈលិខិតអញ្ជើញជូនដល់អាសយដ្ឋានក្រុមហ៊ុនដែលបានចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធ ប៉ុន្តែឧកញ៉ានាយកមិនបានមកតាមការអញ្ជើញ និងមិនបានទូទាត់បំណុលពន្ធឡើយ ។» ។
ទោះយ៉ាងណាក៏ដោយ អគ្គនាយកដ្ឋានពន្ធដារមិនបានបង្ហើបប្រាប់ឲ្យដឹងថាអំពីទំហំទឹកប្រាក់ពន្ធដែលឧកញ៉ា កុយ សុវណ្ណ នាយកក្រុមហ៊ុន Best Com Co.,Ltd.ជំពាក់មិនទាន់បានទូទាត់ជូនរដ្ឋនោះទេ ។
លោក កុយ សុវណ្ណ ដែលជានាយទាហានជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទក្រសួងការពារជាតិ អត្តលេខ ១០០៤៤៤ ម្នាក់ផងដែរនោះ ទទួលបានការតែងតាំងគោរមងារជាឧកញ៉ា តាំងពីនៅមានឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ត្រី (ផ្កាយ១) មកម្ល៉េះ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៣១៥/១៧៩ ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៥ ៕