អតីតថ្នាក់ដឹកនាំ សកម្មជនសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុន ណាហ្គា វើលដ៍ និងអតីតបុគ្គលិកក្រុមហ៊ុន Naga World Limited ចំនួន៨នាក់ ដែលត្រូវបានឃុំខ្លួនដាក់ពន្ធនាគារកាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ក្រោមការចោទប្រកាន់ពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមនោះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចដោះលែងឲ្យមានសេរីភាពស្ថិតនៅក្រៅឃុំបណ្តោះអាសន្នវិញហើយកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ម្សិលមិញនេះ បន្ទាប់ពីជនត្រូវចោទទាំង៨នាក់រួមគ្នាធ្វើលិខិតចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២គោរពជូនឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរួចមក ។
ដោយឡែក នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះបុរសចំនួន៣នាក់ផ្សេងទៀតរួមមានឈ្មោះ ជួប ចាន់ណាត, ឈ្មោះ សៅ សម្បត្តិ និងឈ្មោះ សេង វណ្ណារិទ្ធ ជាតីតបុគ្គលិកក្រុមហ៊ុន Naga World Limited ដែលកំពុងជាប់ឃុំខ្លួននៅពន្ធនាគារនោះ ក៏បានធ្វើលិខិតគោរពជូនឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីសុំឲ្យជួយអន្តរាគមន៍បានស្ថិតនៅក្រៅឃុំបណ្តោះអាសន្នផងដែរ ។
ដំណាលគ្នានឹងការដោះលែងជនត្រូវចោទអតីតមេដឹកនាំ សកម្មជនសហជីព និងអតីតបុគ្គលិកក្រុមហ៊ុន Naga World ចំនួន៨នាក់ឲ្យមានសេរីភាពស្ថិតនៅក្រៅឃុំបណ្តោះអាសន្ននោះ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ម្សិលមិញ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក៏បានសម្រេចចុះបញ្ជិកាទទួលស្គាល់សហជីពសិទ្ធិ និងប្រយោជន៍រួមនៃបុគ្គលិក ណាហ្គា វើលដ៍ ជានីតិបុគ្គលពេញលក្ខណៈច្បាប់ផងដែរ ដែលមានលោកស្រី ហេង សោភិនី ជាប្រធាន, លោកស្រី ជាង សៅដា ជាអនុប្រធាន និងកញ្ញា តាន់ ស្រីតូច ជាលេខាធិការិនី ។
មជ្ឈដ្ឋានអ្នកវិភាគ និងអ្នកតាមដានកិច្ចការសង្គមនៅកម្ពុជាបានបញ្ចេញទស្សនៈថា សំណុំរឿងកូដកម្ម-បាតុកម្ម នៃអតីតបុគ្គលិកក្រុមហ៊ុនបនល្បែងស៊ីសងកាស៊ីណូ Naga World Limited ដែលផ្តើមចេញវិវាទការងាររួមបាន «បង្រួមពីធំមកតូច» បែបនេះ គឺក្លាយជាសញ្ញាឈានទៅបញ្ចប់វិវាទដ៏រ៉ាំរ៉ៃនោះហើយ ៕