ដីធ្លីមួយកន្លែងទំហំជាង១០០ហិកតាស្ថិតនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ អតីតស្ថិតនៅក្រោមការគ្រប់គ្រងរបស់អង្គភាពមូលដ្ឋានកងទ័ពជើងទឹករាម ខេត្តព្រះសីហនុ បានធ្លាក់ទៅក្នុងស្ថានភាពមានទំនាស់រវាងឧកញ៉ាម្នាក់ គឺឧកញ៉ា តែ តាំងប៉ ដែលគេស្គាល់់ថាជាប្រធានសម្ព័ន្ធសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន S.T.T International (Cambodia) Public Co.,Ltd. និងលោកស្រី ដាញ់ ផល្លី ដែលគេស្គាល់ថាជាភរិយារបស់លោកឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ នៅស្ថាប័នតុលាការចាប់តាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ ។
កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅថ្មីៗ ឧកញ៉ា តែ តាំងប៉ ធ្លាប់បានធ្វើលិខិតឆ្លើយតបមួយច្បាប់តបទៅនឹងលិខិតស្រាយបំភ្លឺលេខ០០៤/២០២២មដស ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២របស់គណៈកម្មការគ្រប់គ្រងអចលនទ្រព្យកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ ដោយបានបញ្ជាក់ឲ្យដឹងថា ដីទំនាស់ទំហំជាង១២០ហិកតា ស្ថិតនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុនោះ ឧកញ៉ាបានទិញពីអង្គភាពកងទ័ពជើងទឹករាមនាអំឡុងឆ្នាំ១៩៩៧ (១០៣ហិកតា) និងឆ្នាំ២០០៧ (ជាង១៧ហិកតា) ដោយមានការឯកភាពដឹងឮទទួលស្គាល់ពីលោកឧត្តមនាវី អ៊ុក សីហា ជាមេបញ្ជាការអង្គភាពកងទ័ពជើងទឹករាម ហើយត្រូវបានអង្គភាពសុរិយោដីចុះបញ្ជីដីធ្លីចេញបណ្ណកម្មសិទ្ធិជូនឧកញ៉ាត្រឹមត្រូវ ។ បន្ទាប់ពីបានទិញដីធ្លីនោះរួចមក ឧកញ៉ាក៏ធ្លាប់បានបង់ប្រាក់ចំនួន១២៣ ៥០០ដុល្លារអាមេរិកជូនលោកឧត្តមនាវី អ៊ុក សីហា ដើម្បីបញ្ចប់សកម្មភាពរំលោភបំពានផ្សេងៗលើដីកម្មសិទ្ធិរបស់ឧកញ៉ា ។ នៅអំឡុងឆ្នាំ២០១៣ លោកស្រី ដាញ់ ផល្លី ជាភរិយារបស់លោកឧត្តមនាវី អ៊ុក សីហា បានដាក់ពាក្យប្តឹងឧកញ៉ា ទៅសាលាដំបូងខេត្តព្រះសីហនុរហូតដល់សាលាឧទ្ធរណ៍ភ្នំពេញ និងតុលាការកំពូល ប៉ុន្តែក៏បានចាញ់ក្តីឧកញ៉ាជាស្ថាពរតាមអំណាចសាលដីការដ្ឋប្បវេណីលេខ៧១«ណ» ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១របស់តុលាការកំពូល ។
ខ្លឹមសារលិខិតឆ្លើយតបចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២របស់ឧកញ៉ា តែ តាំងប៉ ក៏បានបង្ហាញនូវជំហរស្នើសុំសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមេត្តាជួយអន្តរាគមន៍ទៅអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ជួយរកយុត្តិធម៌ និងជួយការពារដីធ្លីរបស់ឧកញ៉ា ពីការរំលោភបំពានរបស់អ្នកមានអំណាចបុណ្យស័ក្តិផងដែរ ។
ដោយឡែក គណៈកម្មការគ្រប់គ្រងអចលនទ្រព្យកងទ័ពជើងទឹកមូលដ្ឋានសមុទ្រក៏បានចេញលិខិតបំភ្លឺមួយថ្មីទៀតលេខ០០៥/២០២២មដស ចុះថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ សម្តែងនូវការក្តៅក្រហាយ និងការមិនពេញចិត្តយ៉ាងខ្លាំងទៅនឹងលិខិតឆ្លើយតបចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២របស់ឧកញ៉ា តែ តាំងប៉ ដោយគណៈកម្មការនេះទាមទារឲ្យមានការបញ្ឈប់ជាបន្ទាន់នូវការចេញផ្សាយរាល់ព័ត៌មានមិនពិតធ្វើឡើងដោយឧកញ៉ា តែ តាំងប៉ (Sic!) ។
មជ្ឈដ្ឋានអ្នកតាមដានសំណុំរឿងក្តីទំនាស់ដីធ្លីរវាងឧកញ៉ា និងភរិយារបស់មេទ័ពជើងទឹកមូលដ្ឋានសមុទ្រនេះ បាននឹងកំពុងទន្ទឹងរង់ចាំចង់ដឹងថា តើឧកញ៉ា តែ តាំងប៉ ការពារដីធ្លឺជាកម្មសិទ្ធិរបស់ខ្លួនតាមរបៀបណាតទៅទៀត និងតើថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នឹងជួយអន្តរាគមន៍តាមរបៀបណាដែរ ?
លោក តែ តាំងប៉ ដែលជាអ្នកជំនួញដ៏សកម្មម្នាក់នៅកម្ពុជាទទួលបានការតែងតាំងគោរមងារជាឧកញ៉ា ដោយព្រះរាជក្រឹត្យលេខនស/រកត/០៧០១/២២៩ ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០០១ ៕