ទីភ្នាក់ងារសារព័ត៌មាន Reuters បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២នេះដោយដកស្រង់តាមការប្រកាសរបស់លោក Lloyd Austin រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ម្សិលមិញឲ្យដឹងថា សហរដ្ឋអាមេរិកមានគម្រោងលក់រថក្រោះធុន Abrams ចំនួន២៥០គ្រឿងឲ្យទៅប្រទេសប៉ូឡូញ ខណៈសហរដ្ឋអាមេរិក បាន និងកំពុងជួយពង្រឹងសមត្ថភាពការពារជាតិនៃបណ្តាប្រទេសក្នុងតំបន់អឺរ៉ុបខាងកើតនៅចំពោះមុខភាពតានតឹងរវាងមហាអំណាចយោធារុស្ស៊ី និងអ៊ុយក្រែន ។
បច្ចុប្បន្ន សហរដ្ឋអាមេរិកបានបញ្ជូនកម្លាំងកងទ័ពប្រមាណជិត៥ពាន់នាក់បន្ថែមទៅកាន់ប្រទេសប៉ូឡូញជាសម្ព័ន្ធមិត្តអង្គការណាតូ (NATO) របស់ខ្លួន រួមទាំងយន្តហោះចម្បាំងជាច្រើនគ្រឿងទៀតដែលជាការឆ្លើយតបរបស់សហរដ្ឋអាមេរិកទៅនឹងវិបត្តិអ៊ុយក្រែន ។
រថក្រោះធុន Abrams ឬហៅថា M1 Abrams ត្រូវបានសហរដ្ឋអាមេរិកផលិតឡើង និងដាក់ឲ្យប្រើប្រាស់តាំងពីអំឡុងឆ្នាំ១៩៨០ទល់បច្ចុប្បន្ន និងក៏បានអភិវឌ្ឍន៍បច្ចេកវិទ្យាបន្ថែមជាបន្តបន្ទាប់ផងដែរដោយក្រុមហ៊ុន Detroit Arsenal Tank Plant ដែលមានចំនួនប្រមាណជាង១ម៉ឺនគ្រឿង និងមានតម្លៃប្រមាណជិត១០លានដុល្លារក្នុងមួយគ្រឿង ៕