កូនប្រសាប្រុសម្នាក់របស់លោកជំទាវឧកញ៉ា ជឹង សុភាព ហៅ «យាយភូ» អនុប្រធានកាកបាទក្រហមកម្ពុជា និងជាឈ្មួញដ៏មានឥទ្ធិពលនៅកម្ពុជា និងត្រូវជាកូនប្រុសរបស់ឯកឧត្តមឧកញ៉ា ឡាវ ម៉េងឃីន សមាជិកព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា (ឯកឧត្តមឧកញ៉ា ឡាវ ម៉េងឃីន ត្រូវជាស្វាមីរបស់លោកជំទាវឧកញ៉ា ជឹង សុភាព) គឺលោក ឡាវ វ៉ាន់ ដែលគេស្គាល់ថា មានក្របខ័ណ្ឌដើមជាឧត្តមសេនីយ៍យោធា និងកាន់តំណែងជាមេបញ្ជាការរងនៃបញ្ជាការដ្ឋានកងពលតូចលេខ៧០ផងនោះ ទទួលបានការតែងតាំងមុខតំណែងថ្មីជាអនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ដោយព្រះរាជក្រឹត្យលេខនស/រកត/០២២២/១០៩ ចុះថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ ។
លោក ឡាវ វ៉ាន់ ដែលគេស្គាល់ថាជាស្វាមីរបស់អ្នកឧកញ៉ា ជឹង សុគន្ធាវី (អ្នកឧកញ៉ា ជឹង សុគន្ធាវី ត្រូវជាកូនស្រីរបស់លោកជំទាវឧកញ៉ា ជឹង សុភាព និងជាអគ្គនាយិកាក្រុមហ៊ុនផលិតទឹកបរិសុទ្ធវីតាល់,អគ្គនាយិកាក្រុមហ៊ុនផលិតមីជាតិ…) មានក្របខ័ណ្ឌដើមជានាយទាហានថ្នាក់ឧត្តមសេនីយ៍នៃកងយោធពលខេមរភូមិន្ទក្រសួងការពារជាតិ អត្តលេខ០០៣៣៨៥ និងកាន់មុខតំណែងជាមេបញ្ជាការរងនៃបញ្ជាការដ្ឋានកងពលតូចលេខ៧០ ធ្លាប់ទទួលបានការតែងតាំងគោរមងារជាឧកញ៉ា (តាំងពីនៅមានឋានន្តរស័ក្តិជាឧត្តមសេនីយ៍ត្រី) ដោយព្រះរាជក្រឹត្យលេខនស/រកត/០២០៦/០៧២ ចុះថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០០៦ ។
ក្រោយមក ឧកញ៉ា ឡាវ វ៉ាន់ ក៏ត្រូវបានបញ្ចប់គោរមងារជាឧកញ៉ាវិញត្រឹមរក្សាទុកក្របខ័ណ្ឌជានាយទាហានថ្នាក់ឧត្តមសេនីយ៍នៃកងយោធពលខេមរភូមិន្ទក្រសួងការពារជាតិ (ឋានន្តរស័ក្តិឧត្តមសេនីយ៍ទោ) ដោយព្រះរាជក្រឹត្យលេខនស/រកត/០៩១៩/១៤៨០ ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ ។
ដោយឡែក មុនពេលលោកឧត្តមសេនីយ៍យោធា ឡាវ វ៉ាន់ ទទួលបានការតែងតាំងមុខតំណែងថ្មីជាអនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូននេះ គឺឧកញ៉ា ជឹង សុគន្ធាវី ដែលត្រូវជាភរិយានោះ (ធ្លាប់ទទួលបានការតែងតាំងជាឧកញ៉ា ដោយព្រះរាជក្រឹត្យលេខនស/រកត/១១០៩/១០៦៦ ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០០៩) ក៏ទើបទទួលបានការផ្តល់គោរមងារថ្មីជា «អ្នកឧកញ៉ា» ដោយព្រះរាជក្រឹត្យលេខនស/រកត/០១២១/០៤១ ចុះថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ ៕