កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅថ្មីៗ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) បានចេញសេចក្តីជូនដំណឹងមួយលេខ០០២សហវ ជម្រាបដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា ក្រុមហ៊ុន King Technologies Co.,Ltd.(Opennet) ដែលជាប្រតិបត្តិករផ្តល់សេវា Internet មិនទាន់បានអនុវត្តកាតព្វកិច្ចទូទាត់បំណុលជូនរដ្ឋនៅឡើយ ។
សេចក្តីជូនដំណឹងរបស់ក្រសួង MEF និងក្រសួង MPTC បានសម្រេចទុករយៈពេលចំនួន០៧ថ្ងៃ គិតចាប់ពីថ្ងៃក្រសួងចេញសេចក្តីជូនដំណឹងនេះដើម្បីឲ្យក្រុមហ៊ុន Opennet ចូលមកបំពេញកាតព្វកិច្ចទូទាត់បំណុលនៃចំណូលបែងចែក (Revenue Share) និងបំណុលដទៃទៀតដែលក្រុមហ៊ុននៅជំពាក់រដ្ឋជាកំហិត ។ លើសពីនេះ ក្រសួងបានធ្វើការព្រមានផងដែរថា ក្នុងករណីក្រុមហ៊ុន Opennet នៅតែគេចវេះមិនព្រមទូទាត់បំណុលជូនរដ្ឋទេនោះ ក្រសួងនឹងចាត់វិធានការព្យួរអាជ្ញាបណ្ណរបស់ក្រុមហ៊ុន និងអនុវត្តមាត្រា៧៨នៃច្បាប់ស្តីពីទូរគមនាគមន៍ ព្រមទាំងចាត់វិធានការដទៃទៀតស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ។
ទោះយ៉ាងណាក៏ដោយ ក្រសួង MEF និងក្រសួង MPTC មិនបានបញ្ជាក់ឲ្យដឹងអំពីទំហំទឹកប្រាក់បំណុលដែលក្រុមហ៊ុន Opennet នៅជំពាក់រដ្ឋមានចំនួនប៉ុន្មានពិតប្រាកដនោះឡើយ ។
សូមបញ្ជាក់ជូនថា ក្រុមហ៊ុន King Technologies Co.,Ltd. (Opennet) ទទួលបានអាជ្ញាបណ្ណប្រតិបត្តិការផ្តល់សេវា VoIP និងសេវា ISP ពីក្រសួង MPTC ៕