ទីបំផុត នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ដែលជាទិវានៃសេចក្តីស្រឡាញ់នេះ លោកឧត្តមសេនីយ៍ឯក និងជាអតីតឧកញ៉ា ឌួង ងៀប អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ និងជាអ្នកជំនួញដ៏សកម្មម្នាក់នៅកម្ពុជាត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្នក្រោមការចោទប្រកាន់ពីបទឆបោក និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន មានទំហំទឹកប្រាក់ជាង៧លានដុល្លារអាមេរិក បន្ទាប់ពីសមត្ថកិច្ចមន្ត្រីនគរបាលយុត្តិធម៌ឃាត់ខ្លួននាថ្ងៃដដែល ។
កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅថ្មីៗ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានបំភ្លឺបញ្ជាក់ឲ្យដឹងថាឈ្មោះ ដួង ងៀប ត្រូវបានជនជាតិចិនចំនួន២នាក់ គឺឈ្មោះ Chih Yu Yen និងឈ្មោះ Yao Ching King ដាក់ពាក្យប្តឹងពាក់ព័ន្ធនឹងករណីលក់អចលនវត្ថុមួយកន្លែង ដែលអ្នកទិញជាដើមបណ្តឹងបានប្រគល់ប្រាក់ថ្លៃទិញដីគ្រប់ចំនួន៧ ៣០៥ ០០០ ដុល្លារអាមេរិកឲ្យជនត្រូវចោទឈ្មោះ ដួង ងៀប រួចរាល់ ប៉ុន្តែជនត្រូវចោទមិនមានដីធ្លីប្រគល់ឲ្យទៅអ្នកទិញនោះឡើយ ។
មន្ត្រីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់ឲ្យដឹងទៀតថា ក្នុងដំណាក់កាលសម្របសម្រួលដោះស្រាយទំនាស់នេះ លោកឧត្តមសេនីយ៍ឯក ដួង ងៀប បានចេញមូលប្បទានបត្រចំនួន៣សន្លឹកមានតម្លៃទឹកប្រាក់សរុបចំនួន៧ ៣០៥ ០០០ដុល្លារអាមេរិក ។ លុះដល់ពេលដើមបណ្តឹងទៅបើកប្រាក់នៅធនាគារក៏ត្រូវបានធនាគារបញ្ជាក់ថា មូលប្បទានបត្រទាំង៣សន្លឹកនោះគ្មានសាច់ប្រាក់ទេ ។
លោក ឌួង ងៀប ដែលជាអ្នកជំនួញដ៏សកម្មម្នាក់នៅកម្ពុជាធ្លាប់ទទួលបានការតែងតាំងគោរមងារជាឧកញ៉ា ដោយព្រះរាជក្រឹត្យលេខនស/រកត/០៥០៨/៥៥៧ ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០០៨ ។ ក្រៅពីមានងារជាឧកញ៉ានោះ គឺឧកញ៉ា ដួង ងៀប ក៏ជានាយនគរបាលថ្នាក់ឧត្តមសេនីយ៍ឯក (ផ្កាយ៣) អត្តលេខ០៥៥៣ ក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជាក្រសួងមហាផ្ទៃផងដែរ ។
លោកឧត្តមសេនីយ៍ ដួង ងៀប ទទួលបានការតែងតាំងមុខតំណែងជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃតាំងពីមានឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ត្រី (ផ្កាយ១) មកម្ល៉េះ ដោយអនុក្រឹត្យលេខ៩០៦អនក្រ.តត ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៤ ។
ក្រោយមក លោកឧត្តមសេនីយ៍ឯក ដួង ងៀប ក៏ត្រូវបានបញ្ចប់គោរមងារជាឧកញ៉ាវិញត្រឹមរក្សាក្របខ័ណ្ឌជានាយនគរបាលថ្នាក់ឧត្តមសេនីយ៍ក្រសួងមហាផ្ទៃដដែល ដោយព្រះរាជក្រឹត្យលេខនស/រកត/១១១៩/១៧៥១ ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ៕