ដោយចាប់ផ្តើមចេញពីវិវាទការងារ (ទាមទារឲ្យអតីតបុគ្គលិកក្រុមហ៊ុន Naga World Limited ចំនួន៣៦៥នាក់ដែលក្រុមហ៊ុនបញ្ឈប់ពីការងារឲ្យចូលបម្រើការងារវិញ) ដំណើរការតវ៉ាទាមទាររបស់ក្រុមកូដករ-បាតុករ ជាអតីតបុគ្គលិកក្រុមហ៊ុន Naga World អស់រយៈពេលជាច្រើនខែ មិនត្រឹមមិនទទួលបានដំណោះស្រាយនោះទេ គឺបានប្រែក្លាយទៅជាសំណុំរឿងព្រហ្មទណ្ឌធ្វើឲ្យមេដឹកនាំសហជីព និងបាតុករយ៉ាងហោចណាស់ចំនួន០៨នាក់ ត្រូវបានអាជ្ញាធរ និងស្ថាប័នតុលាការចាប់ឃុំខ្លួនដាក់ពន្ធនាគារក្រោមការចោទប្រកាន់ពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមបញ្ញត្តិមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាទៅវិញ ។
ដូច្នេះ ការតវ៉ារបស់ក្រុមបាតុករ គឺទាមទារឲ្យអតីតបុគ្គលិកក្រុមហ៊ុន Naga World ចំនួន៣៦៥នាក់បានចូលបម្រើការងារវិញផង និងសុំទាមទារឲ្យមានការដោះលែងជនត្រូវចោទកំពុងជាប់ឃុំខ្លួនចំនួន០៨នាក់ ឲ្យមានសេរីភាពវិញផង ។
តំណាងអង្គការសង្គមស៊ីវិលចំនួន០៨អង្គការមិនត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញអនុញ្ញាតឲ្យចូលទៅសាកសួរសុខទុក្ខជនត្រូវចោទដែលកំពុងជាប់ឃុំខ្លួនក្នុងពន្ធនាគារទាំង០៨នាក់នោះឡើយ តាមលិខិតលេខ២៦៤«ខ»រ.ប/២២ ចុះថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ ។
បច្ចុប្បន្ននេះ ក្រុមបាតុករជាអតីតបុគ្គលិកក្រុមហ៊ុនកាស៊ីណូ Naga World បាន និងកំពុងប្រឈមនឹងវិធានការរបស់អាជ្ញាធរក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ (COVID-19) ប្រភេទបំប្លែងខ្លួនថ្មីឈ្មោះ Omicron ពីព្រោះនៅក្នុងចំណោមក្រុមបាតុករត្រូវបានអាជ្ញាធរប្រកាសឲ្យដឹងថា មានអ្នកឆ្លងជំងឺ COVID-19 រួចទៅហើយ ។
មជ្ឈដ្ឋានអ្នកវិភាគកិច្ចការសង្គមនៅកម្ពុជាបានបញ្ជេញទស្សនៈថា ការប្រែក្លាយពីរឿងវិវាទការងារទៅជាសំណុំរឿងព្រហ្មទណ្ឌបង្កឲ្យមានមនុស្សជាប់ឃុំខ្លួនក្នុងពន្ធនាគារជាហូរហែ និងវិធានការរបស់អាជ្ញាធរក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ COVID-19 ក្នុងចំណោមក្រុមបាតុករ គឺបានក្លាយជាឧបសគ្គដ៏ធំថែមទៀតពាក់ព័ន្ធនឹងការតវ៉ារបស់ក្រុមបាតុករដែលជាអតីតបុគ្គលិកក្រុមហ៊ុន Naga World ។
ថៅកែធំនៃបនល្បែងកាស៊ីណូ Naga World ត្រូវបានគេស្គាល់ថា គឺឯកឧត្តម ចេន លីបគង់ (Chen Lip Keong) ជាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជាមានឋានៈស្មើរដ្ឋមន្ត្រី (ទទួលបានការតែងតាំងកាលពីនីតិកាលទី៥នៃរដ្ឋសភា ដោយព្រះរាជក្រឹត្យលេខនស/រកត/១០១៣/១០២៣ ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៣ និងទទួលបានការតែងតាំងសាជាថ្មីសម្រាប់នីតិកាលទី៦នៃរដ្ឋសភា ដោយព្រះរាជក្រឹត្យលេខនស/រកត/០៩១៨/៩៦៧ ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨) ៕