ថ្ងៃ ពុធ ទី ២៥ ខែ ឧសភា ឆ្នាំ ២០២២

មាន​ហើយ​មាន​ទៀត ! ឧកញ៉ា​ដ៏​មាន​ឥទ្ធិពល​ពីររូប​ទទួល​បាន​ចំណែក​ផ្ទៃដី​បឹង​តា​មោក (​បឹង​កប់​ស្រូវ​) ជាង​២០០​ហិកតា​ធ្វើជា​កម្មសិទ្ធិ​

ផ្ទៃដី​បឹង​តា​មោក (​បឹង​កប់​ស្រូវ​) ដែលជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ស្ថិតនៅ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ សម្រេច​កាត់ចេញ​ទំហំ​២ ៥៥៤ ០០០​ម៉ែត្រក្រឡា (២៥៥,៤​ហិកតា​) និង​ធ្វើ​អនុ​ប​យោគ​ពី​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ទៅជា​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ ព្រមទាំង​ប្រទានកម្ម​ជូន​ឧកញ៉ា​ដ៏​មាន​ឥទ្ធិពល​ចំនួន​២​រូប គឺ​ឯកឧត្តម​ឧកញ៉ា កុក អាន ដែល​គេ​ស្គាល់​ថា ជា​អគ្គនាយក​ក្រុមហ៊ុន​អាន​កូ និង​ជា​សមាជិក​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក​ឧកញ៉ា ជឹ​ង ធាន​សេង ដែល​គេ​ស្គាល់​ថា​ជា​ប្អូនប្រុស​របស់លោក​ជំទាវ​ឧកញ៉ា ជឹ​ង សុភាព (​ហៅ​យាយ​ភូ​) អនុប្រធាន​កាកបាទក្រហមកម្ពុជា និង​ជា​ភរិយា​របស់​ឯកឧត្តម​ឧកញ៉ា ឡាវ ម៉េង​ឃី​ន សមាជិក​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ធ្វើជា​កម្មសិទ្ធិ​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០២១​កន្លងទៅ​ថ្មីៗ​នេះ ។​

​ឧកញ៉ា ជឹ​ង ធាន​សេង ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន Five Sibling & NH Co.,Ltd. ដែលមាន​លោកស្រី ហ៊ុន ម៉ា​ណា កូនស្រី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​អភិបាល​ក្រុមហ៊ុន​ផងដែរ​នោះ ទទួលបាន​ចំណែក​ផ្ទៃដី​បឹង​តា​មោក (​បឹង​កប់​ស្រូវ​) ទំហំ​១ ០០០ ១៦៨​ម៉ែត្រក្រឡា ស្ថិតនៅ​សង្កាត់​គោក​រកា សង្កាត់​ពញា​ពន់ និង​សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ធ្វើជា​កម្មសិទ្ធិ ដែល​ពន្ធ និង​អាករ​ផ្សេងៗ​ជា​បន្ទុក​របស់​រដ្ឋ ដោយ​អនុក្រឹត្យ​លេខ​២៣០​អនក្រ​.​បក ចុះ​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២១ ។

​ឧកញ៉ា កុក អាន អគ្គនាយក​ក្រុមហ៊ុន​អាន​កូ ទទួលបាន​ចំណែក​ផ្ទៃដី​បឹង​តា​មោក (​បឹង​កប់​ស្រូវ​) ទំហំ​១ ៥៥៣ ៨៣២​ម៉ែត្រក្រឡា ស្ថិតនៅ​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ធ្វើជា​កម្មសិទ្ធិ​ដែល​ពន្ធ និង​អាករ​ផ្សេងៗ​ជា​បន្ទុក​របស់​រដ្ឋ ដោយ​អនុក្រឹត្យ​លេខ​២៣១​អនក្រ​.​បក ចុះ​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២១ ។​

​មិនទាន់​បានដឹង​ប្រាកដថា តើ​ឧកញ៉ា កុក អាន និង​ឧកញ៉ា ជឹ​ង ធាន​សេង ទទួលបាន​ចំណែក​ផ្ទៃដី​បឹង​តា​មោក (​បឹង​កប់​ស្រូវ​) ដល់​ចំនួន​ខ្ទង់រយ​ហិកតា​ធ្វើជា​កម្មសិទ្ធិ​បែបនេះ​ដោយសារ​មូលហេតុ​អ្វី​នោះ​នៅឡើយ​ទេ (​ដោយសារ​ទិញ​បន្ត​ពី​ប្រជាពលរដ្ឋ ឬ​ពី​ស្ថាប័នរដ្ឋ​ណាមួយ ឬ​ដោយសារ​ការកាន់កាប់​ជាក់ស្តែង ឬ​ដោយសារ​ការដោះដូរ​ដី​ជាមួយ​រដ្ឋ ?) ។​

​លោក កុក អាន ជា​ឈ្មួញ​រកស៊ី​ដ៏​សកម្ម​ម្នា​ក់នៅ​កម្ពុជា​ទទួលបាន​ការតែងតាំង​គោរមងារ​ជា​ឧកញ៉ា ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០១៩៥/០៤ ចុះ​ថ្ងៃទី​២១ ខែមករា ឆ្នាំ​១៩៩៥ និង​លោក ជឹ​ង ធាន​សេង ជា​ប្អូនប្រុស​របស់លោក​ជំទាវ​ឧកញ៉ា ជឹ​ង សុភាព (​ហៅ​យាយ​ភូ​) ឈ្មួញ​ដ៏​មាន​ឥទ្ធិពល​នៅ​កម្ពុជា​ទទួលបាន​ការតែងតាំង​គោរមងារ​ជា​ឧកញ៉ា ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៤១៣/២៨៥ ចុះ​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០១៣ ។ ឧកញ៉ា ជឹ​ង ធាន​សេង ក៏​អតីត​ជា​នាយទាហានជាន់ខ្ពស់​នៃ​កងយោធពល​ខេមរភូមិន្ទ​ក្រសួងការពារជាតិ​ម្នាក់​ដែរ អត្តលេខ​០១១៦០៩ ឋានន្តរស័ក្តិ​វរសេនីយ៍ឯក​(​ស័ក្តិ​៥) និង​ធ្លាប់​កាន់តំណែង​ជា​មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង (​ប៉ុន្តែ​ត្រូវបាន​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​កងយោធពល​ខេមរភូមិន្ទ​វិញ ដោយ​អនុក្រឹត្យ​លេខ​១៦៥៧​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០១៤) ។​

​គួរ​រំលឹក​ជូន​ថា កាលពី​ឆ្នាំ​២០១៨​កន្លងទៅ ក្រុមហ៊ុន Phnom Penh Precast Plants Co.,Ltd. ដែលមាន​ឧកញ៉ា ជឹ​ង ធាន​សេង​ជា​នាយក​ក្រុមហ៊ុន ក៏​ធ្លាប់​ទទួលបាន​ចំណែក​ផ្ទៃដី​បឹងទំពុន ស្ថិតនៅ​សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ទំហំ​៣៥​ហិកតា ធ្វើជា​កម្មសិទ្ធិ​ផងដែរ ។ មានន័យថា ឧកញ៉ា ជឹ​ង ធាន​សេង ប្អូនប្រុស «​យាយ​ភូ​» បាន «​កាក់កប​យ៉ាង​សម្បើម​» ជាមួយនឹង​ផលប្រយោជន៍​ពី «​បឹង​ធម្មជាតិ​» ដែលជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ ។​

​គិត​ត្រឹម​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០២១​កន្លងទៅនេះ ផ្ទៃដី​បឹង​តា​មោក (​បឹង​កប់​ស្រូវ​) ដែលជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ស្ថិតនៅ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ យ៉ាងហោចណាស់​ទំហំ​ប្រមាណ​១៨ ៣៨២ ៨៦៩,៥ ម៉ែត្រក្រឡា (​ជាង​១ ៨៣៨​ហិកតា​) ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុ​ជាកា​ត់​ចេញ​ធ្វើ​អនុ​ប​យោគ​ទៅជា​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ និង​ប្រទានកម្ម​ទៅ​ឲ្យ​ស្ថាប័នរដ្ឋ និង​បុគ្គល​ឯកជន​ជា​ហូរហែ​ធ្វើជា​កម្មសិទ្ធិ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.