ផ្ទៃបឹងតាមោក (បឹងកប់ស្រូវ) ស្ថិតនៅភូមិសាស្ត្ររាជធានីភ្នំពេញជាសម្បត្តិសាធារណៈរបស់រដ្ឋដែលកំណត់ដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជាលេខ២០អនក្រ.បក ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦នោះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ សម្រេចកែសម្រួល និងកាត់ផ្ទៃដីទំហំ៣ហិកតា ស្ថិតនៅសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ចេញពីផ្ទៃបឹងតាមោកធ្វើអនុបយោគពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ព្រមទាំងប្រទានកម្មជាកម្មសិទ្ធិជូនគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយអនុក្រឹត្យលេខ២៤៧អនក្រ.បក ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ ។
នេះអាចចាត់ទុកថា ជាអំណោយ (កាដូ) ថ្មីមួយជូនគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (NEC) បន្ទាប់ពីឯកឧត្តម ប្រាជ្ញ ចន្ទ អតីតអ្នកតំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ មកកាន់តំណែងជាប្រធាន NEC ដែលទទួលបានផ្ទៃដីបឹងតាមោកចំនួន៣ហិកតាជាកម្មសិទ្ធិ ។
ឯកឧត្តម ប្រាជ្ញ ចន្ទ អតីតប្រធានគណៈកម្មការទី១នៃរដ្ឋសភានីតិកាលទី៦ និងជាអតីតអ្នកតំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ ទទួលបានការតែងតាំងជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជំនួសឯកឧត្តម ស៊ិក ប៊ុនហុក ដោយព្រះរាជក្រឹត្យលេខនស/រកត/០៦២១/៤៩១ ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ៕