ថ្ងៃ ពុធ ទី ២៥ ខែ ឧសភា ឆ្នាំ ២០២២

៤​ខ្វះ​១ ! ចំណោម​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា (CPP) ចំនួន​៤​រូប គឺ​មានតែ​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ប៉ុណ្ណោះ ដែល​មិនទាន់មាន​ងារ​ជា «​សម្តេច​»

យោងតាម​លទ្ធផល​នៃ​សន្និបាត​គណៈកម្មាធិការ​កណ្តាល​លើក​ទី​៤៣​របស់​គណបក្ស​ប្រជាជន​កម្ពុជា (CPP) នា​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០២១​កន្លងទៅ គឺ​គណបក្សនយោបាយ​គ្រប់គ្រង​អំណាច​មានទ្រព្យ​សម្បត្តិ​មហាសាល និង​មាន​រចនាសម្ព័ន្ធ​ពីលើ​ដល់​ក្រោម «​ញឹក​ដូច​ស្និតចេក​» ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រធាន​នេះ មាន​អនុប្រធាន​ចំនួន​៤​រូប ជាអាទិ៍ ៖ ១-​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​, ២-​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​, ៣-​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង ៤-​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការ​រ​កិច្ច ។​

​ក្នុងចំណោម​ថ្នាក់ដឹកនាំ​ដែលជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ទាំង​៤​រូប គឺ​មានតែ​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ម្នាក់​ប៉ុណ្ណោះ ដែល​មិនទាន់​ទទួលបាន​គោរមងារ​ជា «​សម្តេច​» ដូច​បណ្តា​ថ្នាក់ដឹកនាំ​ជា​អនុប្រធាន​គណបក្ស​ចំនួន​៣​រូប​ផ្សេងទៀត ។

​ឯកឧត្តម សាយ ឈុំ ទទួល​បានការ​ប្រោស​ព្រះរាជទាន​គោរមងារ​ជា «​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ​» ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៦១៥/៦៣៣ ចុះ​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៥ ។​

​ឯកឧត្តម ស ខេង ទទួល​បានការ​ប្រោស​ព្រះរាជទាន​គោរមងារ​ជា «​សម្តេច​ក្រឡាហោម ស ខេង​» ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៦១៥/៦៣៣ ចុះ​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៥ ។​

​ឯកឧត្តម ទៀ បាញ់ ដែលជា​នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​៤ នៃ​កងយោធពល​ខេមរភូមិន្ទ​ក្រសួងការពារជាតិ អត្តលេខ​០០០០០៦ ដែរនោះ ទទួល​បានការ​ប្រោស​ព្រះរាជទាន​គោរមងារ​ជា «​សម្តេច​ពិជ័យ​សេនា ទៀ បាញ់​» ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៧១៧/៥៨១ ចុះ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៧ ។

​លោកជំទាវ ម៉ែន សំអន ដែលមាន​ក្របខ័ណ្ឌ​ដើម​ជា​នាយទាហានជាន់ខ្ពស់​នៃ​កងយោធពល​ខេមរភូមិន្ទ​ក្រសួងការពារជាតិ អត្តលេខ​០០១១៧៩ ឋានន្តរស័ក្តិ​ឧ​ត្ត​ម​សេនីយ៍​ឯក (​ផ្កាយ​៣) ទទួលបាន​ការដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​៤ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៩០៨/១០០៥ ចុះ​ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ​២០០៨ ។

​ក្រោយមក លោកជំទាវ ម៉ែន សំអន ក៏​ទទួលបាន​ការផ្តល់​គោរមងារ​កិត្តិយស​នៃ​រាជបណ្ឌិតសភា​កម្ពុជា ជា «​កិត្តិ​សង្គហ​បណ្ឌិត​» ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៤១៨/៤០៣ ចុះ​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០១៨ រហូតទល់​បច្ចុប្បន្ន ។

​ដូច្នេះ តើ​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន គួរតែ​ទទួលបាន​គោរមងារ​ជា «​សម្តេច​» ដូច​បណ្តា​ថ្នាក់ដឹកនាំ​ជា​ប្រធានកិត្តិយស​គណបក្ស ប្រធាន​គណបក្ស និង​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៣​រូប​ទៀត​ដែរឬទេ ? ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.