បន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួនយ៉ាងប្រទាញប្រទង់កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ម្សិលមិញតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរនោះ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២នេះ កញ្ញា ឈឹម ស៊ីថរ អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ លីមីធីត (Naga World Limited) និងជាប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុន Naga World ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនដាក់ពន្ធនាគារហើយ ក្រោមការចោទប្រកាន់ពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមបញ្ញត្តិមាត្រា៤៩៤ និងមាត្រា៤៩៥នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ។
ដោយឡែក បុរសម្នាក់ទៀតឈ្មោះ សុខ ណារិទ្ធ អាយុ៤៦ឆ្នាំ ជាប៉ូលិសអន្តោប្រវេសន៍ និងជាអ្នកប្រឹក្សាច្បាប់ការងាររបស់សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុន Naga World ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនដំណាលគ្នាជាមួយនឹងកញ្ញា ឈឹម ស៊ីថរ ក្រោមការចោទប្រកាន់ពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមដែរនោះ ក៏ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនដាក់ពន្ធនាគារផងដែរ ។
កញ្ញា ឈឹម ស៊ីថរ អាយុ៣៤ឆ្នាំ អតីតបុគ្គលិកក្រុមហ៊ុន Naga World និងជាប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុន Naga World ព្រមទាំងមនុស្សចំនួន០៨នាក់ផ្សេងទៀតត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់បើកការស៊ើបសួរកាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ ពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមបញ្ញត្តិមាត្រា៤៩៤ និងមាត្រា៤៩៥នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងសកម្មភាពធ្វើកូដកម្ម-បាតុកម្មទាមទារឲ្យនិយោជកក្រុមហ៊ុនកាស៊ីណូ Naga World ទទួលយកអតីតបុគ្គលិកក្រុមហ៊ុនចំនួន៣៦៥នាក់ដែលក្រុមហ៊ុនបណ្តេញចេញឲ្យចូលបម្រើការងារវិញ ។
អនុលោមតាមបញ្ញត្តិមាត្រា៤៩៤ និងមាត្រា៤៩៥នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា គឺកញ្ញា ឈឹម ស៊ីថរ និងជនមួយចំនួនទៀតដែលរងការចោទប្រកាន់ពីបទញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម នឹងត្រូវប្រឈមការផ្តន្ទាទោសដាក់ពន្ធនាគារពី០៦ (ប្រាំមួយ) ខែ ទៅ ២ (ពីរ) ឆ្នាំ និងពិន័យជាប្រាក់ពី១ ០០០ ០០០ (មួយលាន) រៀល ទៅ ៤ ០០០ ០០០ (បួនលាន) រៀល ។
ថៅកែធំនៃបនល្បែងកាស៊ីណូ Naga World ត្រូវបានគេស្គាល់ថា គឺឯកឧត្តម ចេន លីបគង់ (Chen Lip Keong) ជាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជាមានឋានៈស្មើរដ្ឋមន្ត្រី (ទទួលបានការតែងតាំងកាលពីនីតិកាលទី៥នៃរដ្ឋសភា ដោយព្រះរាជក្រឹត្យលេខនស/រកត/១០១៣/១០២៣ ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៣ និងទទួលបានការតែងតាំងសាជាថ្មីសម្រាប់នីតិកាលទី៦នៃរដ្ឋសភា ដោយព្រះរាជក្រឹត្យលេខនស/រកត/០៩១៨/៩៦៧ ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨) ៕