ថ្ងៃ ពុធ ទី ១៩ ខែ មករា ឆ្នាំ ២០២២

​ឆ្លង​ពី​ចោទ​ដល់​ចាប់ និង​ឥឡូវ​ឃុំខ្លួន ! មេដឹកនាំ​សហជីព​ក្រុមហ៊ុន​កាស៊ីណូ Naga World ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​ហើយ​

បន្ទាប់ពី​សមត្ថកិច្ច​ចាប់ខ្លួន​យ៉ាង​ប្រទាញប្រទង់​កាលពី​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០២២​ម្សិលមិញ​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់​ចៅក្រម​ស៊ើបសួរ​នោះ នៅ​ថ្ងៃទី​០៥ ខែមករា ឆ្នាំ​២០២២​នេះ កញ្ញា ឈឹម ស៊ីថរ អតីត​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍ លី​មី​ធី​ត (Naga World Limited) និង​ជា​ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មក​រ​ខ្មែរ​នៃ​ក្រុមហ៊ុន Naga World ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ដាក់ពន្ធនាគារ​ហើយ ក្រោម​ការចោទប្រកាន់​ពីបទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម តាម​បញ្ញត្តិ​មាត្រា​៤៩៤ និង​មាត្រា​៤៩៥​នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

​ដោយឡែក បុរស​ម្នាក់ទៀត​ឈ្មោះ សុខ ណា​រិ​ទ្ធ អាយុ​៤៦​ឆ្នាំ ជា​ប៉ូលិសអន្តោប្រវេសន៍ និង​ជា​អ្នក​ប្រឹក្សា​ច្បាប់​ការងារ​របស់​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មក​រ​ខ្មែរ​នៃ​ក្រុមហ៊ុន Naga World ដែល​ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ដំណាលគ្នា​ជាមួយនឹង​កញ្ញា ឈឹម ស៊ីថរ ក្រោម​ការចោទប្រកាន់​ពីបទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ដែរនោះ ក៏ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ដាក់ពន្ធនាគារ​ផងដែរ ។​

​កញ្ញា ឈឹម ស៊ីថរ អាយុ​៣៤​ឆ្នាំ អតីត​បុគ្គលិក​ក្រុមហ៊ុន Naga World និង​ជា​ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មក​រ​ខ្មែរ​នៃ​ក្រុមហ៊ុន Naga World ព្រមទាំង​មនុស្ស​ចំនួន​០៨​នាក់​ផ្សេងទៀត​ត្រូវបាន​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចោទប្រកាន់​បើក​ការ​ស៊ើបសួរ​កាលពី​ថ្ងៃទី​០៣ ខែមករា ឆ្នាំ​២០២២ ពីបទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម តាម​បញ្ញត្តិ​មាត្រា​៤៩៤ និង​មាត្រា​៤៩៥​នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ពាក់ព័ន្ធ​នឹង​សកម្មភាព​ធ្វើ​កូដកម្ម​-​បាតុកម្ម​ទាមទារ​ឲ្យ​និយោជក​ក្រុមហ៊ុន​កាស៊ីណូ Naga World ទទួលយក​អតីត​បុគ្គលិក​ក្រុមហ៊ុន​ចំនួន​៣៦៥​នាក់​ដែល​ក្រុមហ៊ុន​បណ្តេញចេញ​ឲ្យ​ចូល​បម្រើ​ការងារ​វិញ ។

​អនុលោម​តាម​បញ្ញត្តិ​មាត្រា​៤៩៤ និង​មាត្រា​៤៩៥​នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​កញ្ញា ឈឹម ស៊ីថរ និង​ជន​មួយចំនួនទៀត​ដែល​រង​ការចោទប្រកាន់​ពីបទ​ញុះញង់​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម នឹងត្រូវ​ប្រឈម​ការផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​០៦ (​ប្រាំមួយ​) ខែ ទៅ ២ (​ពីរ​) ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​១ ០០០ ០០០ (​មួយ​លាន​) រៀល ទៅ ៤ ០០០ ០០០ (​បួន​លាន​) រៀល ។

​ថៅកែ​ធំ​នៃ​បន​ល្បែង​កាស៊ីណូ Naga World ត្រូវបាន​គេ​ស្គាល់​ថា គឺ​ឯកឧត្តម ចេ​ន លី​ប​គង់ (Chen Lip Keong) ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុ​ជាមាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី (​ទទួលបាន​ការតែងតាំង​កាលពី​នីតិកាល​ទី​៥​នៃ​រដ្ឋសភា ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១០១៣/១០២៣ ចុះ​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៣ និង​ទទួលបាន​ការតែងតាំង​សាជាថ្មី​សម្រាប់​នីតិកាល​ទី​៦​នៃ​រដ្ឋសភា ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៩១៨/៩៦៧ ចុះ​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៨) ៕​

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.