ប្រភពស្និទ្ធនឹងមន្ត្រីនគរបាលជាន់ខ្ពស់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ លីមីធីត (Naga World Limited) ត្រូវបានសមត្ថកិច្ចចាប់ខ្លួនហើយនៅវេលាម៉ោង១៦រសៀលនាថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២នេះតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីមេដឹកនាំសហជីពរូបនេះ និងមនុស្សចំនួន០៨នាក់ផ្សេងទៀតត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញសម្រេចបើកការស៊ើបសួរចោទប្រកាន់ពីបទញុះញង់បង្កឲ្យមានការវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមបញ្ញត្តិមាត្រា៤៩៤ និងមាត្រា៤៩៥នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងសកម្មភាពធ្វើកូដកម្ម-បាតុកម្មទាមទារឲ្យនិយោជកក្រុមហ៊ុនកាស៊ីណូ Naga World ទទួលយកអតីតបុគ្គលិកក្រុមហ៊ុនចំនួន៣៦៥នាក់ ដែលក្រុមហ៊ុនបណ្តេញចេញឲ្យចូលបម្រើការងារវិញ ។
គួរបញ្ជាក់ជូនដែរថា សកម្មភាពនៃការធ្វើកូដកម្មរបស់សហជីព និងអតីតបុគ្គលិកក្រុមហ៊ុនកាស៊ីណូ Naga World ដែលបានចាប់ផ្តើមឡើងកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ ត្រូវបានស្ថាប័នតុលាការសាលាដំបូងរាជធានីភ្នំពេញសម្រេចកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ចាត់ទុកថា «ជាកូដកម្មខុសច្បាប់» ។
ក្រោមឥទ្ធិពលនៃការសម្រេចរបស់ស្ថាប័នតុលាការ និងកិច្ចប្រជុំដោះស្រាយវិវាទការងាររបស់អតីតបុគ្គលិកក្រុមហ៊ុន Naga World ដែលបានធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១រវាងគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្ម នៅតាមគ្រប់មុខសញ្ញា និងក្រុមកូដករទទួលបានលទ្ធផល «បរាជ័យ» ព្រមទាំងសកម្មភាពកូដកម្ម បាតុកម្មចេះតែបន្តបាននាំឲ្យមេដឹកនាំសហជីព និងអតីតបុគ្គលិកក្រុមហ៊ុន Naga World យ៉ាងហោចណាស់ចំនួន០៩នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ដែលជាថ្ងៃឆ្លងឆ្នាំសកលឈានចូលឆ្នាំ២០២២បញ្ជូនទៅស្ថាប័នតុលាការចាត់ការតាមនីតិវីធី ។
ដូច្នេះ កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុន Naga World បានជួបទុក្ខភ័យហើយ នៅក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល ឆ្នាំ២០២២នេះ ។
ថៅកែធំនៃបនល្បែងកាស៊ីណូ Naga World ត្រូវបានគេស្គាល់ថា គឺឯកឧត្តម ចេន លីបគង់ (Chen Lip Keong) ជាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជាមានឋានៈស្មើរដ្ឋមន្ត្រី (ទទួលបានការតែងតាំងកាលពីនីតិកាលទី៥នៃរដ្ឋសភា ដោយព្រះរាជក្រឹត្យលេខនស/រកត/១០១៣/១០២៣ ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៣ និងទទួលបានការតែងតាំងសាជាថ្មីសម្រាប់នីតិកាលទី៦នៃរដ្ឋសភា ដោយព្រះរាជក្រឹត្យលេខនស/រកត/០៩១៨/៩៦៧ ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨) ៕