ថ្ងៃ ចន្ទ ទី ១៥ ខែ សីហា ឆ្នាំ ២០២២

​ឆ្នាំ​ថ្មី​ជួប​ទុក្ខភ័យ ! មេដឹកនាំ​សហជីព​ក្រុមហ៊ុន​កាស៊ីណូ Naga World ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​តាម​ដីកា​បង្គាប់​របស់​តុលាការ​

ប្រភព​ស្និទ្ធ​នឹង​មន្ត្រីនគរបាល​ជាន់ខ្ពស់​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា កញ្ញា ឈឹម ស៊ីថរ ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មក​រ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍ លី​មី​ធី​ត (Naga World Limited) ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ហើយ​នៅវេលា​ម៉ោង​១៦​រសៀល​នា​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០២២​នេះ​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បន្ទាប់ពី​មេដឹកនាំ​សហជីព​រូបនេះ និង​មនុស្ស​ចំនួន​០៨​នាក់​ផ្សេងទៀត​ត្រូវបាន​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​បើក​ការ​ស៊ើបសួរ​ចោទប្រកាន់​ពីបទ​ញុះញង់​បង្ក​ឲ្យ​មានការ​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម តាម​បញ្ញត្តិ​មាត្រា​៤៩៤ និង​មាត្រា​៤៩៥​នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ពាក់ព័ន្ធ​នឹង​សកម្មភាព​ធ្វើ​កូដកម្ម​-​បាតុកម្ម​ទាមទារ​ឲ្យ​និយោជក​ក្រុមហ៊ុន​កាស៊ីណូ Naga World ទទួលយក​អតីត​បុគ្គលិក​ក្រុមហ៊ុន​ចំនួន​៣៦៥​នាក់ ដែល​ក្រុមហ៊ុន​បណ្តេញចេញ​ឲ្យ​ចូល​បម្រើ​ការងារ​វិញ ។

​គួរបញ្ជាក់​ជូន​ដែរ​ថា សកម្មភាព​នៃ​ការធ្វើ​កូដកម្ម​របស់​សហជីព និង​អតីត​បុគ្គលិក​ក្រុមហ៊ុន​កាស៊ីណូ Naga World ដែល​បានចាប់ផ្តើម​ឡើង​កាលពី​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០២១ ត្រូវបាន​ស្ថាប័ន​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​កាលពី​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២១ ចាត់ទុកថា «​ជា​កូដកម្ម​ខុសច្បាប់​» ។

​ក្រោម​ឥទ្ធិពល​នៃ​ការសម្រេច​របស់​ស្ថាប័ន​តុលាការ និង​កិច្ចប្រជុំ​ដោះស្រាយ​វិវាទ​ការងារ​របស់​អតីត​បុគ្គលិក​ក្រុមហ៊ុន Naga World ដែល​បាន​ធ្វើឡើង​នៅ​ទីស្តីការក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នា​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២១​រវាង​គណៈកម្មការ​ស​ម្រា​ប់​ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម នៅតាម​គ្រប់​មុខសញ្ញា និង​ក្រុម​កូដ​ករ​ទទួលបាន​លទ្ធ​ផល «​បរាជ័យ​» ព្រមទាំង​សកម្មភាព​កូដកម្ម បាតុកម្ម​ចេះតែ​បន្តបាន​នាំ​ឲ្យ​មេដឹកនាំ​សហជីព និង​អតីត​បុគ្គលិក​ក្រុមហ៊ុន Naga World យ៉ាងហោចណាស់​ចំនួន​០៩​នាក់​ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២១​ដែលជា​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​ឈានចូល​ឆ្នាំ​២០២២​បញ្ជូនទៅ​ស្ថាប័ន​តុលាការ​ចាត់ការ​តាម​នីតិវីធី ។​

​ដូច្នេះ កញ្ញា ឈឹម ស៊ីថរ ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មក​រ​ខ្មែរ​នៃ​ក្រុមហ៊ុន Naga World បាន​ជួប​ទុក្ខភ័យ​ហើយ នៅក្នុង​ឱកាស​ឆ្នាំ​ថ្មី ឆ្នាំ​សកល ឆ្នាំ​២០២២​នេះ ។

​ថៅកែ​ធំ​នៃ​បន​ល្បែង​កាស៊ីណូ Naga World ត្រូវបាន​គេ​ស្គាល់​ថា គឺ​ឯកឧត្តម ចេ​ន លី​ប​គង់ (Chen Lip Keong) ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុ​ជាមាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី (​ទទួលបាន​ការតែងតាំង​កាលពី​នីតិកាល​ទី​៥​នៃ​រដ្ឋសភា ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១០១៣/១០២៣ ចុះ​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៣ និង​ទទួលបាន​ការតែងតាំង​សាជាថ្មី​សម្រាប់​នីតិកាល​ទី​៦​នៃ​រដ្ឋសភា ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៩១៨/៩៦៧ ចុះ​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៨) ៕

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.