ថ្ងៃ ពុធ ទី ២៥ ខែ ឧសភា ឆ្នាំ ២០២២

ឆ្នាំ​ថ្មី​ល្បី​ចាប់ និង​ចោទ​មេដឹកនាំ​សហជីព​បន​ល្បែង Naga world ! មេដឹកនាំ​សហជីព និង​អតីត​បុគ្គលិក​ក្រុមហ៊ុន​កាស៊ីណូ Naga World ច្រើន​នាក់​ត្រូវបាន​ចាប់ និង​ចោទប្រកាន់​ក្នុង​បទល្មើស​ព្រហ្មទណ្ឌ​

​យ៉ាងហោចណាស់​មាន​មេដឹកនាំ​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មក​រ​ខ្មែរ​នៃ​ក្រុមហ៊ុន ណាហ្គា​វើ​លដ៍ លី​មី​ធី​ត (Naga World Limited) និង​អតីត​បុគ្គលិក​ក្រុមហ៊ុន​កាស៊ីណូ​ដ៏​ធំ​នៅ​កម្ពុ​ជាមួយនេះ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​រាជធានី​ភ្នំពេញ​ចាប់​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២១ ដែលជា​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​ឈានចូល​ឆ្នាំ​២០២២ ក្រោម​ការចោទប្រកាន់​ពីបទ​រៀបចំ​បាតុកម្ម​ខុសច្បាប់​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សណ្ត​ប់​ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម បន្ទាប់ពី​ក្រុម​សហជីព និង​អតីត​បុគ្គលិក​នៃ​ក្រុមហ៊ុន Naga World ធ្វើ​កូដកម្ម​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ទទួលយក​បុគ្គលិក​ចំនួន​៣៦៥​នាក់ ដែល​ក្រុមហ៊ុន​បាន​បណ្តេញចេញ​ឲ្យ​ចូលធ្វើ​ការងារ​វិញ អស់​រយៈពេល​ចំនួន​១៣​ថ្ងៃ​កន្លងមកហើយ ។​

​សកម្មភាព​នៃ​ការធ្វើ​កូដកម្ម​របស់​សហជីព និង​អតីត​បុគ្គលិក​ក្រុមហ៊ុន​កាស៊ីណូ Naga World នេះ ត្រូវបាន​ស្ថាប័ន​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​កាលពី​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២១​ចាត់ទុកថា «​ជា​កូដកម្ម​ខុសច្បាប់​» ។

​កិច្ចប្រជុំ​ដោះស្រាយ​វិវាទ​ការងារ​ដែល​បានធ្វើ​ឡើង​នៅ​ទីស្តីការក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នា​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២១ រវាង​គណៈកម្មការ​ស​ម្រា​ប់​ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម​នៅតាម​គ្រប់​មុខសញ្ញា និង​ក្រុម​កូដ​ករ​ទទួលបាន​លទ្ធ​ផល «​បរាជ័យ​» ។​

​លើសពីនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏បាន​ចេញ​សេចក្តីជូនដំណឹង​លេខ​១១៧/២១​សជណ​.​ច ចុះ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២១​ឲ្យ​ក្រុម​កូដ​ករ បាតុករ​បញ្ឈប់​ជាបន្ទាន់​នូវ​ការធ្វើសកម្មភាព​បាតុក​ម្ម​ដោយ​ខុសច្បាប់ ។​

​នៅ​ថ្ងៃទី​០៣ ខែមករា ឆ្នាំ​២០២២ អ្នកនាំពាក្យ​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ឲ្យ​ដឹងថា ជនសង្ស័យ​ចំនួន​០៩​នាក់ ដែលជា​មេដឹកនាំ​សហជីព និង​អតីត​បុគ្គលិក​នៃ​ក្រុមហ៊ុន Naga World ត្រូវបាន​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​បើក​ការ​ស៊ើបសួរ (​ចោទប្រកាន់​) ពីបទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ដែលជា​បទល្មើស​ត្រូវ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា​៤៩៤ និង​មាត្រា​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

​ដំណើរការ​ចោទប្រកាន់​បើក​ការ​ស៊ើបសួរ​របស់​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ទៅលើ​ជនសង្ស័យ​ទាំង​០៩​នាក់​នោះ ត្រូវបាន​មជ្ឈដ្ឋាន​អ្នកតាមដាន​ការអនុវត្ត​ច្បាប់​នៅ​កម្ពុជា​វាយតម្លៃ​ទុកជាមុន​ថា នៅ​ដំណាក់កាល​នីតិវិធី​នៃ​ចៅក្រម​ស៊ើបសួរ គឺ​ជន​ត្រូវ​ចោទ​ទាំង​០៩​នាក់​នឹង​អាច​ត្រូវបាន​ចៅក្រម​ស៊ើបសួរ​ចេញ​ដីកា​សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​ជាក់​ជាមិនខាន ។​

​ថៅកែ​ធំ​នៃ​បន​ល្បែង​កាស៊ីណូ Naga World ត្រូវបាន​គេ​ស្គាល់​ថា គឺ​ឯកឧត្តម ចេ​ន លី​ប​គង់ (Chen Lip Keong) ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុ​ជាមាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី (​ទទួលបាន​ការតែងតាំង​កាលពី​នីតិកាល​ទី​៥​នៃ​រដ្ឋសភា ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១០១៣/១០២៣ ចុះ​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៣ និង​ទទួលបាន​ការតែងតាំង​សាជាថ្មី​សម្រាប់​នីតិកាល​ទី​៦​នៃ​រដ្ឋសភា ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៩១៨/៩៦៧ ចុះ​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៨) ៕​

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.