អនុលោមតាមលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៣នៃគណបក្សប្រជាជនកម្ពុជា (CPP) ដែលគេស្គាល់ថា ជាគណបក្សនយោបាយកំពុងកាន់កាប់អំណាចពេញលេញនៅប្រទេសកម្ពុជាបច្ចុប្បន្ន និងជាគណបក្សនយោបាយមានទ្រព្យសម្បត្តិមហាសាល ព្រមទាំងមានរចនាសម្ព័ន្ធ «ញឹកដូចស្និតចេក» ពីលើដល់ក្រោមនោះ ក្រៅពីសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស គឺគណបក្សនេះមានអនុប្រធានរហូតចំនួន៤រូបហើយ រួមមាន ៖ ១-សម្តេចក្រឡាហោម ស ខេង, ២-សម្តេចវិបុលសេនាភក្តី សាយ ឈុំ, ៣-សម្តេចពិជ័យសេនា ទៀ បាញ់ និង ៤-លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ។
ថ្នាក់ដឹកនាំទាំង៦រូបរបស់គណបក្សប្រជាជនកម្ពុជា ( ប្រធានកិត្តិយសគណបក្ស, ប្រធានគណបក្ស និងអនុប្រធានគណបក្ស ) គឺសុទ្ធតែកំពុងកាន់កាប់មុខតំណែងកំពូលនៅក្នុងស្ថាប័នរដ្ឋបច្ចុប្បន្ន រួមមាន ៖ ១-សម្តេចអគ្គមហាពញាចក្រី នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហេង សំរិន ជាប្រធានរដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ, ២-សម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល, ៣-សម្តេចក្រឡាហោម ស ខេង ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង, ៤-សម្តេចវិបុលសេនាភក្តី សាយ ឈុំ ជាប្រធានព្រឹទ្ធសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ, ៥-សម្តេចពិជ័យសេនា នាយឧត្តមសេនីយ៍ផ្កាយមាស៤ ទៀ បាញ់ ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប និង ៦-លោកជំទាវកិត្តិសង្គហបណ្ឌិត នាយឧត្តមសេនីយ៍ផ្កាយមាស៤ ម៉ែន សំអន ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង ។
សន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៣នៃគណបក្សប្រជាជនកម្ពុជាក៏បានសម្រេចបន្តគាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី និងបានសម្រេចជាឯកច្ឆ័ន្ធជ្រើសតាំងឯកឧត្តម ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងត្រូវជាកូនប្រុសច្បងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគតផងដែរ ។
ជាមួយគ្នានេះក៏បានបង្ហាញផងដែរថា ក្នុងចំណោមថ្នាក់ដឹកនាំទាំង៦រូបរបស់គណបក្សប្រជាជនកម្ពុជា ( ប្រធានកិត្តិយសគណបក្ស ប្រធានគណបក្ស និងអនុប្រធានគណបក្ស ) មានចំនួន៥រូប ទទួលបានគោរមងារជា «សម្តេច» អស់ហើយ គឺនៅឡើយតែលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ម្នាក់ប៉ុណ្ណោះ ដែលមិនទាន់បានទទួលគោរមងារជា «សម្តេច» ។ ដោយឡែក ក្នុងចំណោមសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលចំនួន១១រូប ដែលមានក្របខ័ណ្ឌដើមជានាយទាហាន និងនាយនគរបាលជាតិសុទ្ធតែមានឋានន្តរស័ក្តិថ្នាក់នាយឧត្តមសេនីយ៍ (ផ្កាយ៤) យ៉ាងទាបបំផុត លើកលែងតែឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ម្នាក់ប៉ុណ្ណោះ ដែលមិនទាន់ទទួលបានឋានន្តរស័ក្តិថ្នាក់នាយឧត្តមសេនីយ៍ (ផ្កាយ៤) នៅឡើយ ៕