ករណីរាតត្បាតនៃជំងឺកូវីដ-១៩ (COVID-19) នៅកម្ពុជាពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ត្រូវបានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាប្រកាសបិទបញ្ចប់ហើយកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១បន្ទាប់ពីព្រឹត្តិការណ៍សហមន៍នេះបានញាំញីការរស់នៅ និងជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជាអស់រយៈពេល១០ខែ (ឆ្លងកាត់ការដាក់បម្រាមគោចរ ការបិទខ្ទប់ – Lockdown ការបិទសាលារៀន ការរាំងស្ទះអាជីវកម្ម-សេវាកម្ម ការព្យាបាលជំងឺ ការធ្វើចត្តាឡីស័ក-Quarantine ការជាប់គុក និងការបាត់បង់ការងារធ្វើ …។ល។ ) ជាមួយនឹងមានករណីមនុស្សស្លាប់បាត់បង់ជីវិតចំនួន៣ ០០៥នាក់ ដ៏គួរឲ្យសោកស្តាយបំផុត ។
យោងតាមសេចក្តីប្រកាសជូនព័ត៌មានរបស់ក្រសួងសុខាភិបាលបានបង្ហាញថា បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១រួចមក កម្ពុជានៅមានករណីឆ្លងជំងឺ COVID-19 នៅក្នុងសហគមន៍ចំនួន០៦នាក់ ( លទ្ធផលបញ្ជាក់ដោយ PCR ) និងមានករណីស្លាប់បាត់បង់ជីវិតចំនួន០២នាក់ជាបន្តបន្ទាប់ទៀតមិនទាន់ចប់ទាំងស្រុងនៅឡើយទេគិតត្រឹមថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ម្សិលមិញនេះ ។
ជំងឺផ្លូវដង្ហើមបង្កដោយមេរោគវីរុសកូវីដ-១៩ (COVID-19) ត្រូវបានរកឃើញដំបូងនៅប្រទេសកម្ពុជាលើខ្លួនបុរសជនជាតិចិនម្នាក់ឈ្មោះ Jia Jian Hua អាយុ៦០ឆ្នាំ នៅខេត្តព្រះសីហនុ នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ (ធ្វើដំណើរហោះត្រង់ពីទីក្រុង Wuhan ខេត្ត Hubei ប្រទេសចិន មកដល់ខេត្តព្រះសីហនុ នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០) ។ បុរសជនជាតិចិនដែលផ្ទុកមេរោគជំងឺ COVID-19 រូបនេះទទួលបានការជាសះស្បើយនៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ និងបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យខេត្តព្រះសីហនុនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ ។
គិតត្រឹមថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ម្សិលមិញនេះ ប្រទេសកម្ពុជាបានរកឃើញករណីវីរុសជំងឺ COVID-19 បំប្លែងខ្លួនថ្មីចំនួន២ប្រភេទរួចហើយ គឺប្រភេទ Delta និងប្រភេទ Omicron ។
រឿងរ៉ាវប្រទេសកម្ពុជាឆ្លងជំងឺ COVID-19 បានឆ្លងកាត់ព្រឹត្តិការណ៍មួយចំនួនដូចខាងក្រោម ៖
១-ព្រឹត្តការណ៍ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ (ករណីប៉ះពាល់ជាមួយគណៈប្រតិភូរដ្ឋមន្ត្រីក្រសួងការបរទេសប្រទេសហុងគ្រី) ៖ មានករណីឆ្លងចំនួន០៤នាក់ (ជនជាតិខ្មែរ ០៣នាក់ និងជនជាតិហុងគ្រី ០១នាក់) និងមានករណីជាសះស្បើយចំនួន០៤នាក់ ។
២-ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ២០២០ ៖ មានករណីឆ្លងចំនួន៤១នាក់ ជាជនជាតិខ្មែរ និងមានករណីជាសះស្បើយចំនួន៤១នាក់ ។ ព្រឹត្តិការណ៍សហគមន៍នេះត្រូវបានបិទបញ្ចប់នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ។
៣-ព្រឹត្តិការណ៍ពលករខ្មែរមកពីប្រទេសថៃ ៖ ព្រឹត្តិការណ៍បានចាប់ផ្តើមនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ។
៤-ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២០១ ៖ កាលបរិច្ឆេទចាប់ផ្តើមនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ដោយមានករណីឆ្លងចំនួន១០០ ៥៦៧នាក់ និងមានករណីស្លាប់បាត់បង់ជីវិតចំនួន៣ ០០៥នាក់ ។ ព្រឹត្តិការណ៍សហគមន៍ដ៏សោកសៅនេះត្រូវបានបិទបញ្ចប់នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ៕