ថ្ងៃ ចន្ទ ទី ១៥ ខែ សីហា ឆ្នាំ ២០២២

បិទ​តែ​មិនទាន់​ចប់ COVID-19 ! ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ២០២១ ត្រូវបាន​បិទ​បញ្ចប់​ហើយ​បន្ទាប់ពី​ញាំញី​អស់​រយៈពេល​១០​ខែ​ជាមួយ​នឹងមាន​ករណី​ស្លាប់​ជាង​៣​ពាន់​នាក់

ករណី​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ (COVID-19) នៅ​កម្ពុជា​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ២០២១​ត្រូវបាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រកាស​បិទ​បញ្ចប់​ហើយ​កាលពី​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០២១​បន្ទាប់ពី​ព្រឹត្តិការណ៍​សហ​មន៍​នេះ​បាន​ញាំញី​ការរស់នៅ និង​ជីវភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា​អស់​រយៈពេល​១០​ខែ (​ឆ្លងកាត់​ការដាក់​បម្រាម​គោចរ ការបិទ​ខ្ទប់ – Lockdown ការបិទ​សាលារៀន ការរាំងស្ទះ​អាជីវកម្ម​-​សេវាកម្ម ការព្យាបាល​ជំងឺ ការធ្វើ​ច​ត្តា​ឡី​ស័ក​-Quarantine ការជាប់គុក និង​ការបាត់បង់​ការងារ​ធ្វើ …​។​ល​។ ) ជាមួយ​នឹងមាន​ករណី​មនុស្ស​ស្លាប់បាត់​បង់ជីវិត​ចំនួន​៣ ០០៥​នាក់ ដ៏​គួរ​ឲ្យ​សោកស្តាយ​បំផុត ។​

​យោងតាម​សេចក្តី​ប្រកាសជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​បាន​បង្ហាញថា បន្ទាប់ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ប្រកាស​បិទ​បញ្ចប់​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ២០២១​កាលពី​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០២១​រួចមក កម្ពុជា​នៅមាន​ករណី​ឆ្លង​ជំងឺ COVID-19 នៅក្នុង​សហគមន៍​ចំនួន​០៦​នាក់ ( លទ្ធផល​បញ្ជា​ក់ដោយ PCR ) និង​មាន​ករណី​ស្លាប់បាត់​បង់ជីវិត​ចំនួន​០២​នាក់​ជា​បន្តបន្ទាប់​ទៀត​មិនទាន់​ចប់​ទាំងស្រុង​នៅឡើយ​ទេ​គិត​ត្រឹម​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០២១​ម្សិលមិញ​នេះ ។

​ជំងឺ​ផ្លូវដង្ហើម​បង្កដោយ​មេរោគ​វីរុស​កូ​វីដ​-១៩ (COVID-19) ត្រូវបាន​រកឃើញ​ដំបូង​នៅ​ប្រទេស​កម្ពុជា​លើ​ខ្លួន​បុរស​ជនជាតិ​ចិន​ម្នាក់​ឈ្មោះ Jia Jian Hua អាយុ​៦០​ឆ្នាំ នៅ​ខេត្ត​ព្រះសីហនុ នា​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២០ (​ធ្វើដំណើរ​ហោះ​ត្រង់​ពី​ទីក្រុង Wuhan ខេត្ត Hubei ប្រទេស​ចិន មកដល់​ខេត្ត​ព្រះសីហនុ នា​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២០) ។ បុរស​ជនជាតិ​ចិន​ដែល​ផ្ទុកមេរោគ​ជំងឺ COVID-19 រូបនេះ​ទទួល​បានការ​ជាសះស្បើយ​នៅ​ថ្ងៃទី​០៦ ខែកុម្ភៈ ឆ្នាំ​២០២០ និង​បានអនុញ្ញាត​ឲ្យ​ចាក​ចេញពី​មន្ទីរពេទ្យ​ខេត្ត​ព្រះសីហនុ​នៅ​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២០ ។

​គិត​ត្រឹម​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០២១​ម្សិលមិញ​នេះ ប្រទេស​កម្ពុជា​បាន​រកឃើញ​ករណី​វីរុស​ជំងឺ COVID-19 បំប្លែង​ខ្លួន​ថ្មី​ចំនួន​២​ប្រភេទ​រួចហើយ គឺ​ប្រភេទ Delta និង​ប្រភេទ Omicron ។

​រឿងរ៉ាវ​ប្រទេស​កម្ពុជា​ឆ្លង​ជំងឺ COVID-19 បាន​ឆ្លងកាត់​ព្រឹត្តិការណ៍​មួយចំនួន​ដូចខាងក្រោម ៖

១-​ព្រឹ​ត្ត​ការណ៍​ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០២០ (​ករណី​ប៉ះពាល់​ជាមួយ​គណៈប្រតិភូ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ប្រទេស​ហុង​គ្រី​) ៖ មាន​ករណី​ឆ្លង​ចំនួន​០៤​នាក់ (​ជនជាតិខ្មែរ ០៣​នាក់ និង​ជនជាតិ​ហុង​គ្រី ០១​នាក់​) និង​មាន​ករណី​ជាសះស្បើយ​ចំនួន​០៤​នាក់ ។​

២-​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា ២០២០ ៖ មាន​ករណី​ឆ្លង​ចំនួន​៤១​នាក់ ជា​ជនជាតិខ្មែរ និង​មាន​ករណី​ជាសះស្បើយ​ចំនួន​៤១​នាក់ ។ ព្រឹត្តិការណ៍​សហគមន៍​នេះ​ត្រូវបាន​បិទ​បញ្ចប់​នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០ ។

៣-​ព្រឹត្តិការណ៍​ពលករ​ខ្មែរ​មកពី​ប្រទេស​ថៃ ៖ ព្រឹត្តិការណ៍​បានចាប់ផ្តើម​នៅ​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២០ ។

៤-​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ២០២០១ ៖ កាលបរិច្ឆេទ​ចាប់ផ្តើម​នៅ​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២១ ដោយមាន​ករណី​ឆ្លង​ចំនួន​១០០ ៥៦៧​នាក់ និង​មាន​ករណី​ស្លាប់បាត់​បង់ជីវិត​ចំនួន​៣ ០០៥​នាក់ ។ ព្រឹត្តិការណ៍​សហគមន៍​ដ៏​សោកសៅ​នេះ​ត្រូវបាន​បិទ​បញ្ចប់​នៅ​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០២១ ៕​

Filed in: Feature, ព័ត៌មានជាតិ, សុខភាព

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.