ផ្ទៃបឹងតាមោក (បឹងកប់ស្រូវ) ស្ថិតនៅភូមិសាស្ត្ររាជធានីភ្នំពេញជាសម្បត្តិសាធារណៈរបស់រដ្ឋដែលកំណត់ដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជាលេខ២០អនក្រ.បក ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦នោះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខសម្រេចកែសម្រួល និងកាត់ផ្ទៃដីទំហំ១៤០ហិកតា ស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ចេញពីផ្ទៃបឹងតាមោកធ្វើអនុបយោគពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ព្រមទាំងប្រទានកម្មជាកម្មសិទ្ធិជូនក្រសួងយុត្តិធម៌ ដោយអនុក្រឹត្យលេខ១៩៨អនក្រ.បក ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ ។
នេះអាចចាត់ទុកថា ជាអំណោយ (កាដូ) ថ្មីមួយជូនក្រសួងយុត្តិធម៌បន្ទាប់ពីឯកឧត្តម កើត រិទ្ធ អតីតរដ្ឋលេខាធិការឡើងកាន់តំណែងជារដ្ឋមន្ត្រី ដែលទទួលបានផ្ទៃដីបឹងតាមោកចំនួន១៤០ហិកតាជាកម្មសិទ្ធិ ។
គិតត្រឹមថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ ផ្ទៃបឹងតាមោក (បឹងកប់ស្រូវ) ដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋស្ថិតនៅភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាសម្រេចកាត់ផ្ទៃដីចេញធ្វើអនុបយោគពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ និងប្រទានកម្មជូនក្រសួង ស្ថាប័នរដ្ឋ និងបុគ្គលមួយចំនួនជាកម្មសិទ្ធិហូរហែយ៉ាងហោចណាស់ប្រមាណ១០ ៤០៣ ២១៨,៥ម៉ែត្រក្រឡា (ជាង១ ០៤០ហិកតា) រួចទៅហើយ រួមមានជាអាទិ៍ ៖
១-កាត់ផ្ទៃដីទំហំ៤៥៦ ៥៥៣ម៉ែត្រក្រឡា ស្ថិតនៅភូមិព្រៃស្វាយ ភូមិត្នោតខ្ពស់ ភូមិទួល និងភូមិបឹងខ្ទំ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ឲ្យទៅឈ្មោះ ស៊ី ជិនម៉ូវ គ្រប់គ្រងជាកម្មសិទ្ធិ (អះអាងជាម្ចាស់ដីដើម) ដោយអនុក្រឹត្យលេខ១៣២អនក្រ.បក ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ ។
២-កាត់ផ្ទៃដីទំហំ២០ហិកតា ប្រទានកម្មឲ្យរដ្ឋបាលរាជធានីភ្នំពេញជាកម្មសិទ្ធិ (អះអាងថា ដើម្បីធ្វើការអភិវឌ្ឍផ្សារផ្គត់ផ្គង់បន្លែ ផ្លែឈើ និងចំណតរថយន្ត) ដោយអនុក្រឹត្យលេខ១៤៧អនក្រ.បក ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ ។
៣-កាត់ផ្ទៃដីទំហំ៤៥៧ ៨៩៣ម៉ែត្រក្រឡា ស្ថិតនៅភូមិកោះរងាង សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ឲ្យទៅឧកញ៉ា ស៊ុយ សុផាន ដែលគេស្គាល់ថា ជាអគ្គនាយិកាក្រុមហ៊ុន ផាន អ៊ីម៉ិច (បច្ចុប្បន្នមរណភាព) គ្រប់គ្រងជាកម្មសិទ្ធិ (អះអាងថា បានទិញពីប្រជាពលរដ្ឋ) ដោយអនុក្រឹត្យលេខ៦២អនក្រ.បក ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ ។
៤-កាត់ផ្ទៃដីទំហំ៧៧ ១៣៨ម៉ែត្រក្រឡា ស្ថិតនៅភូមិត្រពាំងពោធិ៍ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ឲ្យទៅឈ្មោះ ម៉ែន សុខ គ្រប់គ្រងជាកម្មសិទ្ធិ ( អះអាងថា បានទិញពីប្រជាពលរដ្ឋ) ដោយអនុក្រឹត្យលេខ៦២អនក្រ.បក ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ ។
៥-កាត់ផ្ទៃដីទំហំ៧៥ហិកតា ស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ផ្តល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបង្កើតសួន និងឧទ្យានធម្មជាតិសាធារណៈ ដោយស្មារតីលិខិតលេខ៣៦៨សជណ.មយ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០របស់ទីស្តីការគណៈរដ្ឋមន្ត្រី ។
៦-កាត់ផ្ទៃដីទំហំ៧៨ ៣១៤ម៉ែត្រក្រឡា ស្ថិតនៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ឲ្យទៅឈ្មោះ សាយ សោភា គ្រប់គ្រងជាកម្មសិទ្ធិ ដោយអនុក្រឹត្យលេខ១៧៥អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ ។
៧-កាត់ផ្ទៃដីទំហំ១៩៦ហិកតា ៥ ៦៥៩ម៉ែត្រក្រឡា ស្ថិតនៅសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ប្រទានកម្មជូនលោកស្រី អ៊ុយ បូរី និងលោកស្រី គង់ សុធី ជាកម្មសិទ្ធិ (ពន្ធ និងអាករផ្សេងៗជាបន្ទុករបស់រដ្ឋ) ដោយអនុក្រឹត្យលេខ២១២អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ។
៨-កាត់ផ្ទៃដីទំហំ២៧ ៦៥៩ម៉ែត្រក្រឡា ស្ថិតនៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ប្រទានកម្មជាកម្មសិទ្ធិជូនគ្រួសារកងរាជអាវុធហត្ថលើផ្ទៃប្រទេសចំនួន១៦គ្រួសារ ដោយអនុក្រឹត្យលេខ២១៤អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ។
៩-កាត់ផ្ទៃដីទំហំ២០ហិកតា ស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ប្រទានកម្មឲ្យក្រសួងសុខាភិបាលជាកម្មសិទ្ធិ ដោយអនុក្រឹត្យលេខ២២០អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ។
១០-កាត់ផ្ទៃដីទំហំ៤ហិកតា ស្ថិតនៅជាប់នឹងភាគខាងលិចនៃទីតាំងដីរបស់ក្រសួងយុត្តិធម៌ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ឲ្យទៅក្រសួងមុខងារសាធារណៈសម្រាប់សាងសង់អគារទីស្តីការក្រសួងមុខងារសាធារណៈ តាមស្មារតីលិខិតលេខ៦៣សជណ ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១របស់ទីស្តីការគណៈរដ្ឋមន្ត្រី ។
១១-កាត់ផ្ទៃដីទំហំ៤៦ ៤៧៧ម៉ែត្រក្រឡា ស្ថិតនៅសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ប្រគល់ជូនទៅឈ្មោះ សាយ សោភា ជាកម្មសិទ្ធិ ដោយអនុក្រឹត្យលេខ៦៤អនក្រ.បក ចុះថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ ។
១២-កាត់ផ្ទៃដីទំហំ១០០ហិកតា ស្ថិតនៅសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ប្រទានកម្មជូនក្រសួងមហាផ្ទៃជាកម្មសិទ្ធិ ដោយអនុក្រឹត្យលេខ១២៨អនក្រ.បក ចុះថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ និងអនុក្រឹត្យលេខ១៧៤អនក្រ.បក ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ។
១៣-កាត់ផ្ទៃដីទំហំ១៥០ ៦៥១ម៉ែត្រក្រឡា ស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ប្រទានកម្មជូនអគ្គស្នងការដ្ឋាននគរបាលជាតិជាកម្មសិទ្ធិ ដោយអនុក្រឹត្យលេខ១៣៨អនក្រ.បក ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ។
១៤-កាត់ផ្ទៃដីទំហំ១៨២ ៣៧២ម៉ែត្រក្រឡា ស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ប្រទានកម្មជូនអគ្គស្នងការដ្ឋាននគរបាលជាតិជាកម្មសិទ្ធិ ដោយអនុក្រឹត្យលេខ១៤០អនក្រ.បក ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ។
១៥-កាត់ផ្ទៃដីទំហំ៧៤ ៨៥៥ម៉ែត្រក្រឡា ស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ប្រទានកម្មជូនប្រជាពលរដ្ឋចំនួន២៣គ្រួសារ តំណាងដោយលោក ភីន ភី និងលោក ស៊ុំ ផល ជាកម្មសិទ្ធិ (ពន្ធ និងអាករផ្សេងៗជាបន្ទុករបស់រដ្ឋ) ដោយអនុក្រឹត្យលេខ១៤២អនក្រ.បក ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ។
១៦-កាត់ផ្ទៃដីទំហំ៣៥៩ ៧២៧,៥ម៉ែត្រក្រឡា ស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ប្រទានកម្មជូនឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា, ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន, ឯកឧត្តមឧត្តមសេនីយ៍ឯក យ៉ា គឹមអ៊ី, លោកឧត្តមសេនីយ៍ទោ សៀ សម្បត្តិ និងលោក ប៉ោ ម៉េង ជាកម្មសទ្ធិ (ពន្ធ និងអាករផ្សេងៗជាបន្ទុករបស់រដ្ឋ) ដោយអនុក្រឹត្យលេខ១៦៩អនក្រ.បក ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ។
១៧-កាត់ផ្ទៃដីទំហំ៤៧៨ ២៧៤ម៉ែត្រក្រឡា ស្ថិតនៅភូមិត្រពាំងពោធិ៍ និងភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ប្រគល់ជូនឈ្មោះ សាយ សោភា ជាកម្មសិទ្ធិ ដោយអនុក្រឹត្យលេខ១៧៥អនក្រ.បក ចុះថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ ។
១៨-កាត់ផ្ទៃដីទំហំ៤៣ ៩៤៦ម៉ែត្រក្រឡា ស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ប្រទានកម្មជាកម្មសិទ្ធិជូនលោកស្រី លន់ ណារី (ពន្ធ និងអាករផ្សេងៗជាបន្ទុករបស់រដ្ឋ) ដោយអនុក្រឹត្យលេខ១៧៦អនក្រ.បក ចុះថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ ។
១៩-កាត់ផ្ទៃដីទំហំ២៨៥ ០០០ម៉ែត្រក្រឡា ស្ថិតនៅសង្កា់តគោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ប្រទានកម្មជាកម្មសិទ្ធិជូនលោក លន់ ហាក់ និងអ្នកស្រី ឈុន ចាន់ធី (ពន្ធ និងអាករផ្សេងៗជាបន្ទុករបស់រដ្ឋ) ដោយអនុក្រឹត្យលេខ១៧៧អនក្រ.បក ចុះថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ ។
២០-កាត់ផ្ទៃដីទំហំ៥៥ហិកតា ស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ប្រទានកម្មជាកម្មសិទ្ធិជូនរដ្ឋបាលរាជធានីភ្នំពេញ ដោយអនុក្រឹត្យលេខ១៨៨អនក្រ.បក ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ។
២១-កាត់ផ្ទៃដីទំហំ១០០ហិកតា ស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ប្រទានកម្មជាកម្មសិទ្ធិជូនក្រសួងសុខាភិបាល ដោយអនុក្រឹត្យលេខ១៨៩អនក្រ.បក ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ។
២២-កាត់ផ្ទៃដីទំហំ១៤០ហិកតា ស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ប្រទានកម្មជាកម្មសិទ្ធិជូនក្រសួងយុត្តិធម៌ ដោយអនុក្រឹត្យលេខ១៩៨ អនក្រ.បក ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ ។
២៣-កាត់ផ្ទៃដីទំហំ៥៧៨ ៧០០ម៉ែត្រក្រឡា ស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ប្រទានកម្មជាកម្មសិទ្ធិជូនលោក សេង ឡុង ដែលពន្ធ និងអាករផ្សេងៗជាបន្ទុករបស់រដ្ឋ ដោយអនុក្រឹត្យលេខ១៩៩អនក្រ.បក ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ ៕