សារព័ត៌មាន Sputnik របស់រុស្ស៊ី បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១នេះ ដោយដកស្រង់ពីការថ្លែងរបស់លោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី ឲ្យដឹងថា រុស្ស៊ី មានអាវុធមីស៊ីលប្រភេទ Hypersonic Cruise Missile ឈ្មោះ Zircon ដែលជាអាវុធមីស៊ីលមានល្បឿនលឿនជាងសំឡេង ឈានមុខគេនៅលើពិភពលោក ។
ប្រធានាធិបតីរុស្ស៊ី បានប្រកាសឲ្យដឹងថា អាវុធមីស៊ីល ដែលមានល្បឿនលឿនជាងសំឡេង Zircon នឹងបំពាក់ឲ្យកងទ័ពជើងទឹករុស្ ស៊ីប្រើប្រាស់នៅឆ្នាំ២០២២ខាងមុខនេះ បន្ទាប់ពីបានធ្វើតេស្តប្រកបដោយជោគជ័យនូវប្រសិទ្ធភាពរបស់វា រួចមក ។
អាវុធមីស៊ីលប្រភេទ Hypersonic Cruise Missile ឈ្មោះ 3M22 Zircon ឬអង្គការ NATO ហៅថា SS-N-33 ជាប្រភេទអាវុធមីស៊ីល ដែលផលិតឡើងដោយមហាអំណាចយោធារុស្ស៊ី នាពេលថ្មីៗនេះ ដែលអាចបាញ់ចេញពីនាវាមុជទឹក ឬនាវាចម្បាំងក្នុងរយៈចម្ងាយប្រមាណ ១ ០០០គីឡូម៉ែត្រ ជាមួយនឹងកម្រិតល្បឿនដ៏លឿនប្រមាណពី៩ ៨០០គីឡូម៉ែត្រ ទៅ១១ ០២៥គីឡូម៉ែត្រ ក្នុងមួយម៉ោង ។ អាវុធមីស៊ីលប្រភេទនេះ អាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរក្នុងកម្រិតទម្ងន់ពី ៣០០គីឡូក្រាម ទៅ ៤០០គីឡូក្រាម ។
ការអួតអាងអំពីអាវុធមីស៊ីលរបស់មហាអំណាចយោធារុស្ស៊ី ដូច្នេះ គឺខណៈរុស្ស៊ី ដែលមានប្រជាពលរដ្ឋចំនួនជាង១៤៦លាននាក់នោះ បើតាមប្រភពរបស់ Worldometer គិតត្រឹមថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១នេះ មានករណីឆ្លងជំងឺកូវីដ-១៩ (COVID-19) ចំនួន ១០ ០៤៥ ៤៥៤នាក់ ( ជាប់លំដាប់ទី៥ នៅលើពិភពលោក ) និងមានអ្នកស្លាប់បាត់បង់ជីវិតចំនួន ២៩០ ៦០៤នាក់ ៕