សារព័ត៌មាន Sputnik របស់រុស្ស៊ីបានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១នេះដោយដកស្រង់ពីការថ្លែងរបស់លោក Vladimir Putin ប្រធានាធិបតីរុស្ស៊ីឲ្យដឹងថា រុស្ស៊ីមានអាវុធមីស៊ីលប្រភេទ Hypersonic Cruise Missile ឈ្មោះ Zircon ដែលជាអាវុធមីស៊ីលមានល្បឿនលឿនជាងសំឡេងឈានមុខគេនៅលើពិភពលោក ។
ប្រធានាធិបតីរុស្ស៊ីបានប្រកាសឲ្យដឹងថា អាវុធមីស៊ីលដែលមានល្បឿនលឿនជាងសំឡេង Zircon នឹងបំពាក់ឲ្យកងទ័ពជើងទឹករុស្ស៊ីប្រើប្រាស់នៅឆ្នាំ២០២២ខាងមុខនេះ បន្ទាប់ពីបានធ្វើតេស្តប្រកបដោយជោគជ័យនូវប្រសិទ្ធភាពរបស់វារួចមក ។
អាវុធមីស៊ីលប្រភេទ Hypersonic Cruise Missile ឈ្មោះ 3M22 Zircon ឬអង្គការ NATO ហៅថា SS-N-33 ជាប្រភេទអាវុធមីស៊ីលដែលផលិតឡើងដោយមហាអំណាចយោធារុស្ស៊ីនាពេលថ្មីៗនេះ ដែលអាចបាញ់ចេញពីនាវាមុជទឹក ឬនាវាចម្បាំងក្នុងរយៈចម្ងាយប្រមាណ ១ ០០០គីឡូម៉ែត្រ ជាមួយនឹងកម្រិតល្បឿនដ៏លឿនប្រមាណពី៩ ៨០០គីឡូម៉ែត្រ ទៅ១១ ០២៥គីឡូម៉ែត្រក្នុងមួយម៉ោង ។ អាវុធមីស៊ីលប្រភេទនេះអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរក្នុងកម្រិតទម្ងន់ពី៣០០គីឡូក្រាម ទៅ៤០០គីឡូក្រាម ។
ការអួតអាងអំពីអាវុធមីស៊ីលរបស់មហាអំណាចយោធារុស្ស៊ីដូច្នេះ គឺខណៈរុស្ស៊ីដែលមានប្រជាពលរដ្ឋចំនួនជាង១៤៦លាននាក់នោះ បើតាមប្រភពរបស់ Worldometer គិតត្រឹមថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១នេះមានករណីឆ្លងជំងឺកូវីដ-១៩ (COVID-19) ចំនួន១០ ០៤៥ ៤៥៤នាក់ (ជាប់លំដាប់ទី៥នៅលើពិភពលោក) និងមានអ្នកស្លាប់បាត់បង់ជីវិតចំនួន២៩០ ៦០៤នាក់ ៕