ដូចប្រិយមិត្តអ្នកអានបានជ្រាបរួចហើយតាមរយៈការផ្សព្វផ្សាយរបស់គេហទំព័រសារព័ត៌មានដើមត្នោតនាពេលកន្លងមកបានលាតត្រដាងឲ្យឃើញថា ពាក់ព័ន្ធនឹងសំណុំរឿងក្តីវិវាទផ្ទៃក្នុងរ៉ាំរៃរបស់ម្ចាស់ភាគហ៊ុននៃក្រុមហ៊ុន Victoria Angkor Company Limited សរសេរកាត់ថា (VAK) ដែលវិនិយោគលើសេវាកម្មសណ្ឋាគារលំដាប់ផ្កាយ៥មួយឈ្មោះ Victoria Angkor Resort & Spa នៅខេត្តសៀមរាបនោះ គឺបុរសជនជាតិបារាំងឈ្មោះ Pirre Ader ជាម្ចាស់ភាគហ៊ុនតូចនៅក្នុងក្រុមហ៊ុន VAk (មានភាគហ៊ុនចំនួន០២%) រួមដៃជាមួយបុរសវ័យចំណាស់ជនជាតិបារាំងម្នាក់ទៀតឈ្មោះ Bernard Gauthier ជាម្ចាស់ភាគហ៊ុនតូចចំនួន២៣% ក្នុងក្រុមហ៊ុន VAK ជា «មេនាំភ្លើងប្តឹងហើយប្តឹងទៀត» ប្រឆាំងនឹងលោក Francois Gontier ជាអ្នកតំណាងឲ្យម្ចាស់ភាគហ៊ុនធំចំនួន៧៥%ក្នុងក្រុមហ៊ុន VAK ទាំងសំណុំរឿងរក្សាការពារ ទាំងសំណុំរឿងរដ្ឋប្បវេណី (អង្គសេចក្តី) ទាំងសំណុំរឿងព្រហ្មទណ្ឌ រហូតធ្វើឲ្យក្រុមហ៊ុន VAK គ្មានឱកាស និងលទ្ធភាពអភិវឌ្ឍន៍ខ្លួនបានឡើយ ឬនិយាយតាមរបៀបសាមញ្ញមួយបែបទៀតថា ដំណើរការងើបក្បាលមិនរួច ហើយសល់តែបំណុល (សូមអានការផ្សព្វផ្សាយរបស់គេហទំព័រសារព័ត៌មានដើមត្នោត ចុះថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១បន្ថែម) ។
គ្រប់ពាក្យបណ្តឹងរបស់បុរសឈ្មោះ Pierre Ader ដែលប្តឹងប្រឆាំងនឹងលោក Francois Gontier ចាប់តាំងពីអំឡុងឆ្នាំ២០០៩រហូតដល់ចុងឆ្នាំ២០១៨ (ដំណើរការនីតិវិធីរឿងក្តីអស់រយៈពេលប្រមាណជាង៩ឆ្នាំ) នៅទីបំផុតគឺសុទ្ធតែទទួលបានលទ្ធផល «បរាជ័យ» ទាំងអស់ ។ លើសពីនេះ ទាំងបុរសឈ្មោះ Bernard Gauthier (ម្ចាស់ភាគហ៊ុនចំនួន២៣%) ទាំងបុរសឈ្មោះ Pierre Ader (ម្ចាស់ភាគហ៊ុនចំនួន០២%) ត្រូវបានស្ថាប័នតុលាការនៃព្រះរាជាណាចក្រកម្ពុជាវិនិច្ឆ័យសេចក្តីសម្រេចបញ្ឈប់ភាគហ៊ុនពីក្នុងក្រុមហ៊ុន VAK ទាំងស្រុង ហើយប្រគល់សិទ្ធិឲ្យលោក Francois Gontier គ្រប់គ្រងក្រុមហ៊ុន VAK បន្ត តាមអំណាចសាលដីការដ្ឋប្បវេណីលេខ៣៧២(ឈ) ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ របស់តុលាការកំពូល ។ ទោះយ៉ាងណាក្តី ក្រុមហ៊ុន VAK មិនទាន់ទទួលបាននូវការធ្វើបច្ចុប្បន្នភាពចុះបញ្ជីរបស់ខ្លួននៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងនៅក្រសួងពាណិជ្ជកម្ម (MOC) ជាផ្លូវការនៅឡើយ ចាប់តាំងពីអំឡុងឆ្នាំ២០០៣រហូតមកដល់បច្ចុប្បន្ននេះដោយសារមានបណ្តឹងទប់ស្កាត់ពីសំណាក់បុរសឈ្មោះ Pierre Ader ។
ទាក់ទងនឹងពាក្យបណ្តឹងចុះថ្ងៃទី២១ ខែសីហា ឆ្នាំ២០០៩របស់បុរសឈ្មោះ Pierre Ader ដែលប្តឹងប្រឆាំងនឹងលោក Francois Gontier ចោទប្រកាន់ពីបទរំលោភលើទំនុកចិត្តនោះ ត្រូវបានស្ថាប័នតុលាការកំពូលវិនិច្ឆ័យសេចក្តីសម្រេចឲ្យលោក Francois Gontier រួចផុតពីបទចោទប្រកាន់ជាស្ថាពរ តាមអំណាចសាលដីកាព្រហ្មទណ្ឌលេខ៣៩០ ចុះថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ ។ មិនតែប៉ុណ្ណោះ ពាក់ព័ន្ធនឹងពាក្យបណ្តឹងរបស់បុរសឈ្មោះ Pierre Ader ដែលប្តឹងប្រឆាំងនឹងលោក Francois Gontier ចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌនេះដែរ ធ្លាប់ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ បានសម្រេចបញ្ឈប់សំណុំរឿងក្តីព្រហ្មទណ្ឌ និងទុកលទ្ធភាពឲ្យគូភាគីប្តឹងផ្តល់គ្នាក្នុងរឿងវិវាទពាណិជ្ជកម្មជារឿងរដ្ឋប្បវេណីវិញ តាមស្មារតីលិខិតលេខ៣៦៣សជណ ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៥ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ។
កិច្ចអន្តរាគមន៍របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងសំណុំរឿងព្រហ្មទណ្ឌនៅស្ថាប័នតុលាការដែលកើតចេញពីពាក្យបណ្តឹងចោទប្រកាន់របស់បុរសម្ចាស់ភាគហ៊ុនតូចក្នុងក្រុមហ៊ុន VAK ឈ្មោះ Pierre Ader តាមស្មារតីលិខិតលេខ៦៦៣សជណ ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៥របស់ទីស្តីការគណៈរដ្ឋមន្ត្រីនោះ បានធ្វើឲ្យបុរសឈ្មោះ Pierre Ader ដែលធ្លាប់មានទំនាក់ទំនងល្អជាមួយមន្ត្រីមានអំណាច និងមានឥទ្ធិពលស្ថិតនៅ «ក្រោមក្លៀកសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី» ខ្លះ សម្តែងនូវការក្តៅក្រហាយយ៉ាងខ្លាំងក្លារហូតឈានទៅធ្វើសកម្មភាព «សម្អុយកេរ្តិ៍ឈ្មោះរាជរដ្ឋាភិបាលកម្ពុជា» ដល់ប្រទេសបារាំងយ៉ាងសកម្មទៀតផង ។
ប្រភពស្និទ្ធនឹងសមាជិកម្ចាស់ភាគហ៊ុនមួយចំនួននៃក្រុមហ៊ុន Electricite et Eaux de Madagascar សរសេរកាត់ថា (EEM) ដែលចុះបញ្ជីពាណិជ្ជកម្មនៅប្រទេសបារាំង និងជាក្រុមហ៊ុនមានម្ចាស់ភាគហ៊ុនធំចំនួន៧៥%នៅក្នុងក្រុមហ៊ុន VAK ចុះបញ្ជីពាណិជ្ជកម្មក្រោមច្បាប់នៃព្រះរាជាណាចក្រកម្ពុជានោះបានឲ្យដឹងថា នៅទឹកដីប្រទេសបារាំង បុរសឈ្មោះ Pierre Ader បានសម្អុយកេរ្តិ៍ឈ្មោះ រាជរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធនឹងកិច្ចអន្តរាគមន៍របស់រាជរដ្ឋាភិបាលកម្ពុជា តាមស្មារតីលិខិតលេខ៦៦៣សជណ ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៥របស់ទីស្តីការគណៈរដ្ឋមន្ត្រីថា រំលោភលើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមន្ត្រីរាជការសាធារណៈនៅប្រទេសកម្ពុជាប្រព្រឹត្តអំពើពុករលួយទទួលប្រាក់សំណូកចំនួន១លានដុល្លារអាមេរិកពីលោក Francois Gontier (Sic!) ។
ប្រការគួរឲ្យចាប់អារម្មណ៍ផង និងហួសចិត្តបំផុតផងនោះ គឺនៅត្រង់ថា ទោះបីបុរសឈ្មោះ Pierre Ader បានធ្វើសកម្មភាពសម្អុយកេរ្តិ៍ឈ្មោះរាជរដ្ឋាភិបាលកម្ពុជានៅលើទឹកដីប្រទេសបារាំងពេញបន្ទុកពាក់ព័ន្ធនឹងកិច្ចអន្តរាគមន៍របស់រាជរដ្ឋាភិបាលកម្ពុជាយ៉ាងណាក្តី បែរជាមានមន្ត្រីមានឥទ្ធិពល និងមានអំណាចស្ថិត «ក្រោមក្លៀកសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី» មួយចំនួនប្រឹងប្រែង «អែបអប» ឈ្មួញជនជាតិបារាំងរូបនេះយ៉ាងសកម្ម (បុរសឈ្មោះ Pierre Ader មិនត្រឹមតែជាម្ចាស់ភាគហ៊ុនតូចនៅក្នុងក្រុមហ៊ុន VAK ប៉ុណ្ណោះទេ គឺជាអភិបាលក្រុមហ៊ុន Fine Sky Investment Cambodia Limited មានទីតាំងស្ថិតនៅរាជធានីភ្នំពេញ និងជាម្ចាស់ភាគហ៊ុននៃក្រុមហ៊ុន Heritage Ltd. ដែលវិនិយោគលើសេវាកម្មសណ្ឋាគារឈ្មោះ Heritage Suite Hotel ស្ថិតនៅខេត្តសៀមរាប ទៀតផង) ទៅវិញ (Resic!) ។
មជ្ឈដ្ឋានអ្នកច្បាប់ឯករាជ និងអ្នកវិភាគកិច្ចការសង្គមនៅកម្ពុជាបានបញ្ចេញទស្សនៈថា អនុលោមតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា គឺស្ថាប័ននីតិប្រតិបត្តិ (រាជរដ្ឋាភិបាល) មិនអាចជ្រៀតជ្រែកចូល ឬរំលោភលើឯករាជ្យភាពនៃអំណាចតុលាការបានទេ ប៉ុន្តែប្រាកដណាស់ប្រមុខរាជរដ្ឋាភិបាលអាចធ្វើយុត្តិសាស្ត្រ (នយោបាយយុត្តិធម៌) ដើម្បីសើរើស្វែងរកយុត្តិធម៌ជូនភាគីណាមួយដែលរងអំពើអយុត្តិធម៌ ជាពិសេសរួមទាំងវិនិយោគិនបរទេសសុចរិតផង (តាមស្មារតីលិខិត សជណ របស់ទីស្តីការគណៈរដ្ឋមន្ត្រី) បាន ។ លើសពីនេះ ភាគីឈ្មោះ Pierre Ader បានសម្អុយកេរ្តិ៍ឈ្មោះរាជរដ្ឋាភិបាលកម្ពុជាទៅហើយៗក៏មានន័យថា ឈ្មោះ Pierre Ader បានសម្អុយកេរ្តិ៍ឈ្មោះស្ថាប័នតុលាការកម្ពុជាផងដែរ ពីព្រោះស្ថាប័នតុលាការកំពូលបានវិនិច្ឆ័យសេចក្តីសម្រេចឲ្យលោក Francois Gontier បានរួចផុតពីបទចោទប្រកាន់ជាស្ថាពរ តាមអំណាចសាលដីកាព្រហ្មទណ្ឌលេខ៣៩០ ចុះថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ ។
អ្នកវិភាគកិច្ចការសង្គមនៅកម្ពុជា និងអ្នកតាមដានសំណុំរឿងក្តីពាក់ព័ន្ធនឹងវិវាទផ្ទៃក្នុងក្រុមហ៊ុន VAK ដ៏រ៉ាំរៃនោះ បានសំណូមពរចំពោះឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម មេត្តាត្រួតពិនិត្យមើលសកម្មភាពរបស់បុរសពាណិជ្ជករជនជាតិបារាំងឈ្មោះ Pierre Ader ដែលព្យាយាមសម្អុយកេរ្តិ៍ឈ្មោះរាជរដ្ឋាភិបាលកម្ពុជា និងស្ថាប័នតុលាការនៃព្រះរាជាណាចក្រកម្ពុជាផង ៕